មាន​ពេល​មួយ អ្នក​ស្រាវ​ជ្រាវ​ជីវិត​សត្វ នៅ​ក្នុង​ទឹក​ម្នាក់ បាន​ទៅ​ហែល​ទឹក នៅ​ក្បែរ​កោះ​ឃុគ ក្នុង​តំបន់​ប៉ាស៊ីហ្វិក​ខាង​ត្បូង។ ពេល​នោះ ស្រាប់​តែ​មាន​សត្វ​ត្រី​បាឡែន​បូក​ខ្នង​មួយ​ក្បាល​ទម្ងន់ ប្រហែល​២៣​តោន បាន​លេច​ចេញ​មក ហើយ​ក៏​បាន​ដាក់​នាង នៅ​ពី​ក្រោម​ព្រុយ​ពោះ​របស់​វា។ នាង​គិត​ថា ជីវិត​របស់​នាង​នឹង​ត្រូវ​អស់​ពេល​នោះ​ហើយ។ ប៉ុន្តែ បន្ទាប់ពី​សត្វ​ត្រី​បាឡែន​មួយ​ក្បាល​នេះ​បាន​ហែល​ទឹក​យឺត​ៗ​ជា​រង្វង់​ហើយ វា​ក៏​បាន​លែង​ឲ្យ​នាង​ទៅ។ គឺ​នៅ​ពេល​នោះ​ហើយ ដែល​ជីវវិទូ​រូប​នោះ​បាន​ឃើញ​ត្រី​ឆ្លាម​ថាយហ្គ័រ​មួយ​ក្បាល កំពុង​តែ​ចាក​ចេញ​ពី​តំបន់​នោះ។ ស្រ្តី​ម្នាក់​នេះ​ក៏​បាន​ជឿ​ថា តាម​ពិត សត្វ​ត្រី​បាឡែន​បានការពារ​នាង ឲ្យ​រួច​ផុត​ពី​ការ​វាយ​ប្រហារ​របស់​ត្រី​ឆ្លាម។​

ក្នុង​លោកិយ​ដែល​មាន​ពេញ​ទៅ​ដោយ​គ្រោះ​ថ្នាក់ ព្រះ​ទ្រង់​បាន​ត្រាស់​ហៅ​យើង ឲ្យ​មើល​ថែរ​គ្នា​ទៅ​វិញ​ទៅ​មក។ ប៉ុន្តែ អ្នកប្រហែល​ជា​ចង់​សួរ​ខ្លួន​ឯង​ថា តើ​ខ្ញុំ​គួរ​តែ​មាន​ការ​ទទួល​ខុស​ត្រូវ នៅ​ក្នុង​ការ​មើល​ថែរ​អ្នក​ដទៃ​ឬទេ?  ទាក់​ទង​នឹង​រឿង​នេះ លោក​កាអ៊ីន​ក៏​បាន​ធ្លាប់​បាន​ដោះ​សារ នៅ​ចំពោះ​ព្រះ​ជា​ម្ចាស់​ថា “តើ​ទូល​បង្គំ​ជា​អ្នក​ថែរក្សា​ប្អូន​ទូល​បង្គំ​ឬ​អី?”(លោកុប្បត្តិ ៤:៩)។ នៅ​ក្នុង​ព្រះ​គម្ពីរ​សញ្ញា​ចាស់​ទាំង​មូល មាន​ការ​ឆ្លើយ​តប ចំពោះ​ការ​ដោះ​សារ​នេះ ដោយ​សម្លេង​ដែល​ឮ​ច្បាស់​ថា : ដែលលោក​អ័ដាម​ត្រូវ​ថែរក្សា​សួន​ច្បារ​អេដែន​ជា​យ៉ាង​ណា នោះ​លោក​កាអ៊ីន​ក៏​ត្រូវ​មើល​ថែរ​លោក​អេបិល​ដែល​ជា​ប្អូន​ផង​ដែរ។ ពួកអ៊ីស្រាអែល​ក៏​ត្រូវ​មើល​ថែរ​អ្នក​ដែល​ងាយ​រង​គ្រោះ និង​ជន​ទុរគត់​។ ប៉ុន្តែ ពួក​គេ​បែរ​ជា​ធ្វើ​ផ្ទុយ​ទៅ​វិញ ដោយ​កេង​ប្រវ័ញ្ច​មក​លើ​អ្នក​ដទៃ គាប​សង្កត់​អ្នក​ក្រ ហើយ​ក៏​បាន​បដិសេធ​មិន​ព្រម​ធ្វើ​តាម​ការ​បង្គាប់ ឲ្យ​ស្រឡាញ់​អ្នក​ដទៃ ឲ្យ​ដូច​ខ្លួន​ឯង​(អេសាយ ៣:១៤-១៥)។

ប៉ុន្តែ ក្នុង​រឿង​លោក​កាអ៊ីន និង​លោក​អេបិល ព្រះ​ជា​ម្ចាស់​នៅ​តែ​បន្ត​ថែរក្សា​លោក​កាអ៊ីន បន្ទាប់​ពី​ទ្រង់​បណ្តេញ​គាត់​(លោកុប្បត្តិ ៤:១៥-១៦)។ ការ​ថែរក្សា​ដែល​ព្រះ​ទ្រង់​មាន​សម្រាប់​លោក​កាអ៊ីន គឺ​ជា​អ្វី ដែល​គាត់​ត្រូវ​ធ្វើ​សម្រាប់​លោក​អេបិល​ផង​ដែរ​។ ការ​ដ៏​ប្រសើរ​នេះ​ក៏​ជា​គំរូ នៃ​ការ​អ្វី​ដែល​ព្រះ​ទ្រង់​បាន​យាង​មក​ធ្វើ សម្រាប់​យើង ក្នុង​ព្រះ​យេស៊ូវ។ ព្រះ​យេស៊ូវ​បាន​ថែរក្សា​យើង ហើយ​ប្រទាន​អំណាច​ឲ្យ​យើង ចេញ​ទៅ​ថែរក្សា​អ្នក​ដទៃ​ផង​ដែរ។​—Glenn Packiam