មានពេលមួយ មិត្តភក្តិខ្ញុំម្នាក់ ឈ្មោះ អេលែន(Ellen) បានធ្វើការគណនាបញ្ជីរប្រាក់បៀវត្សរ៍ ឲ្យក្រុមហ៊ុនគណនេយ្យមួយ។ ស្តាប់មើលទៅ គេប្រហែលជាគិតថា នេះជាការងារដ៏ងាយស្រួល ប៉ុន្តែ មានពេលជាច្រើនដង ដែលអ្នកគ្រប់គ្រងរបស់ក្រុមហ៊ុននោះបានបញ្ជូនឯកសារមកគាត់យឺត គឺមិនបានផ្ញើមកតាមការស្នើរសុំរបស់គាត់ទេ។ ជាញឹកញាប់ អេលែនក៏បានដោះស្រាយបញ្ហាប្រឈមនេះ ដោយធ្វើការបន្ថែម ជាច្រើនម៉ោង ដើម្បីឲ្យបុគ្គលិកក្រុមហ៊ុននោះអាចទទួលប្រាក់ខែ ដោយគ្មានការពន្យាពេល។ គាត់បានធ្វើដូចនេះ ដោយយល់ដល់ក្រុមគ្រួសារ ដែលពឹងផ្អែកទៅលើប្រាក់ខែនោះ ដើម្បីទិញអាហារ ថ្នាំពេទ្យ និងបង់ថ្លៃឈ្នួលផ្ទះ ឬបង់រំលោះផ្ទះជាដើម។
សេចក្តីអាណឹត ដែលអេលែនមាន នៅក្នុងការធ្វើការងារនេះ បានធ្វើឲ្យខ្ញុំនឹកចំា អំពីព្រះយេស៊ូវ។ កាលព្រះអង្គកំពុងបំពេញព្រះរាជកិច្ចនៅលើផែនដី ជួនកាល ព្រះអង្គយាងទៅរកកន្លែងស្ងប់ស្ងាត់ម្នាក់ឯង។ ឧទាហរណ៍ ពេលដែលព្រះអង្គបានទទួលដំណឹងថា គេបានសម្លាប់លោកយ៉ូហាន បាទីស្ទ ព្រះអង្គក៏បានយាងតាមទូក ទៅរកកន្លែងស្ងប់ស្ងាត់មួយ(ម៉ាថាយ ១៤:១៣)។ កាលនោះ ទ្រង់ប្រហែលជាចាំបាច់ត្រូវសោកសង្រេង សម្រាប់សាច់ញាតិរបស់ព្រះអង្គ ហើយអធិស្ឋាន ក្នុងពេលកាន់ទុកនោះ។
មនុស្សជាច្រើនបានដើរតាមព្រះអង្គ។ ក្រុមនេះមានតម្រូវការផ្នែករូបកាយផ្សេងៗពីគ្នា។ ពេលដែលព្រះអង្គបានទៅដល់ ហើយបានឃើញពួកគេ ព្រះអង្គមានព្រះទ័យអាណិត ចំពោះពួកគេ ហើយក៏បានប្រោសពួកគេឲ្យជាពីជម្ងឺ(ខ.១៤)។
ការបង្រៀន និងប្រោសជម្ងឺឲ្យពួកបណ្តាជន គឺជាផ្នែកមួយនៃការត្រាស់ហៅរបស់ព្រះយេស៊ូវ មុនពេលព្រះអង្គយាងឡើងនគរស្ថានសួគ៌វិញ ហើយសេចក្តីអាណឹតរបស់ព្រះអង្គបានបង្ហាញចេញមក តាមរយៈការបំពេញនូវការទទួលខុសត្រូវនោះ។ សូមព្រះទ្រង់ជួយយើង ឲ្យទទួលស្គាល់សេចក្តីអាណិតរបស់ព្រះអង្គ ក្នុងជីវិតយើង ហើយប្រទានកម្លាំងមកយើង ដើម្បីបង្ហាញសេចក្តីអាណិតនោះ ដល់អ្នកដទៃ។—Jennifer Benson Schuldt