ពេលដែលបងប្រុសខ្ញុំ ឈ្មោះដាវីឌ បានបាត់បង់ជីវិតភ្លាមៗ ដោយសារជម្ងឺគាំងបេះដូង ទស្សនៈដែលខ្ញុំមាន ចំពោះជីវិត ក៏មានការផ្លាស់ប្តូរយ៉ាងខ្លាំង។ ដាវីឌគឺជាកូនទី៤ ក្នុងចំណោមកូនទាំង៧ ប៉ុន្តែ គាត់បានលាចាកលោកមុនគេ ហើយលក្ខណៈនៃការលាចាកលោកដែលមិននឹកស្មានដល់នេះ បានធ្វើឲ្យខ្ញុំមានការសញ្ជឹងគិតច្រើនណាស់។ កាលនោះ ខ្ញុំបានមើលឃើញថា ពេលដែលវ័យយើងកាន់តែចាស់ អនាគតនៃគ្រួសារយើងបានដិតជាប់ទៅដោយការបាត់បង់ ច្រើនជាងការចំណេញ។ វានឹងមានការលាគ្នា ច្រើនជាងការសួស្តី។
ការយល់ដឹង អំពីរឿងនេះ មិនមានអ្វីដែលគួរឲ្យភ្ញាក់ផ្អើលទេ ព្រោះជីវិតមនុស្សមានលក្ខណៈដូចនេះឯង។ ប៉ុន្តែ ការយល់ដឹងអំពីរឿងនេះ អាចធ្វើឲ្យយើងមានអារម្មណ៍ឈឺចាប់។ វាបាននាំឲ្យយើងចាប់ផ្តើមឲ្យតម្លៃមកលើពេលវេលានីមួយៗ ដែលមានក្នុងជីវិត និងឲ្យតម្លៃមកលើឱកាសនីមួយៗ ដែលយើងមាន។ ហើយយើងនឹងឲ្យតម្លៃ មកលើការជួបជុំគ្នាជាថ្មី នៅនគរព្រះ នៅពេលអនាគត ដែលនៅទីនោះ យើងមិនចាំបាច់និយាយលាគ្នាទៀតឡើយ។
បទគម្ពីរវិវរណៈ ២១:៣-៤ បានលើកទឹកចិត្តយើងថា “ទ្រង់នឹងគង់នៅជាមួយនឹងគេ គេនឹងធ្វើជារាស្ត្ររបស់ទ្រង់ ហើយព្រះអង្គទ្រង់ក៏នឹងធ្វើជាព្រះដល់គេ ព្រះទ្រង់នឹងជូតអស់ទាំងទឹកភ្នែក ពីភ្នែកគេចេញ និងគ្មានសេចក្តីស្លាប់ ឬសេចក្តីសោកសង្រេង ឬសេចក្តីយំទួញ ឬទុក្ខលំបាកណាទៀតឡើយ ដ្បិតសេចក្តីមុនទាំងប៉ុន្មាន បានកន្លងបាត់ទៅហើយ”។
ទោះក្នុងជីវិតយើងនៅលើផែនដី យើងប្រហែលជាជួបការបែកគ្នា រយៈពេលវែង ប៉ុន្តែ ដោយសារជំនឿលើការសុគត និងការមានព្រះជន្មរស់ឡើងវិញរបស់ព្រះគ្រីស្ទ នោះយើងនឹងបានជួបជុំជាមួយអ្នកជឿដទៃទៀត នៅនគរស្ថានសួគ៌ ដោយលែងបែកគ្នាជារៀងរហូត។—Bill Crowder