លោកម៉ាក ថ្វេន(Mark Twain) ដែលជាអ្នកនិពន្ធបានលើកឡើងថា ទស្សនៈ ឬការមើលឃើញដែលយើងមានចំពោះជីវិតយើង អាចមានឥទ្ធិពលមកលើជំហានបន្ទាប់របស់យើង ហើយថែមទាំងមានឥទ្ធិពលមកលើជោគវាសនារបស់យើងផងដែរ។ លោកថ្វេនបានមានប្រសាសន៍ថា “អ្នកមិនអាចពឹងផ្អែកលើភ្នែករបស់អ្នកបានទេ ពេលដែលការស្រមៃរបស់អ្នកមិនមានការផ្តោតចិត្ត”។
សាវ័កពេត្រុសក៏បាននិយាយអំពីការមើលឃើញផងដែរ ពេលដែលគាត់ឆ្លើយតប ចំពោះអ្នកសុំទានម្នាក់ ដែលជាជនពិការ។ កាលនោះ គាត់ និងសាវ័កយ៉ូហានបានជួបអ្នកសុំទាននោះ នៅច្រកទ្វារព្រះវិហារក្រុងយេរូសាឡិម ដែលមានមនុស្សអ៊ូអរ(កិច្ចការ ៣:២)។ ពេលដែលបុរសនោះសុំទានពួកគេ ពួកគេក៏បានមើលទៅគាត់ ហើយ លោកពេត្រុសក៏បានប្រាប់គាត់ថា “ចូរមើលមកយើងឯណេះ”(ខ.៤)។
តើហេតុអ្វីគាត់និយាយដូចនេះ? ក្នុងនាមជាទូតរបស់ព្រះគ្រីស្ទ លោកពេត្រុសទំនងជាចង់ឲ្យអ្នកសុំទាននោះឈប់មើលទៅចំណុចខ្វះខាតរបស់ខ្លួន ហើយថែមទាំងឈប់មើលទៅតម្រូវការផ្នែកហិរញ្ញវត្ថុផងដែរ។ ពេលគាត់មើលទៅពួកសាវ័កទាំងពីរ គាត់ក៏បានមើលឃើញភាពពិត នៃការមានជំនឿលើព្រះ។
លោកពេត្រុសក៏បានប្រាប់គាត់ថា “ឯប្រាក់ ហើយនិងមាស ខ្ញុំគ្មានទេ តែរបស់ដែលខ្ញុំមាន នោះខ្ញុំនឹងឲ្យដល់អ្នក គឺដោយសារព្រះនាមព្រះយេស៊ូវគ្រីស្ទ ពីស្រុកណាសារ៉ែត ចូរអ្នកក្រោកឡើងដើរទៅចុះ”(ខ.៦)។ បន្ទាប់មក លោកពេត្រុសក៏បាន “ចាប់ដៃស្តាំលើកគាត់ឡើង ស្រាប់តែប្រអប់ជើង និងភ្នែកគោររបស់គាត់ មានកំឡាំងឡើងភ្លាម គាត់ក៏ស្ទុះឈរឡើងដើរទៅមក ហើយចូលទៅក្នុងព្រះវិហារជាមួយនឹងអ្នកទាំង២នោះ ទាំងដើរ ទាំងលោត ទាំងសរសើរព្រះផង”(ខ.៧-៨)។
តើមានរឿងអ្វីកើតឡើង? បុរសនោះបានមានជំនឿលើព្រះ(ខ.១៦)។ គឺដូចដែលលោកឆាល ស្ពើជិន(Charles Spurgeon) ដែលជាអ្នកផ្សាយដំណឹងល្អបានជំរុញយើងថា “ចូរឲ្យភ្នែករបស់យើងផ្តោតទៅលើព្រះអង្គតែប៉ុណ្ណោះ”។ ពេលណាយើងមើលទៅព្រះអង្គ យើងមិនឃើញឧបស័គ្គទៀតឡើយ តែយើងមើលឃើញព្រះ ដែលបានធ្វើឲ្យផ្លូវយើងជ្រះស្រឡះ។—Patricia Raybon