“តើមានគេអធិស្ឋានឲ្យបងទេ?” នេះជាសំណួរមួយ ក្នុងចំណោមសំណួរដំបូងគេ ដែលបេសកជនម្នាក់បានចោទសួរភរិយាគាត់ ពេលណាគេអនុញ្ញាតឲ្យនាង ចូលសួរសុខទុក្ខគាត់ ក្នុងគុក។ គេបានចោទបង្ខូចគាត់ ហើយក៏បានចាប់គាត់ដាក់គុក អស់ពីរឆ្នាំ ដោយសារជំនឿរបស់គាត់។ ជីវិតរបស់គាត់ស្ថិតក្នុងគ្រោះថ្នាក់ ជាញឹកញាប់ ដោយសារតែស្ថានភាពដ៏អាក្រក់ និងការបៀតបៀន នៅក្នុងគុក ហើយអ្នកជឿព្រះ នៅទូទាំងពិភពលោក បាននាំគ្នាអធិស្ឋានឲ្យគាត់ អស់ពីចិត្ត។ គាត់ចង់ឲ្យពួកគេ នៅតែបន្តអធិស្ឋានឲ្យគាត់ ព្រោះគាត់ជឿថា ព្រះជាម្ចាស់កំពុងតែប្រើការអធិស្ឋានរបស់ពួកគេ តាមរបៀបដ៏មានអំណាចចេស្តា។
ការអធិស្ឋានឲ្យអ្នកដទៃ ជាពិសេស អ្នកដែលកំពុងទទួលរងការបៀតបៀនដោយសារជំនឿ គឺជាអំណោយដ៏សំខាន់ សម្រាប់ពួកគេ។ សាវ័កប៉ុលបានមានប្រសាសន៍យ៉ាងច្បាស់ អំពីរឿងនេះ ពេលដែលគាត់សរសេរសំបុត្រផ្ញើទៅគ្រីស្ទបរិស័ទ នៅទីក្រុងកូរិនថូស អំពីទុក្ខលំបាក ដែលគាត់បានជួបប្រទះ ក្នុងអំឡុងពេលដែលគាត់កំពុងធ្វើដំណើរបេសកកម្ម។ កាលនោះ គាត់កំពុងតែស្ថិតនៅក្រោមសម្ពាធធ្ងន់ណាស់ បានជាគាត់មិនសង្ឃឹមថា នឹងនៅមានជីវិតរស់ឡើយ(២កូរិនថូស ១:៨)។ ប៉ុន្តែ បន្ទាប់មក គាត់បានប្រាប់ពួកគេថា ព្រះទ្រង់បានរំដោះគាត់ឲ្យរួចពីទុក្ខលំបាកនោះ ហើយគាត់បានរៀបរាប់ថា “យើងខ្ញុំសង្ឃឹមថា ទ្រង់នឹងប្រោសឲ្យរួចទៅមុខទៀតដែរ ដោយអ្នករាល់គ្នាខំប្រឹងជួយអង្វរជួសយើងខ្ញុំផង”(ខ.១០-១១)។ ដូចនេះ ព្រះទ្រង់បានការអធិស្ឋាន ជាឧបករណ៍ ដើម្បីរំដោះយើងរាល់គ្នាឲ្យរួចពីទុក្ខលំបាក។
ព្រះជាម្ចាស់ធ្វើការ តាមរយៈការអធិស្ឋានរបស់យើង ដើម្បីសម្រេចកិច្ចការដ៏អស្ចារ្យ ក្នុងជីវិតរបស់រាស្រ្តព្រះអង្គ។ វិធីមួយ ក្នុងចំណោមវិធីល្អបំផុត ដើម្បីស្រឡាញ់អ្នកដទៃ គឺត្រូវអធិស្ឋានឲ្យពួកគេ ព្រោះតាមរយៈការអធិស្ឋានរបស់យើង យើងកំពុងតែបើកទ្វារឲ្យគេទទួលទទួលជំនួយ ដែលមានតែព្រះទេដែលអាចប្រទានឲ្យបាន។ ពេលណាយើងអធិស្ឋានឲ្យអ្នកដទៃ គឺមានន័យថា យើងកំពុងតែស្រឡាញ់ពួកគេ ដោយពឹងអាងកម្លាំងព្រះអង្គ។ គ្មាននរណាធំប្រសើរជាង ឬមានក្តីស្រឡាញ់ជាងព្រះអង្គនោះឡើយ។ —James Banks