បន្ទាប់ពីលោកឆាល សាយមុន(Charles Simeon ឆ្នាំ១៧៥៩ ដល់ ១៨៣៦) មានមុខនាទីជាអ្នកដឹកនាំ នៅព្រះវិហារព្រះត្រៃឯកបរិសុទ្ធ នៅទីក្រុងខេមប្រ៊ីជ ប្រទេសអង់គ្លេស គាត់បានជួបការប្រឆាំងអស់រយៈពេលជាច្រើនឆ្នាំ។ សមាជិកនៃពួកជំនុំភាគច្រើន ចង់ឲ្យអ្នកដែលមានតួនាទីបន្ទាប់ពីលោកសាយម៉ុន ទទួលមុខនាទីនេះ គឺមិនចង់ឲ្យគាត់ដឹកនាំទេ។ ដូចនេះ ពួកគេក៏បានផ្សព្វផ្សាយពាក្យចចាមអារ៉ាមអំពីគាត់ ហើយបដិសេធការងាររបស់គាត់ ហើយពេលខ្លះ ថែមទាំងចាក់សោរទ្វារព្រះវិហារមិនឲ្យគាត់ចូលទៀត។ ប៉ុន្តែ លោកសាយម៉ុនមានចិត្តចង់ពេញដោយព្រះវិញ្ញាណបរិសុទ្ធ ដូចនេះ គាត់ក៏បានព្យាយាមជម្នះការនិយាយដើមនោះ ដោយបង្កើតគោលការណ៍មួយចំនួន សម្រាប់ការរស់នៅ។ គោលការណ៍មួយនោះ គឺមិនត្រូវជឿពាក្យចចាមអារ៉ាមឡើយ បើមិនប្រាកដថា វាជារឿងពិតទេនោះ ហើយគោលការណ៍មួយទៀត គឺត្រូវ “ជឿជានិច្ចថា ក្នុងរឿងវិវាទ គឺមិនត្រូវស្តាប់រឿងតែម្ខាងទេ”។
នៅក្នុងការអនុវត្តន៍នេះ លោកសាយម៉ុនបានធ្វើតាមការបង្រៀនរបស់ព្រះជាម្ចាស់ ដែលបង្គាប់រាស្រ្តព្រះអង្គ ឲ្យឈប់និយាយដើម និងនិយាយបង្ខូចគ្នា ព្រោះវានឹងស៊ីបំផ្លាញសេចក្តីស្រឡាញ់ ដែលពួកគេមាន ចំពោះគ្នាទៅវិញទៅមក។ ក្រឹត្យវិន័យមួយ ក្នុងចំណោមក្រឹត្យវិន័យ១០ប្រការរបស់ព្រះ បានឆ្លុះបញ្ចាំង អំពីព្រះទ័យរបស់ព្រះអង្គ ដែលចង់ឲ្យពួកគេរស់នៅ ដោយចិត្តពិតត្រង់។ ក្រឹត្យវិន័យនោះចែងថា “កុំឲ្យធ្វើជាទីបន្ទាល់ក្លែង ទាស់នឹងអ្នកជិតខាងខ្លួនឲ្យសោះ”(និក្ខមនំ ២០:១៦)។ បទគម្ពីរនិក្ខមនំ ២៣:១ ក៏បានបង្គាប់ផងដែរថា “កុំឲ្យបង្កើតរឿងក្លែងក្លាយឲ្យសោះ”។
សូមយើងគិតមើលថា តើពិភពលោកមានភាពខុសប្លែកយ៉ាងណា បើសិនជាយើងម្នាក់ៗមិនដែលផ្សព្វផ្សាយពាក្យចចាមអារ៉ាម និងរឿងក្លែងក្លាយ ហើយយើងបញ្ឈប់ពាក្យចចាមអារ៉ាមទំាងនោះ ពេលណាយើងឮគេនិយាយ។ ចូរយើងពឹងផ្អែកព្រះវិញ្ញាណបរិសុទ្ធ ដើម្បីឲ្យព្រះអង្គជួយយើង ឲ្យនិយាយការពិត ដោយសេចក្តីស្រឡាញ់ ខណៈពេលដែលយើងប្រើពាក្យសម្តីយើង ដើម្បីថ្វាយសិរីល្អដល់ព្រះ។—Amy Boucher Pye