សារ៉ា(Sarah) មានបញ្ហាសុខភាពដ៏កម្រ ដែលបណ្តាលឲ្យថ្លោះសន្លាក់ បានជាគាត់ត្រូវពឹងផ្អែកទៅលើកៅអីអេឡិចត្រូនិច ដើម្បីផ្លាស់ទី។ នៅក្នុងការធ្វើដំណើរ ទៅកន្លែងប្រជុំកាលពីពេលថ្មីៗនេះ សារ៉ាជិះរទេះរុញទៅស្ថានីយ៍រថភ្លើង ប៉ុន្តែ ជណ្តើរយន្តក៏បានខូច។ គាត់មិនអាចទៅដល់កន្លែងឡើងជិះរថភ្លើងបានទេ ហើយគេក៏បានប្រាប់គាត់ ឲ្យជិះតាក់ស៊ី ទៅស្ថានីយ៍មួយទៀត ដែលត្រូវចំណាយពេល៤០នាទី។ គាត់បានទូរស័ព្ទហៅតាក់ស៊ី ប៉ុន្តែ តាក់ស៊ីមិនឃើញមកសោះ។ សារ៉ាក៏បានបោះបង់ការព្យាយាម ហើយក៏បានត្រឡប់ទៅផ្ទះវិញ។
គួរឲ្យស្តាយណាស់ រឿងបែបនេះបានកើតឡើងចំពោះសារ៉ាជាទៀងទាត់ទៅហើយ។ ជណ្តើរយន្តខូចបានរារាំងមិនឲ្យគាត់ឡើងជិះរថភ្លើង ហើយពេលខ្លះគាត់មិនអាចចុះពីលើរថភ្លើង ដោយសារគេបានភ្លេចដាក់កំណល់សម្រាប់រទេះរុញ។ ជួនកាល បុគ្គលិកស្ថានីយ៍រថភ្លើងបានចាត់ទុកអ្នកស្រីសារ៉ា ជាមនុស្សរំខាន ដោយសារគាត់ត្រូវការជំនួយរបស់ពួកគេ។ ជាញឹកញាប់ គាត់ស្ទើរតែស្រក់ទឹកភ្នែក។
ក្នុងចំណោមក្រឹត្យវិន័យជាច្រើន ក្នុងព្រះគម្ពីរប៊ីប ដែលគ្រប់គ្រងទំនាក់ទំនងរបស់មនុស្ស ក្រឹត្យវិន័យដែលបង្គាប់ថា “ចូរស្រឡាញ់អ្នកជិតខាងដូចខ្លួនឯង” គឺជាគន្លឹះដ៏សំខាន់(លេវីវិន័យ ១៩:១៨ និង រ៉ូម ១៣:៨-១០)។ សេចក្តីស្រឡាញ់ប្រភេទនេះធ្វើឲ្យយើងឈប់កុហក់ លួច និងធ្វើបាបអ្នកដទៃ(លេវីវិន័យ ១៩:១១,១៤) តែក៏បានផ្លាស់ប្តូររបៀបដែលយើងធ្វើការផងដែរ។ ឧទាហរណ៍ចៅហ្វាយនាយ ត្រូវប្រព្រឹត្តចំពោះបាវបម្រើរបស់ខ្លួនឲ្យបានត្រឹមត្រូវ(ខ.១៣) ហើយយើងក៏ត្រូវមានចិត្តសប្បុរស ចំពោះអ្នកក្រ(ខ.៩-១០)។ ក្នុងករណីរបស់សារ៉ា អ្នកជួសជុលជណ្តើរយន្ត ឬដាក់កំណល់ឲ្យរទេះរុញគាត់ឡើងចុះរថភ្លើង កំពុងតែផ្តល់ឲ្យនូវការបម្រើដ៏សំខាន់ដល់អ្នកដទៃ។
បើយើងធ្វើការងារ ដើម្បីតែប្រាក់ខែ ឬប្រយោជន៍ផ្ទាល់ខ្លួន នោះមិនយូរទេ យើងនឹងចាត់ទុកអ្នកដទៃ ជាមនុស្សរំខាន។ ប៉ុន្តែ បើយើងធ្វើការ ដើម្បីជាឱកាស ដើម្បីប្រព្រឹត្តចំពោះអ្នកដទៃ ដោយសេចក្តីស្រឡាញ់ នោះភាគច្រើននៃកិច្ចការដែលយើងធ្វើប្រចាំថ្ងៃក្លាយជាកិច្ចការដ៏បរិសុទ្ធ។—Sheridan Voysey