កាល​លោក​ជីម វ៉ាយ(Jim White) កំពុង​តែ​ធ្វើ​ដំណើរ នៅ​ក្នុង​វាល​រហោ​ស្ថាន ជីហួហួន នៅ​ចុង​ទសវត្សរ៍​ឆ្នាំ ១៨០០ គាត់​បាន​ឃើញ​ផ្សែង​កំពុង​តែ​ហុយ​ឡើង​ទៅ​លើ​មេឃ​ដូច​ពពក មើល​ទៅ​ដូច​ជា​ចម្លែក​ណាស់។ គាត់​សង្ស័យ​ថា ភ្លើង​ឆេះ​ព្រៃ​ប្រហែល​ជា​កំពុង​តែ​កើត​មាន​នៅ​កន្លែង​ណា​មួយ​ហើយ។ អ្នក​ឃ្វាល​គោ​វ័យក្មេង​នេះ ក៏​បាន​ជិះ​សេះ​សំដៅ​ទៅ​រក​ប្រភព​ផ្សែង​នោះ ហើយ​ក៏​បាន​ដឹង​ថា តាម​ពិត​វា​មិន​មែន​ជា​ផ្សែង​ទេ តែ​វា​ជា​សត្វ​ប្រជៀវ​មួយ​ហ្វូង​ធំ ដែល​កំពុង​តែ​ហើរ​ចេញ​ពី​រូង​ក្រោម​ដី​មួយ។ រូង​ក្រោម​ដី​ដែល​លោក​វ៉ាយ​បាន​ឃើញ​នោះ គឺ​ជា​រូង​ខាល​ប៊ែត នៅ​រដ្ឋ​ញូមិចស៊ីកូ ដែល​ជា​ប្រព័ន្ធ​រូង​ក្រោម​ដី​ដ៏​ធំ​សម្បើម និងស្រស់​ស្អាត​គួរ​ឲ្យ​ចូល​ទស្សនា។

កាល​លោក​ម៉ូសេ​កំពុង​ថែ​រក្សា​ចៀម នៅ​វាល​រហោ​ស្ថាន នៅ​តំបន់​មជ្ឈិម​បូព៌ា គាត់​ក៏​បាន​មើល​ឃើញ​រឿង​ចម្លែក​កំពុង​កើត​ឡើង ធ្វើ​ឲ្យ​គាត់​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង។ វា​គឺ​ជា​គុម្ព​បន្លា​ដែល​ឆេះ​មិន​ចេះ​សុស​(និក្ខមនំ ៣:២)។ ពេល​ដែល​ព្រះ​អម្ចាស់​មាន​បន្ទូល​ចេញ​ពី​គុម្ព​បន្លា​នោះ​មក លោក​ម៉ូសេក៏​បាន​ដឹង​ថា​ គាត់​បាន​ជួប​រឿង​ដែល​ធំ​ជាង​អ្វី ដែល​គាត់​បាន​មើល​ឃើញ​ពី​ដំបូង។ ព្រះ​អម្ចាស់​ក៏​បាន​ប្រាប់​លោក​ម៉ូសេ​ថា “អញ​ជា​ព្រះ​នៃ​ឰយុកោ​ឯង គឺ​ជា​ព្រះ​នៃ​អ័ប្រាហាំ ជា​ព្រះ​នៃ​អ៊ីសាក ហើយ​ជា​ព្រះ​នៃ​យ៉ាកុប”(ខ.៦)។ កាល​នោះ ព្រះ​ជា​ម្ចាស់​ហៀប​នឹង​ដឹក​នាំ​ប្រជា​ជាតិ​មួយ​ដែល​កំពុង​ជាប់​ជា​ទាសករ ឆ្ពោះ​ទៅ​រក​សេរីភាព ហើយ​ក៏បាន​បង្ហាញ​ឲ្យ​ពួក​គេ​ដឹង​ថា ពួក​គេ​ជា​រាស្រ្ត​របស់​ព្រះ​អង្គ ដែល​ជា​អត្ត​សញ្ញាណ​ដ៏​ពិត​របស់​ពួក​គេ​(ខ.១០)។

កាល​ពី​ជាង​៦០០​ឆ្នាំ​មុន​នោះ ព្រះ​ជាម្ចាស់​បាន​សន្យា ចំពោះ​លោក​អ័ប្រាហាំ​ថា “គ្រប់​ទាំង​គ្រួ​នៅ​ផែនដី​នឹង​បាន​ពរ​ដោយសារ​ឯង”(លោកុប្បត្តិ ១២:៣)។ ការ​ភាស​ខ្លួន​របស់​ប្រជាជន​អ៊ីស្រាអែល ចេញ​ពី​ទឹក​ដី​អេសីព្ទ គឺ​ជា​ជំហាន​ដំបូង​ឆ្ពោះ​ទៅ​រក​ព្រះ​ពរ​នោះ ដែល​ជា​ផែន​ការ​របស់​ព្រះ ដើម្បី​សង្រ្គោះ​មនុស្ស​ជាតិ តាម​រយៈ​ព្រះ​មែស៊ី ដែល​ជា​កូន​ចៅ​ជំនាន់​ក្រោយ​របស់​លោក​អ័ប្រាហាំ​។​

សព្វ​ថ្ងៃ​នេះ យើង​អាច​អរ​សប្បាយ​នឹង​ព្រះ​ពរ​នេះ ដ្បិត​ព្រះ​ទ្រង់​ប្រទាន​ការ​សង្រ្គោះ​នេះ ដល់​មនុស្ស​ទំាង​អស់។ ព្រះ​គ្រីស្ទ​បានយាង​មក​សុគត ដើម្បី​លោះ​បាប​មនុស្ស នៅ​ទូទំាង​ពិភព​លោក។​ ដោយសារ​ជំនឿ​លើ​ព្រះ​អង្គ នោះ​យើង​ក៏​ក្លាយ​ជា​កូន​របស់ព្រះ​ដ៏​រស់​ផង​ដែរ។—Tim Gustafson