កាលពីក្មេង អ្នកស្រីអ៊ែរៀន អាបបេឡា(Arianne Abela) ដែលជាអ្នកដឹកនាំក្រុមចម្រៀង បានអង្គុយពីលើប្រអប់ដៃរបស់គាត់ ដើម្បីលាក់កុំឲ្យគេឃើញ។ គាត់មានម្រាមដៃជាប់គ្នាពីកំណើត នៅលើដៃទាំងសងខាង ហើយគាត់មិនមានជើងខាងឆ្វេងទេ។ ជើងខាងស្តាំរបស់គាត់ក៏មិនមានម្រាមគ្រប់ដែរ។ ក្នុងនាមជាអ្នកស្រឡាញ់តន្រ្តី និងជាអ្នកចម្រៀងសម្លេងតូច គាត់មានគម្រោងចូលរៀនជំនាញរដ្ឋបាលសាធារណៈ នៅមហាវិទ្យាល័យស្ម៊ីត។ ប៉ុន្តែ ថ្ងៃមួយ គ្រូបង្រៀនក្រុមចម្រៀងរបស់គាត់ បានឲ្យគាត់ដឹកនាំក្រុមចម្រៀង ដូចនេះ គេក៏បានឃើញដៃរបស់គាត់យ៉ាងងាយ។ ចាប់តាំងពីពេលនោះមក គាត់ក៏បានរកឃើញអាជីពរបស់គាត់ នៅក្នុងវិស័យតន្រ្តី ដោយទៅដឹកនាំក្រុមចម្រៀង និងធ្វើការជាអ្នកដឹកនាំក្រុមចម្រៀង នៅសកលវិទ្យាល័យមួយទៀត។ អ្នកស្រីអ័បេឡាក៏បានពន្យល់ថា “គ្រូបង្រៀនរបស់ខ្ញុំ បានមើលឃើញអ្វីមួយ នៅក្នុងខ្ញុំ។
រឿងរបស់គាត់បានលើកទឹកចិត្តអ្នកជឿទាំងឡាយ ឲ្យសួរខ្លួនឯងថា តើព្រះ ដែលជាគ្រូបង្រៀនដ៏បរិសុទ្ធរបស់យើង បានទតឃើញអ្វី នៅក្នុងយើង ទោះយើងមានចំណុចខ្វះខាតយ៉ាងណាក៏ដោយ? ជាការពិតណាស់ ព្រះអង្គទតឃើញអង្គទ្រង់ នៅក្នុងយើងម្នាក់ៗ លើសពីអ្វីៗទាំងអស់។ គឺដូចមានសេចក្តីចែងថា “ទ្រង់ក៏បង្កើតមនុស្សឲ្យដូចរូបអង្គទ្រង់ គឺបានបង្កើតគេឲ្យចំនឹងរូបអង្គទ្រង់នោះឯង ក៏បង្កើតគេឡើងជាប្រុសជាស្រី”(លោកុប្បត្តិ ១:២៧)។
ក្នុងនាមយើងជាអ្នកដែលព្រះបានបង្កើតឲ្យ “ចំនឹងរូបអង្គទ្រង់” យើងគួរតែឲ្យអ្នកដទៃមើលឃើញព្រះអង្គ នៅក្នុងយើងផងដែរ។ សម្រាប់អ្នកស្រីអ័បេឡា នាងគិតថា គេបានមើលឃើញព្រះយេស៊ូវ ជាសំខាន់បំផុត នៅក្នុងនាង គឺមិនមែនមើលឃើញដៃ ដែលមានម្រាមមិនគ្រប់នោះទេ។ អ្នកជឿទាំងអស់ក៏ត្រូវមានលក្ខណៈដូចនេះផងដែរ។ គឺដូចបទគម្ពីរ ២កូរិនថូស ៣:១៨ បានចែងថា “យើងរាល់គ្នាទាំងអស់ ដែលកំពុងតែរំពឹងមើលសិរីល្អព្រះអម្ចាស់ ទាំងមុខទទេ ដូចជាឆ្លុះមើលទ្រង់ក្នុងកញ្ចក់ យើងកំពុងតែផ្លាស់ប្រែទៅ ឲ្យដូចជារូបឆ្លុះនោះឯង ពីសិរីល្អទៅដល់សិរីល្អ គឺដោយសារព្រះអម្ចាស់ដ៏ជាព្រះវិញ្ញាណ”។
យើងក៏អាចរស់នៅ ដោយអំណាចរបស់ព្រះយេស៊ូវ ដែលធ្វើឲ្យជីវិតផ្លាស់ប្រែ គឺមិនខុសពីអ្នកស្រីអ័បេឡាឡើយ(ខ.១៨) ដោយរស់នៅមានទីបន្ទាល់ល្អ ដូចជាសម្លេងចម្រៀងនៃជីវិត ដែលបន្លឺឡើង ដើម្បីថ្វាយសិរីល្អដល់ព្រះ។—Patricia Raybon