ពេល​ដែល​កូន​ប្រុស​ខ្ញុំ ដែល​ជា​មនុស្ស​ពេញ​វ័យ បាន​ជួប​ប្រទះ​រឿង​ដ៏​ពិបាក ខ្ញុំ​ក៏​បាន​រំឭក​គាត់​ថា ព្រះ​ទ្រង់​តែង​តែ​យក​ព្រះ​ទ័យ​ទុក​ដាក់ និង​បំពេញ​តម្រូវ​ការ​របស់​ខ្ញុំ ដែល​ជា​ឪពុក​របស់​គាត់​ជា​និច្ច ក្នុង​អំឡុង​ពេល​ដែល​ខ្ញុំ​មិន​អាច​រក​ការងារ​ធ្វើ។ ខ្ញុំក៏​បាន​រំឭក អំពី​ពេល​ដែល​ព្រះ​ទ្រង់​ចម្រើន​កម្លាំង​ដល់​ក្រុម​គ្រួសារ​យើង ហើយ​ប្រទាន​នូវ​សន្តិ​ភាព នៅ​ពេល​ដែល​ម្តាយ​របស់​ខ្ញុំ​បានបរាជ័យ​នៅ​ក្នុង​ការ​តយុទ្ធ​នឹង​ជម្ងឺ​មហារីក​ឈាម។ ខ្ញុំ​ក៏​បាន​លើក​ឡើង អំពី​រឿង​នៃ​សេចក្តី​ស្មោះ​ត្រង់​របស់​ព្រះ ដែល​យើង​បានសរសេរ​នៅ​លើ​ក្រដាស់​សៀត​ចូល​ក្នុង​ព្រះ​គម្ពីរ ហើយ​ក៏​បាន​បញ្ជាក់​ថា ព្រះ​អង្គ​តែង​​តែ​គោរព​ព្រះ​បន្ទូល​សន្យា​របស់​ព្រះ​អង្គ​ជានិច្ច​។ ខ្ញុំ​បាន​នាំ​កូន​ប្រុស​ខ្ញុំ​ចូល​ទៅ​ក្នុង​ផ្លូវ​នៃ​ការ​នឹក​ចាំ ដែល​គ្រួសារ​យើង​មាន​ជា​មួយ​ព្រះ​អង្គ ដោយ​រំឭក​គាត់​ អំ​ពី​របៀប​ដែលព្រះ​អង្គ​នៅ​តែ​អាច​ឲ្យ​យើង​ពឹង​ផ្អែក​បាន ពេល​យើង​ឆ្លង​កាត់​ពេល ដែល​ពិបាក​ដូច​ការ​ដើរ​កាត់​ជ្រលង​ភ្នំ និង​ឡើង​ទៅ​កំពូលភ្នំ​។ ទោះ​យើង​កំពុង​តែ​មាន​ទុក្ខ​លំបាក ឬ​អរ​សប្បាយ​ក្តី ព្រះ​វត្ត​មាន​ ក្តី​ស្រឡាញ់ និង​ព្រះ​គុណ​របស់​ព្រះ​អង្គ ​តែង​តែ​គ្រប់​គ្រាន់​ជា​និច្ច។​

ខ្ញុំ​ចូល​ចិត្ត​ពង្រឹង​ជំនឿ តាម​របៀប​នេះ ហើយ​ក៏​បាន​ដឹង​ផង​ដែរ​ថា​ ព្រះ​ជា​ម្ចាស់​បាន​រចនា​យើង​មក ឲ្យ​មាន​ទម្លាប់​ចែក​ចាយ​រឿង ដើម្បី​លើក​ទឹក​ចិត្ត​មនុស្ស​ជំនាន់​ក្រោយ​ឲ្យ​ជឿ​ព្រះ​អង្គ។ ពេល​ដែល​ពួក​អ៊ីស្រាអែល​បាន​នឹក​ចាំ​ អំពី​រឿង​ទំាង​អស់​ដែល​ព្រះទ្រង់​បាន​ធ្វើ កាល​ពី​មុន នោះ​ព្រះ​អង្គ​ក៏​បាន​តម្រៀប​ថ្ម​មូល​នៃ​ការ​ទុក​ចិត្ត នៅ​លើ​ផ្លូវ​នៃ​ការ​នឹក​ចាំ​របស់​ពួក​គេ។​

ពួក​អ៊ីស្រាអែល​បាន​ឃើញ​ព្រះ​ទ្រង់​ស្មោះ​ត្រង់ ចំពោះ​ព្រះ​បន្ទូល​សន្យា​របស់​ព្រះ​អង្គ ខណៈ​ពេល​ដែល​ពួក​គេ​ដើរ​តាម​ព្រះ​អង្គ(ចោទិយកថា ៤:៣-៦)។ ព្រះ​អង្គ​តែង​តែ​ស្តាប់​ឮ និង​ឆ្លើយ​តប​ការ​អធិស្ឋាន​របស់​ពួក​គេ​ជា​និច្ច​(ខ.៧)។ ពួក​អ៊ីស្រាអែល​បាន​អរ​សប្បាយ និង​ជជែក​ជា​មួយ​អ្នក​ជំនាន់​ក្រោយ​(ខ.៩) ដោយ​ចែក​ចាយ​ ព្រះ​បន្ទូល​ដ៏​បរិសុទ្ធ ដែល​ព្រះ​ដ៏​ពិត ទ្រង់​បាន​បណ្តាលឲ្យ​តែង និង​រក្សា​ទុក​(ខ.១០)។

ខណៈ​ពេល​ដែល​យើង​និយាយ​ប្រាប់​អ្នក​ជំនាន់​ក្រោយ អំពី​ព្រះ​ចេស្តា សេចក្តី​មេត្តា និង​សេចក្តី​ស្រឡាញ់​ដ៏​ជ្រាល​ជ្រៅ នោះជំនឿ​របស់​យើង និង​ជំនឿ​របស់​អ្នក​ដទៃ អាច​មាន​ភាព​រឹង​មាំ​កាន់​តែ​ខ្លំាង ដោយ​សារ​ការ​បញ្ជាក់​ថា ភាព​ស្មោះ​ត្រង់​របស់​ព្រះ​អង្គស្ថិត​ស្ថេរ​ជា​ដរាប។—Xochitl Dixon