មានពេលមួយ ខ្ញុំបានឈរមើល ដោយចិត្តស្ងើច ចំពោះមេសោររាប់សែន ដែលមានឆ្លាក់អក្សរពីលើផ្តើមដោយពាក្យគូស្នេហ៍ ហើយត្រូវបានគេយកមកចាក់ជាប់នឹងផ្នែកនីមួយៗ នៃស្ពានផុន ដេស អាត នៅទីក្រុងប៉ារីស។ ស្ពាននេះត្រូវបានគេសង់ឡើង សម្រាប់អ្នកថ្មើរជើងឆ្លងកាត់ស្ទឹងសែន ហើយមានពោរពាសទៅដោយមេសោរដែលជានិមិត្តរូបនៃសេចក្តីស្រឡាញ់ ដែលគូស្នេហ៍ទាំងឡាយបានប្រើ ដើម្បីប្រកាស់ អំពីការប្តេជ្ញាចិត្តថា នឹងស្រឡាញ់គ្នារៀងរហូត។ កាលពីឆ្នាំ២០១៤ គេបានប៉ាន់ប្រម៉ានថា មេសោរទាំងនោះមានទម្ងន់ជាសរុបប្រហែល៥០តោន ហើយបានបណ្តាលឲ្យស្ពាននោះរលំអស់មួយផ្នែក ដូចនេះ គេចាំបាច់ត្រូវយកសោរទំាងនោះចេញពីស្ពាន។
វត្តមានរបស់មេសានៃសេចក្តីស្រឡាញ់ដ៏ច្រើនយ៉ាងនេះ បានឆ្លុះបញ្ចំាងអំពីការស្រេកឃ្លានដ៏ជ្រាលជ្រៅ ដែលយើងមាន ក្នុងនាមជាមនុស្ស គឺស្រេកឃ្លានសេចក្តីស្រឡាញ់ដ៏ស្ថិតស្ថេរ។ កណ្ឌគម្ពីរបទចម្រៀងសាឡូម៉ូន ជាកណ្គគម្ពីរសញ្ញាចាស់ ដែលបានពិពណ៌នា អំពីការសន្ទនា រវាងគូរស្នេហ៍ពីរនាក់ ដែលក្នុងនោះ ស្រ្តីបានបង្ហាញបំណងចិត្តរបស់ខ្លួន ដែលចង់បានសេចក្តីស្រឡាញ់ដ៏ស្ថិតស្ថេរ ដោយនិយាយទៅកាន់មនុស្សជាទីស្រឡាញ់របស់នាងថា “សូមប្តិតនាងនិត្យនៅព្រះទ័យទ្រង់ដូចជាត្រា គឺជាស្នាមត្រានៅលើព្រះពាហុទ្រង់ផង(៨:៦)។ នាងចង់បានសុវត្ថិភាព និងភាពជាប់លាប់ នៅក្នុងសេចក្តីស្រឡាញ់របស់ទ្រង់ ដូចជាត្រាបោះជាប់ព្រះទ័យទ្រង់ ឬចិញ្ចៀន ដែលជាប់នឹងព្រះអង្គុលីរបស់ទ្រង់។
ការស្រេកឃ្លានចង់បានសេចក្តីស្រឡាញ់បែបរ៉ូមិនទិចដ៏ស្ថិតស្ថេរ ក្នុងកណ្ឌគម្ពីរបទចម្រៀងសាឡ៉ូម៉ូន បានចង្អុលបង្ហាញយើង ឲ្យងាកទៅរកសេចក្តីពិតក្នុងកណ្ឌគម្ពីរអេភេសូរ ដែលជាកណ្ឌគម្ពីរសញ្ញាថ្មី ដែលបានចែងថា ទ្រង់ក៏ដៅចំណាំយើង ដោយព្រះវិញ្ញាណបរិសុទ្ធ(១:១៣)។ សេចក្តីស្នេហារបស់មនុស្សអាចសាវ៉ា ហើយមេសោរក៏អាចត្រូវគេដោះចេញពីស្ពានផងដែរ ប៉ុន្តែ ព្រះវិញ្ញាណបរិសុទ្ធរបស់ព្រះគ្រីស្ទគង់នៅក្នុងយើង ធ្វើជាត្រាអចិន្រ្តៃ ដែលបង្ហាញចេញនូវសេចក្តីស្រឡាញ់ដ៏ស្ថិតស្ថេរ ដែលព្រះទ្រង់មានសម្រាប់កូនព្រះអង្គ។—Lisa M. Samra