មាន​ពេល​មួយ ខ្ញុំ​បាន​ឈរ​មើល ដោយ​ចិត្ត​ស្ងើច ចំពោះ​មេសោរ​រាប់​សែន ដែល​មាន​ឆ្លាក់​អក្សរ​ពី​លើ​ផ្តើម​ដោយ​ពាក្យ​គូ​ស្នេហ៍ ហើយ​ត្រូវ​បាន​គេ​យក​មក​ចាក់​ជាប់​នឹង​ផ្នែក​នីមួយ​ៗ នៃ​ស្ពាន​ផុន ដេស អាត នៅ​ទី​ក្រុង​ប៉ារីស។ ស្ពាន​នេះ​ត្រូវ​បាន​គេ​សង់​ឡើង សម្រាប់​អ្នក​ថ្មើរ​ជើង​ឆ្លង​កាត់​ស្ទឹង​សែន ហើយ​មាន​ពោរ​ពាស​ទៅ​ដោយ​មេសោរ​ដែល​ជា​និមិត្ត​រូប​នៃ​សេចក្តី​ស្រឡាញ់ ដែល​គូស្នេហ៍​ទាំង​ឡាយបាន​ប្រើ ដើម្បី​ប្រកាស់ អំពី​ការ​ប្តេជ្ញា​ចិត្ត​ថា នឹង​ស្រឡាញ់​គ្នា​រៀង​រហូត។ កាល​ពី​ឆ្នាំ​២០១៤ គេ​បាន​ប៉ាន់​ប្រម៉ាន​ថា មេសោរ​ទាំង​នោះ​មាន​ទម្ងន់​ជា​សរុប​ប្រហែល​៥០​តោន ហើយ​បាន​បណ្តាល​ឲ្យ​ស្ពាន​នោះ​រលំ​អស់​មួយ​ផ្នែក​ ដូច​នេះ​ គេចាំ​បាច់​ត្រូវ​យក​សោរ​ទំាង​នោះ​ចេញ​ពី​ស្ពាន។​

វត្តមាន​របស់​មេសា​នៃ​សេចក្តី​ស្រឡាញ់​ដ៏​ច្រើន​យ៉ាង​នេះ បាន​ឆ្លុះ​បញ្ចំាង​អំពី​ការ​ស្រេក​ឃ្លាន​ដ៏​ជ្រាល​ជ្រៅ ដែល​យើង​មាន ក្នុងនាម​ជា​មនុស្ស គឺ​ស្រេក​ឃ្លាន​សេចក្តី​ស្រឡាញ់​ដ៏​ស្ថិត​ស្ថេរ។ កណ្ឌ​គម្ពីរ​បទ​ចម្រៀង​សាឡូម៉ូន ជា​កណ្គ​គម្ពីរ​សញ្ញា​ចាស់ ដែល​បាន​ពិពណ៌នា អំពី​ការ​សន្ទ​នា រវាង​គូរ​ស្នេហ៍​ពីរ​នាក់ ដែល​ក្នុង​នោះ ស្រ្តី​បាន​បង្ហាញ​បំណង​ចិត្ត​របស់​ខ្លួន ដែល​ចង់​បាន​សេចក្តី​ស្រឡាញ់​ដ៏​ស្ថិត​ស្ថេរ ដោយ​និយាយ​ទៅ​កាន់​មនុស្ស​ជា​ទី​ស្រឡាញ់​របស់​នាង​ថា “សូម​ប្តិត​នាង​និត្យ​នៅ​ព្រះ​ទ័យ​ទ្រង់​ដូច​ជា​ត្រា គឺ​ជា​ស្នាម​ត្រា​នៅ​លើ​ព្រះ​ពាហុទ្រង់​ផង​(៨:៦)។ នាង​ចង់​បាន​សុវត្ថិភាព និង​ភាព​ជាប់​លាប់ នៅ​ក្នុង​សេចក្តី​ស្រឡាញ់​របស់​ទ្រង់ ដូច​ជា​ត្រា​បោះ​ជាប់​ព្រះ​ទ័យ​ទ្រង់ ឬ​ចិញ្ចៀន ដែល​ជាប់​នឹង​ព្រះ​អង្គុលី​របស់​ទ្រង់។​

ការ​ស្រេក​ឃ្លាន​ចង់​បាន​សេចក្តី​ស្រឡាញ់​បែប​រ៉ូមិនទិច​ដ៏​ស្ថិត​ស្ថេរ ក្នុង​កណ្ឌ​គម្ពីរ​បទ​ចម្រៀង​សាឡ៉ូម៉ូន បាន​ចង្អុល​បង្ហាញយើង​ ឲ្យ​ងាក​ទៅ​រក​សេចក្តី​ពិត​ក្នុង​កណ្ឌ​គម្ពីរ​អេភេសូរ ដែល​ជា​កណ្ឌ​គម្ពីរ​សញ្ញា​ថ្មី ដែល​បាន​ចែង​ថា​ ​ទ្រង់​ក៏​ដៅ​ចំណាំ​យើង ​ដោយ​ព្រះវិញ្ញាណ​បរិសុទ្ធ(១:១៣)។ សេចក្តី​ស្នេហា​របស់​មនុស្ស​អាច​សាវ៉ា ហើយ​មេសោរ​ក៏​អាច​ត្រូវ​គេ​ដោះ​ចេញ​ពី​ស្ពាន​ផងដែរ ប៉ុន្តែ ព្រះ​វិញ្ញាណ​បរិសុទ្ធ​របស់​ព្រះ​គ្រីស្ទ​គង់​នៅ​ក្នុង​យើង ធ្វើ​ជា​ត្រា​អចិន្រ្តៃ ដែល​បង្ហាញ​ចេញ​នូវ​សេចក្តី​ស្រឡាញ់​ដ៏​ស្ថិត​ស្ថេរ ដែល​ព្រះ​ទ្រង់​មាន​សម្រាប់​កូន​ព្រះ​អង្គ។—Lisa M. Samra