បន្ទាប់​ពី​លោក​ឆាល សាយ​មុន(Charles Simeon ឆ្នាំ១៧៥៩ ដល់ ១៨៣៦) មាន​មុខ​នាទីជា​អ្នក​ដឹក​នាំ នៅ​ព្រះ​វិហារ​ព្រះ​ត្រៃឯក​បរិសុទ្ធ នៅ​ទីក្រុង​ខេម​ប្រ៊ីជ ប្រទេស​អង់​គ្លេស គាត់​បាន​ជួប​ការ​ប្រឆាំង​អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ។ សមាជិក​នៃ​ពួក​ជំនុំ​ភាគ​ច្រើន ចង់​ឲ្យ​អ្នក​ដែល​មាន​តួនាទី​បន្ទាប់​ពី​លោក​សាយម៉ុន ទទួល​មុខ​នាទី​នេះ គឺ​មិន​ចង់​ឲ្យ​គាត់​ដឹក​នាំ​ទេ។ ដូច​នេះ ពួក​គេ​ក៏បាន​ផ្សព្វ​ផ្សាយ​ពាក្យ​ចចាម​អារ៉ាម​អំពី​គាត់ ហើយ​បដិសេធ​ការងារ​របស់​គាត់ ហើយ​ពេល​ខ្លះ ថែម​ទាំង​ចាក់​សោរ​ទ្វារ​ព្រះ​វិហារមិន​ឲ្យ​គាត់​ចូល​ទៀត។​ ប៉ុន្តែ លោក​សាយ​ម៉ុន​មាន​ចិត្ត​ចង់​ពេញ​ដោយ​ព្រះ​វិញ្ញាណ​បរិសុទ្ធ ដូច​នេះ គាត់​ក៏​បាន​ព្យាយាម​ជម្នះ​ការ​និយាយ​ដើម​នោះ ដោយ​បង្កើត​គោលការណ៍​មួយ​ចំនួន សម្រាប់​ការ​រស់​នៅ។​ គោល​ការណ៍​មួយ​នោះ គឺ​មិន​ត្រូវ​ជឿ​ពាក្យ​ចចាម​អារ៉ាម​ឡើយ បើ​មិន​ប្រាកដ​ថា វា​ជា​រឿង​ពិត​ទេ​នោះ ហើយ​គោល​ការណ៍​មួយ​ទៀត គឺ​ត្រូវ “ជឿ​ជានិច្ច​ថា ក្នុង​រឿង​វិវាទ គឺមិន​ត្រូវ​ស្តាប់​រឿង​តែ​ម្ខាង​ទេ”។​

នៅ​ក្នុង​ការអនុវត្តន៍​នេះ  លោក​សាយ​ម៉ុន​បាន​ធ្វើ​តាម​ការ​បង្រៀន​របស់​ព្រះ​ជាម្ចាស់ ដែល​បង្គាប់​រាស្រ្ត​ព្រះ​អង្គ ឲ្យ​ឈប់​និយាយ​ដើម និង​និយាយ​បង្ខូច​គ្នា ព្រោះ​វា​នឹង​ស៊ី​បំផ្លាញ​សេចក្តី​ស្រឡាញ់ ដែល​ពួក​គេ​មាន ចំពោះ​គ្នា​ទៅ​វិញ​ទៅ​មក។ ក្រឹត្យ​វិន័យ​មួយ ក្នុង​ចំណោម​ក្រឹត្យ​វិន័យ​១០​ប្រការ​របស់​ព្រះ បាន​ឆ្លុះ​បញ្ចាំង អំពី​ព្រះ​ទ័យ​របស់​ព្រះ​អង្គ ដែល​ចង់​ឲ្យ​ពួក​គេ​រស់​នៅ ដោយ​ចិត្ត​ពិត​ត្រង់។ ក្រឹត្យ​វិន័យ​នោះ​ចែង​ថា “កុំ​ឲ្យ​ធ្វើ​ជា​ទី​បន្ទាល់​ក្លែង ទាស់​នឹង​អ្នក​ជិត​ខាង​ខ្លួន​ឲ្យ​សោះ”(និក្ខមនំ ២០:១៦)។ បទ​គម្ពីរ​និក្ខមនំ ២៣:១ ក៏​បាន​បង្គាប់​ផង​ដែរ​ថា “កុំ​ឲ្យ​បង្កើត​រឿង​ក្លែងក្លាយ​ឲ្យ​សោះ”។

សូម​យើង​គិត​មើល​ថា តើ​ពិភព​លោក​មាន​ភាព​ខុស​ប្លែក​យ៉ាង​ណា បើ​សិន​ជា​យើង​ម្នាក់​ៗ​មិន​ដែល​ផ្សព្វ​ផ្សាយ​ពាក្យ​ចចាម​អារ៉ាម និង​រឿង​ក្លែង​ក្លាយ ហើយ​យើង​បញ្ឈប់​ពាក្យ​ចចាម​អារ៉ាម​ទំាង​នោះ ពេល​ណា​យើង​ឮ​គេ​និយាយ។ ចូរ​យើង​ពឹង​ផ្អែក​ព្រះវិញ្ញាណ​បរិសុទ្ធ ដើម្បី​ឲ្យ​ព្រះ​អង្គ​ជួយ​យើង ឲ្យ​និយាយ​ការ​ពិត ដោយ​សេចក្តី​ស្រឡាញ់ ខណៈ​ពេល​ដែល​យើង​ប្រើ​ពាក្យ​សម្តី​យើង ដើម្បី​ថ្វាយ​សិរីល្អ​ដល់​ព្រះ។​—Amy Boucher Pye