មាន​ពេល​មួយ មិត្ត​ភក្តិ​ខ្ញុំ​ម្នាក់ ឈ្មោះ អេលែន(Ellen) បាន​ធ្វើ​ការ​គណនា​បញ្ជីរ​ប្រាក់​បៀវត្សរ៍ ឲ្យ​ក្រុម​ហ៊ុន​គណនេយ្យ​មួយ។ ស្តាប់​មើល​ទៅ គេ​ប្រហែល​ជា​គិត​ថា នេះ​ជា​ការងារ​ដ៏​ងាយ​ស្រួល ប៉ុន្តែ មាន​ពេល​ជា​ច្រើន​ដង ដែល​អ្នក​គ្រប់​គ្រង​របស់​ក្រុមហ៊ុន​នោះ​បាន​បញ្ជូន​ឯកសារ​មក​គាត់​យឺត គឺ​មិន​បាន​ផ្ញើ​មក​តាម​ការ​ស្នើរ​សុំ​របស់​គាត់​ទេ​។ ជា​ញឹក​ញាប់​ អេលែន​ក៏​បាន​ដោះស្រាយ​បញ្ហា​ប្រឈម​នេះ ដោយ​ធ្វើ​ការ​បន្ថែម ជា​ច្រើន​ម៉ោង ដើម្បី​ឲ្យ​បុគ្គលិក​ក្រុម​ហ៊ុន​នោះ​អាច​ទទួល​ប្រាក់​ខែ ដោយ​គ្មាន​ការ​ពន្យា​ពេល។ គាត់​បាន​ធ្វើ​ដូច​នេះ ដោយ​យល់​ដល់​ក្រុម​គ្រួសារ ដែល​ពឹង​ផ្អែក​ទៅ​លើ​ប្រាក់​ខែ​នោះ ដើម្បី​ទិញ​អាហារ ថ្នាំ​ពេទ្យ និង​បង់​ថ្លៃ​ឈ្នួល​ផ្ទះ ឬ​បង់​រំលោះ​ផ្ទះ​ជា​ដើម។

សេចក្តី​អាណឹត ដែល​អេលែន​មាន នៅ​ក្នុង​ការ​ធ្វើ​ការងារ​នេះ បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចំា អំពី​ព្រះ​យេស៊ូវ។ កាល​ព្រះអង្គ​កំពុង​បំពេញព្រះ​រាជ​កិច្ច​នៅ​លើ​ផែនដី ជួន​កាល ព្រះអង្គ​យាង​ទៅ​រក​កន្លែង​ស្ងប់​ស្ងាត់​ម្នាក់​ឯង។ ឧទាហរណ៍ ពេល​ដែល​ព្រះ​អង្គ​បាន​ទទួល​ដំណឹង​ថា គេ​បាន​សម្លាប់​លោក​យ៉ូហាន បាទីស្ទ ព្រះ​អង្គ​ក៏​បាន​យាង​តាម​ទូក ទៅ​រក​កន្លែង​ស្ងប់​ស្ងាត់​មួយ​(ម៉ាថាយ ១៤:១៣)។ កាល​នោះ ទ្រង់​ប្រហែល​ជា​ចាំ​បាច់​ត្រូវ​សោក​សង្រេង សម្រាប់​សាច់​ញាតិ​របស់​ព្រះ​អង្គ ហើយ​អធិស្ឋាន ក្នុង​ពេល​កាន់​ទុក​នោះ។

មនុស្ស​ជា​ច្រើន​បាន​ដើរ​តាម​ព្រះ​អង្គ។ ក្រុម​នេះ​មាន​តម្រូវ​ការ​ផ្នែក​រូប​កាយ​ផ្សេង​ៗ​ពី​គ្នា។ ពេល​ដែល​ព្រះ​អង្គ​បាន​ទៅ​ដល់ ហើយ​បាន​ឃើញ​ពួក​គេ ព្រះ​អង្គ​មាន​ព្រះ​ទ័យ​អាណិត ចំពោះ​ពួក​គេ ហើយ​ក៏​បាន​ប្រោស​ពួក​គេ​ឲ្យ​ជា​ពី​ជម្ងឺ​(ខ.១៤)។ ​

ការ​បង្រៀន និង​ប្រោស​ជម្ងឺ​ឲ្យ​ពួក​បណ្តាជន គឺ​ជា​ផ្នែក​មួយ​នៃ​ការ​ត្រាស់​ហៅ​របស់​ព្រះ​យេស៊ូវ មុន​ពេល​ព្រះ​អង្គ​យាង​ឡើង​នគរស្ថាន​សួគ៌​វិញ ហើយ​សេចក្តី​អាណឹត​របស់​ព្រះ​អង្គ​បាន​បង្ហាញ​ចេញ​មក តាម​រយៈ​ការ​បំពេញ​នូវ​ការ​ទទួល​ខុស​ត្រូវ​នោះ។ សូម​ព្រះ​ទ្រង់​ជួយ​យើង ឲ្យ​ទទួល​ស្គាល់​សេចក្តី​អាណិត​របស់​ព្រះ​អង្គ ក្នុង​ជីវិត​យើង ហើយ​ប្រទាន​កម្លាំង​មក​យើង ដើម្បី​បង្ហាញ​សេចក្តី​អាណិត​នោះ ដល់​អ្នក​ដទៃ​។​—Jennifer Benson Schuldt