ក្នុងពិភពនៃការហាត់កីឡា គេប្រើពាក្យ កំរិត ដើម្បីអនុញ្ញាតឲ្យមនុស្សគ្រប់គ្នាចូលរួមហាត់កីឡា។ ឧទាហរណ៍ បើការហាត់ប្រាណនោះ ជាការអាវ៉ង់ នោះអ្នកប្រហែលជាអាចអាវ៉ង់បាន១០ ឬ២០ ក្នុងមួយលើក ប៉ុន្តែ ខ្ញុំអាចធ្វើបានតែ៤ទេ។ គ្រូបង្វឹកក៏បានលើកទឹកចិត្តខ្ញុំ ឲ្យបន្តអាវ៉ង់ តាមកំរិតដែលខ្ញុំអាចធ្វើទៅបាន នៅពេលនោះ។ យើងមិនស្ថិតនៅក្នុងកំរិតដូចគ្នាទេ ប៉ុន្តែ យើងសុទ្ធតែអាចបន្តដំណើរទៅមុខទៀត តាមទិសដៅដូចគ្នា។ គាត់ប្រាប់ខ្ញុំថា “សូមលោកធ្វើអាវ៉ង់ឲ្យបានបួន តាមកម្លាំងដែលលោកមាន។ កុំប្រៀបធៀបខ្លួនឯង ជាមួយអ្នកដទៃ។ សូមបង្កើនចំនួនអាវ៉ង់ ដោយបន្តធ្វើតាមលទ្ធភាព ហើយអ្នកនឹងមានការភ្ញាក់ផ្អើល ពេលដែលអ្នកអាវ៉ង់បាន៧ ឬ១០ នៅថ្ងៃណាមួយ”។
សាវ័កប៉ុលបានបញ្ជាក់ច្បាស់ថា “ព្រះទ្រង់ស្រឡាញ់អ្នកថ្វាយដោយអំណរ”(២កូរិនថូស ៩:៧)។ ប៉ុន្តែ គាត់ក៏បង្រៀនផងដែរថា “ចូរឲ្យគ្រប់គ្នាធ្វើតាមដែលសំរេចក្នុងចិត្តចុះ មិនមែនដោយស្តាយ ឬដោយបង្ខំឡើយ” (ខ.៧)។ បានសេចក្តីថា គាត់បានលើកទឹកចិត្តឲ្យយើងថ្វាយ ឬឲ្យ តាមកំរិតរបស់យើង គឺមិនដោយបង្ខំឡើយ។ យើងម្នាក់ៗមានកំរិតផ្សេងគ្នា ហើយជួនកាល កំរិតទាំងនោះមានការផ្លាស់ប្តូរ ទៅតាមពេលវេលា។ ការប្រៀបធៀបមិនមានប្រយោជន៍ទេ ប៉ុន្តែ ដែលសំខាន់នោះ គឺចិត្តរបស់យើងទៅវិញទេ។ យើងត្រូវថ្វាយដល់ព្រះ ឬឲ្យដល់មនុស្ស ដោយចិត្តសប្បុរស តាមលទ្ធភាពរបស់យើង(ខ.៦)។ ព្រះនៃយើងបានសន្យាថា ការថ្វាយ ដោយអំណរ នឹងនាំមកនូវការចម្រើនឡើងគ្រប់ជំពូក ក្នុងជីវិតយើង ដែលនាំឲ្យ “មានការអរព្រះគុណដល់ព្រះ”(ខ.១១)។—John Blasé