ពេល​ដែល​លោក​យ៉ូហាន​នេស ហ្គូធិនបឺក(Johannes Gutenberg) បាន​ធ្វើ​ការ​រួម​ផ្សំ​គ្នា រវាង​គ្រាប់​ពុម្ភ​អក្សរ និង​ឧបករណ៍​សង្កត់​ពុម្ភ នៅ​ឆ្នាំ​១៤៥០ គាត់​ក៏​បាន​នាំ​សង្គម​លោក​ខាង​លិច ចូល​ទៅ​ក្នុង​យុគសម័យ​នៃ​ការ​ទំនាក់​ទំនង​សាធារណៈ​ទ្រង់​ទ្រាយ​ធំ ដោយ​ផ្សព្វ​ផ្សាយ​នូវ​ការ​រៀន​សូត្រ ចូល​ទៅ​ក្នុង​ពិភព​នៃ​សង្គម​ថ្មី។ ការ​ចេះ​អាន និង​ចេះ​សសេរ​ក៏​មាន​ការ​រីក​លូតលាស់​ទូទាំង​ពិភព​លោក ហើយ​គំនិត​ថ្មី​ៗ​បាន​នាំ​ឲ្យ​មាន​ការ​ផ្លាស់​ប្តូរ​ដ៏​ឆាប់​រហ័ស នៅ​ក្នុង​បរិបទ​នៃ​សង្គម និង​សាសនា។ លោក​ហ្គូធិនបឺក ក៏​បាន​ក្លាយ​ជា​មនុស្ស​ដំបូង​គេ ដែល​ធ្វើ​ការ​បោះ​ពុម្ភ​ព្រះ​គម្ពីរ​ប៊ីប។ កាល​ពី​មុន គេ​ត្រូវ​ចម្លង​ព្រះ​គម្ពីរ​ប៊ីប​យ៉ាងហត់​នឿយ​យ៉ាង​ខ្លាំង ដោយ​ដៃ​ផ្ទាល់ ដោយ​ចំណាយ​ពេល​ជិត​១​ឆ្នាំ ទំរាំ​តែ​ចម្លង​បាន​ព្រះ​គម្ពីរ​មួយ​ក្បាល។​

ជា​ច្រើន​សតវត្សរ៍​ក្រោយ​មក ម៉ាស៊ីន​បោះ​ពុម្ភ​បាន​ផ្តល់​ឲ្យ​យើង នូវ​ឯក​សិទ្ធិ នៅ​ក្នុង​ការ​មើល​ព្រះ​គម្ពីរ​ប៊ីប​ ផ្ទាល់​ៗ​ខ្លួន។ សព្វ​ថ្ងៃ​នេះ យើង​អាច​មាន​ព្រះ​គម្ពីរ​ប្រភេទ​អេឡិច​ត្រូនិច​មើល នៅ​ក្នុង​ទូរស័ព្ទ​ស្មាត​ហ្វូន​របស់​យើង ខណៈ​ពេល​ដែល​មនុស្ស​ជា​ច្រើននៅ​តែ​បន្ត​កាន់​ព្រះ​គម្ពីរ​ប៊ីប​ក្រដាស់​នៅ​ក្នុង​ដៃ ដោយ​សារ​តែ​ការ​ច្នៃ​បង្កើត​របស់​គាត់។ យើង​អាច​បើក​ព្រះ​គម្ពីរ​ប៊ីប​មើល​ជា​រៀងរាល់​ថ្ងៃ គឺ​ខុស​ពី​សម័យ​មុន ដែល​មនុស្ស​ពិបាក​រក​ព្រះ​គម្ពីរ​អាន ដោយ​សារ​ការ​ចម្លង​ព្រះ​គម្ពីរ​ត្រូវ​ចំណាយ​ពេល​វេលា និង​ថវិការ​ដ៏​ច្រើន​សណ្ឋឹក។

ការ​មាន​ឱកាស​ទទួល​សេចក្តី​ពិត​របស់​ព្រះ​ជា​ម្ចាស់ នៅ​ក្នុង​ព្រះ​គម្ពីរ គឺ​ជា​ឯក​សិទ្ធិ​ដ៏​អស្ចារ្យ។ អ្នក​និពន្ធ​កណ្ឌ​គម្ពីរ​សុភាសិត​បាន​រៀប​រាប់​ថា ការ​បង្រៀន​របស់​ព្រះ​​អង្គ ក្នុង​ព្រះ​គម្ពីរ គឺជា​អ្វី​ដែល​យើង​ត្រូវ​ឱប​ក្រសោប​យក “ដូច​ប្រស្រី​ភ្នែក​របស់​យើង”(សុភាសិត ៧:២) ហើយ​យើង​ត្រូវ​កត់​ព្រះ​បន្ទូល​នៃ​ប្រាជ្ញា​របស់​ព្រះ​អង្គ នៅ​ក្នុង​ដួង​ចិត្ត​យើង(ខ.៣)។ ខណៈ​ពេល​ដែល​យើង​ព្យាយាម​សិក្សា​ព្រះ​គម្ពីរ ហើយ​រស់​នៅ តាម​ប្រាជ្ញា​របស់​ព្រះ​គម្ពីរ នោះ​មាន​ន័យ​ថា យើង​កំពុង​តែ​កត់​សេចក្តី​ពិត​របស់​ព្រះ នៅក្នុង​ចិត្ត​យើង សម្រាប់​ឲ្យ​យើង​បើក​មើល​នៅ​គ្រប់​ទី​កន្លែង។​—Kirsten Holmberg