ក្នុង​ពិភព​នៃ​ការ​ហាត់​កីឡា គេ​ប្រើ​ពាក្យ កំរិត  ដើម្បី​អនុញ្ញាត​ឲ្យ​មនុស្ស​គ្រប់​គ្នា​ចូល​រួម​ហាត់​កីឡា។ ឧទាហរណ៍ បើ​ការ​ហាត់ប្រាណ​នោះ ជា​ការ​អាវ៉ង់ នោះ​អ្នក​ប្រហែល​ជា​អាច​អាវ៉ង់​បាន​១០ ឬ​២០ ក្នុង​មួយ​លើក ប៉ុន្តែ ខ្ញុំ​អាច​ធ្វើ​បាន​តែ​៤​ទេ។ គ្រូ​បង្វឹក​ក៏បាន​លើក​ទឹក​ចិត្ត​ខ្ញុំ ឲ្យ​បន្ត​អាវ៉ង់ តាម​កំរិត​ដែល​ខ្ញុំ​អាច​ធ្វើ​ទៅ​បាន នៅ​ពេល​នោះ។ យើង​មិន​ស្ថិត​នៅ​ក្នុង​កំរិត​ដូច​គ្នា​ទេ ប៉ុន្តែ យើង​សុទ្ធ​តែ​អាច​បន្ត​ដំណើរ​ទៅ​មុខ​ទៀត តាម​ទិស​ដៅ​ដូច​គ្នា។ គាត់​ប្រាប់​ខ្ញុំ​ថា “សូម​លោក​ធ្វើ​អាវ៉ង់​ឲ្យ​បាន​បួន តាម​កម្លាំងដែល​លោក​មាន។ កុំ​ប្រៀប​ធៀប​ខ្លួន​ឯង ជា​មួយ​អ្នក​ដទៃ។ សូម​បង្កើន​ចំនួន​អាវ៉ង់ ដោយ​បន្ត​ធ្វើ​តាម​លទ្ធ​ភាព ហើយ​អ្នក​នឹងមាន​ការ​ភ្ញាក់​ផ្អើល ពេល​ដែល​អ្នក​អាវ៉ង់​បាន​៧ ឬ១០ នៅ​ថ្ងៃ​ណា​មួយ”។

សាវ័ក​ប៉ុល​បាន​បញ្ជាក់​ច្បាស់​ថា “ព្រះ​ទ្រង់​ស្រឡាញ់​អ្នក​ថ្វាយ​ដោយ​អំណរ”(២កូរិនថូស ៩:៧)។ ប៉ុន្តែ គាត់​ក៏​បង្រៀន​ផង​ដែរថា “ចូរ​ឲ្យ​គ្រប់​គ្នា​ធ្វើ​តាម​ដែល​សំរេច​ក្នុង​ចិត្ត​ចុះ មិន​មែន​ដោយ​ស្តាយ ឬ​ដោយ​បង្ខំ​ឡើយ” (ខ.៧)។ បាន​សេចក្តី​ថា គាត់​បាន​លើក​ទឹក​ចិត្ត​ឲ្យ​យើង​ថ្វាយ ឬ​ឲ្យ តាម​កំរិត​របស់​យើង គឺ​មិន​ដោយ​បង្ខំ​ឡើយ។ យើង​ម្នាក់​ៗ​មាន​កំរិត​ផ្សេង​គ្នា ហើយ​ជួន​កាល កំរិត​ទាំង​នោះ​មាន​ការ​ផ្លាស់​ប្តូរ ទៅ​តាម​ពេល​វេលា។ ការ​ប្រៀប​ធៀប​មិន​មាន​ប្រយោជន៍​ទេ ប៉ុន្តែ ដែល​សំខាន់​នោះ គឺ​ចិត្ត​របស់​យើង​ទៅ​វិញ​ទេ។ យើង​ត្រូវ​ថ្វាយ​ដល់​ព្រះ ឬ​ឲ្យ​ដល់​មនុស្ស ដោយ​ចិត្ត​សប្បុរស តាម​លទ្ធភាព​របស់​យើង​(ខ.៦)។ ព្រះ​នៃ​យើងបាន​សន្យា​ថា​ ការ​ថ្វាយ ដោយ​អំណរ នឹង​នាំ​មក​នូវ​ការ​ចម្រើន​ឡើង​គ្រប់​ជំពូក ក្នុង​ជីវិត​យើង ដែល​នាំ​ឲ្យ​ “មាន​ការ​អរ​ព្រះ​គុណដល់​ព្រះ”(ខ.១១)។—John Blasé