សារ៉ា(Sarah) មាន​បញ្ហា​សុខ​ភាព​ដ៏​កម្រ ដែល​បណ្តាល​ឲ្យ​ថ្លោះ​សន្លាក់ បាន​ជា​គាត់​ត្រូវ​ពឹង​ផ្អែក​ទៅ​លើ​កៅអី​អេឡិចត្រូនិច ដើម្បី​ផ្លាស់​ទី។  នៅ​ក្នុង​ការ​ធ្វើ​ដំណើរ ទៅ​កន្លែង​ប្រជុំ​កាលពី​ពេល​ថ្មី​ៗ​នេះ សារ៉ា​ជិះ​រទេះ​រុញ​ទៅ​ស្ថានីយ៍​រថ​ភ្លើង ប៉ុន្តែ ជណ្តើរ​យន្ត​ក៏​បាន​ខូច។ គាត់​មិន​អាច​ទៅ​ដល់​កន្លែង​ឡើង​ជិះ​រថ​ភ្លើង​បាន​ទេ ហើយ​គេ​ក៏​បាន​ប្រាប់​គាត់ ឲ្យ​ជិះ​តាក់​ស៊ី ទៅ​ស្ថានីយ៍​មួយ​ទៀត ដែល​ត្រូវ​ចំណាយ​ពេល​៤០​នាទី។ គាត់​បាន​ទូរស័ព្ទ​ហៅ​តាក់​ស៊ី ប៉ុន្តែ តាក់​ស៊ី​មិន​ឃើញ​មក​សោះ។ សារ៉ាក៏​បាន​បោះ​បង់​ការ​ព្យាយាម ហើយ​ក៏​បាន​ត្រឡប់​ទៅ​ផ្ទះ​វិញ។​

គួរ​ឲ្យ​ស្តាយ​ណាស់ រឿង​បែប​នេះ​បាន​កើត​ឡើង​ចំពោះ​សារ៉ា​ជា​ទៀង​ទាត់​ទៅ​ហើយ។ ជណ្តើរ​យន្ត​ខូច​បាន​រារាំង​មិន​ឲ្យ​គាត់ឡើង​ជិះ​រថ​ភ្លើង ហើយ​ពេល​ខ្លះ​គាត់​មិន​អាច​ចុះពី​លើ​រថ​ភ្លើង ដោយ​សារ​គេ​បាន​ភ្លេច​ដាក់​កំណល់​សម្រាប់​រទេះ​រុញ។ ជួន​កាល បុគ្គលិក​ស្ថានីយ៍​រថភ្លើង​បាន​ចាត់​ទុក​អ្នក​ស្រី​សារ៉ា ជា​មនុស្ស​រំខាន ដោយ​សារ​គាត់​ត្រូវ​ការ​ជំនួយ​របស់​ពួក​គេ។ ជា​ញឹក​ញាប់ គាត់​ស្ទើរ​តែ​ស្រក់​ទឹក​ភ្នែក។

ក្នុង​ចំណោម​ក្រឹត្យ​វិន័យ​ជា​ច្រើន ក្នុង​ព្រះ​គម្ពីរ​ប៊ីប ដែល​គ្រប់​គ្រង​ទំនាក់​ទំនង​របស់​មនុស្ស ក្រឹត្យ​វិន័យ​ដែល​បង្គាប់​ថា “ចូរស្រឡាញ់​អ្នក​ជិត​ខាង​ដូច​ខ្លួន​ឯង” ​គឺ​ជា​គន្លឹះ​ដ៏​សំខាន់​(លេវីវិន័យ ១៩:១៨ និង រ៉ូម ១៣:៨-១០)។ សេចក្តី​ស្រឡាញ់​ប្រភេទ​នេះធ្វើ​ឲ្យ​យើង​ឈប់​កុហក់ លួច និង​ធ្វើ​បាប​អ្នក​ដទៃ​(លេវីវិន័យ ១៩:១១,១៤) តែ​ក៏​បាន​ផ្លាស់​ប្តូរ​របៀប​ដែល​យើង​ធ្វើ​ការ​ផង​ដែរ។ ឧទាហរណ៍​ចៅ​ហ្វាយ​នាយ ត្រូវ​ប្រព្រឹត្ត​ចំពោះ​បាវ​បម្រើ​របស់​ខ្លួន​ឲ្យ​បាន​ត្រឹម​ត្រូវ​(ខ.១៣) ហើយ​យើង​ក៏​ត្រូវ​មាន​ចិត្ត​សប្បុរស ចំពោះ​អ្នក​ក្រ​(ខ.៩-១០)។ ក្នុង​ករណី​របស់​សារ៉ា អ្នក​ជួស​ជុល​ជណ្តើរ​យន្ត ឬ​ដាក់​កំណល់​ឲ្យ​រទេះ​រុញ​គាត់​ឡើង​ចុះ​រថ​ភ្លើង​ កំពុង​តែ​ផ្តល់​ឲ្យ​នូវ​ការ​បម្រើ​ដ៏​សំខាន់​ដល់​អ្នក​ដទៃ។​

បើ​យើង​ធ្វើ​ការងារ ដើម្បី​តែ​ប្រាក់​ខែ ឬ​ប្រយោជន៍​ផ្ទាល់​ខ្លួន នោះ​មិន​យូរ​ទេ យើង​នឹង​ចាត់​ទុក​អ្នក​ដទៃ​ ជា​មនុស្ស​រំខាន។ ប៉ុន្តែ បើ​យើង​ធ្វើ​ការ ដើម្បី​ជា​ឱកាស ដើម្បី​ប្រព្រឹត្ត​ចំពោះ​អ្នក​ដទៃ ដោយ​សេចក្តី​ស្រឡាញ់ នោះ​ភាគ​ច្រើន​នៃ​កិច្ច​ការ​ដែល​យើង​ធ្វើ​ប្រចាំ​ថ្ងៃ​ក្លាយ​ជា​កិច្ចការ​ដ៏​បរិសុទ្ធ។​—Sheridan Voysey