មាន​ពេល​មួយ សាស្ត្រា​ចារ្យ​អក្សរ​សាស្រ្ត​អង់​គ្លេស នៅ​មហា​វិទ្យាល័យ​របស់​ខ្ញុំ​បាន​និយាយ​ថា​ បើ​សិន​ជា​គាត់​ប៉ះ​ព្រះ​គម្ពីរ ដៃ​របស់​គាត់​នឹង​ត្រូវ​ភ្លើង​ឆេះ​មិន​ខាន។ ខ្ញុំ​មាន​ការ​សោក​ស្តាយ​ណាស់ ដែល​បាន​ឮ​គាត់​និយាយ​ដូច​នេះ។ រឿង​ប្រលោម​លោក ដែល​យើង​កំពុង​តែ​អាន កាល​ពី​ពេល​ព្រឹក​នោះ មាន​ខគម្ពីរ​យោង​មួយ ហើយ​ពេល​ដែល​ខ្ញុំ​ដក​ព្រះ​គម្ពីរ​ចេញ​មក​ក្រៅ ដើម្បី​មើល គាត់​ក៏​បាន​ឃើញ​ខ្ញុំ ហើយ​ក៏​បាន​និយាយ​ពាក្យ​ដូច​នេះ​តែ​ម្តង។ សាស្ត្រា​ចារ្យ​របស់​ខ្ញុំ​ហាក់​ដូច​ជា​គិត​ថា គាត់​មាន​បាបខ្លាំង​ពេក មិន​អាច​ទទួល​ការ​អត់​ទោស​ពី​ព្រះ​បាន​ទេ។ ខ្ញុំ​ដឹង​ថា គាត់​គិត​ខុស តែ​ខ្ញុំ​គ្មាន​សេចក្តី​ក្លាហាន​គ្រប់​គ្រាន់ ដើម្បី​ប្រាប់​គាត់ អំពី​សេចក្តី​ស្រឡាញ់​របស់​ព្រះ និង​ប្រាប់​ថា ព្រះ​គម្ពីរ​បាន​បង្រៀន​យើង​ថា យើង​តែង​តែ​អាច​ស្វែង​រក​ការ​អត់​ទោស​បាប​ពី​ព្រះ​ជា​និច្ច។​

ព្រះ​គម្ពីរ​នេហេមា​ក៏​បាន​ចែង អំពី​គំរូ​នៃ​ការ​ប្រែ​ចិត្ត និង​ការ​អត់​ទោស​បាប​ផង​ដែរ។ កាល​នោះ ពួក​អ៊ីស្រា​អែល​ត្រូវ​បាន​និរទេស​ចេញ​ពី​ស្រុក​កំណើត ដោយ​សារ​ពួក​គេ​បាន​ធ្វើ​អំពើ​បាប ទាស់​នឹង​ព្រះ​អម្ចាស់ ប៉ុន្តែ ឥឡូវ​នេះ គេ​បាន​អនុញ្ញាត​ពួក​គេ​ឲ្យ​ត្រឡប់​មក​ទីក្រុង​យេរូសាឡិម​វិញ។ ពេល​ដែល​ពួក​គេ​បាន​ចូល​តំាង​ទីលំ​នៅ ហោរ៉ា​អែសរ៉ា ក៏​បាន​អាន​ក្រឹត្យ​វិន័យ ឲ្យ​ពួក​គេ​ស្តាប់​(នេហេមា ៧:៧៣-៨:៣)។ ពួក​គេ​បាន​សារភាព​អំពើ​បាប​របស់​ខ្លួន ដោយ​នឹក​ចាំ​ថា ទោះ​ពួក​គេ​មាន​អំពើ​បាប​ក៏​ដោយ ក៏​ព្រះ​ទ្រង់​មិន​បាន​ចាក​ចេញ ឬ​បោះ​បង់​ពួក​គេ​ចោល​ឡើយ​(៩:១៧,១៩)។ ព្រះ​អង្គ​បាន​ឮ​ពួក​គេ ពេល​ពួក​គេ​ទួញ​យំ ហើយ​ព្រះ​អង្គ​ក៏​មាន​ព្រះ​ទ័យ​អត់​ធ្មត់​ចំពោះ​ពួក​គេ ដោយ​ព្រះ​ទ័យ​អាណឹត និង​មេត្តា​(ខ.២៧-៣១)។

ព្រះ​ជា​ម្ចាស់​ក៏​មាន​ព្រះ​ទ័យ​អត់​ធ្មត់ ចំពោះ​យើង​ផង​ដែរ។ ព្រះ​អង្គ​នឹង​មិន​បោះ​បង់​ចោល​យើង​ឡើយ បើ​សិន​ជា​យើង​សម្រេច​ចិត្ត​សារភាព​អំពើ​បាប​របស់​យើង ហើយ​ងាក​បែរ​ទៅ​រក​ព្រះ​អង្គ។ កាល​នោះ ខ្ញុំ​ស្តាយ ដែល​ខ្ញុំ​មិន​បាន​ប្រាប់​សាស្រ្តា​ចារ្យ​របស់​ខ្ញុំ​ថា ព្រះ​យេស៊ូវ​នៅ​តែ​ស្រឡាញ់​គាត់ ហើយ​ចង់​ឲ្យ​គាត់​ធ្វើ​ជា​ផ្នែក​មួយ​នៃ​មហា​គ្រួសារ​របស់​ទ្រង់ ទោះ​គាត់​មាន​ប្រវត្តិ​ដូច​ម្តេចក៏​ដោយ។ ព្រះ​អង្គ​ក៏​មាន​ព្រះ​ទ័យ​ដូច​នេះ ចំពោះ​អ្នក និង​ខ្ញុំ​ផង​ដែរ។ យើង​អាច​ចូល​ទៅ​ជិត​ព្រះ​អង្គ ដោយ​ស្វែង​រក​ការ​អត់​ទោស​បាប ហើយ​ព្រះ​អង្គ​នឹង​អត់​ទោស​ឲ្យ​យើង!—Julie Schwab