កាលលោកជីម វ៉ាយ(Jim White) កំពុងតែធ្វើដំណើរ នៅក្នុងវាលរហោស្ថាន ជីហួហួន នៅចុងទសវត្សរ៍ឆ្នាំ ១៨០០ គាត់បានឃើញផ្សែងកំពុងតែហុយឡើងទៅលើមេឃដូចពពក មើលទៅដូចជាចម្លែកណាស់។ គាត់សង្ស័យថា ភ្លើងឆេះព្រៃប្រហែលជាកំពុងតែកើតមាននៅកន្លែងណាមួយហើយ។ អ្នកឃ្វាលគោវ័យក្មេងនេះ ក៏បានជិះសេះសំដៅទៅរកប្រភពផ្សែងនោះ ហើយក៏បានដឹងថា តាមពិតវាមិនមែនជាផ្សែងទេ តែវាជាសត្វប្រជៀវមួយហ្វូងធំ ដែលកំពុងតែហើរចេញពីរូងក្រោមដីមួយ។ រូងក្រោមដីដែលលោកវ៉ាយបានឃើញនោះ គឺជារូងខាលប៊ែត នៅរដ្ឋញូមិចស៊ីកូ ដែលជាប្រព័ន្ធរូងក្រោមដីដ៏ធំសម្បើម និងស្រស់ស្អាតគួរឲ្យចូលទស្សនា។
កាលលោកម៉ូសេកំពុងថែរក្សាចៀម នៅវាលរហោស្ថាន នៅតំបន់មជ្ឈិមបូព៌ា គាត់ក៏បានមើលឃើញរឿងចម្លែកកំពុងកើតឡើង ធ្វើឲ្យគាត់ចាប់អារម្មណ៍យ៉ាងខ្លាំង។ វាគឺជាគុម្ពបន្លាដែលឆេះមិនចេះសុស(និក្ខមនំ ៣:២)។ ពេលដែលព្រះអម្ចាស់មានបន្ទូលចេញពីគុម្ពបន្លានោះមក លោកម៉ូសេក៏បានដឹងថា គាត់បានជួបរឿងដែលធំជាងអ្វី ដែលគាត់បានមើលឃើញពីដំបូង។ ព្រះអម្ចាស់ក៏បានប្រាប់លោកម៉ូសេថា “អញជាព្រះនៃឰយុកោឯង គឺជាព្រះនៃអ័ប្រាហាំ ជាព្រះនៃអ៊ីសាក ហើយជាព្រះនៃយ៉ាកុប”(ខ.៦)។ កាលនោះ ព្រះជាម្ចាស់ហៀបនឹងដឹកនាំប្រជាជាតិមួយដែលកំពុងជាប់ជាទាសករ ឆ្ពោះទៅរកសេរីភាព ហើយក៏បានបង្ហាញឲ្យពួកគេដឹងថា ពួកគេជារាស្រ្តរបស់ព្រះអង្គ ដែលជាអត្តសញ្ញាណដ៏ពិតរបស់ពួកគេ(ខ.១០)។
កាលពីជាង៦០០ឆ្នាំមុននោះ ព្រះជាម្ចាស់បានសន្យា ចំពោះលោកអ័ប្រាហាំថា “គ្រប់ទាំងគ្រួនៅផែនដីនឹងបានពរដោយសារឯង”(លោកុប្បត្តិ ១២:៣)។ ការភាសខ្លួនរបស់ប្រជាជនអ៊ីស្រាអែល ចេញពីទឹកដីអេសីព្ទ គឺជាជំហានដំបូងឆ្ពោះទៅរកព្រះពរនោះ ដែលជាផែនការរបស់ព្រះ ដើម្បីសង្រ្គោះមនុស្សជាតិ តាមរយៈព្រះមែស៊ី ដែលជាកូនចៅជំនាន់ក្រោយរបស់លោកអ័ប្រាហាំ។
សព្វថ្ងៃនេះ យើងអាចអរសប្បាយនឹងព្រះពរនេះ ដ្បិតព្រះទ្រង់ប្រទានការសង្រ្គោះនេះ ដល់មនុស្សទំាងអស់។ ព្រះគ្រីស្ទបានយាងមកសុគត ដើម្បីលោះបាបមនុស្ស នៅទូទំាងពិភពលោក។ ដោយសារជំនឿលើព្រះអង្គ នោះយើងក៏ក្លាយជាកូនរបស់ព្រះដ៏រស់ផងដែរ។—Tim Gustafson