មានពេលមួយ លោកជូលីយ៉ូសជិះកង់ឆ្លងស្ពានចច វ៉ាស៊ីនតោន ជាស្ពានពីរជាន់ដ៏មមាញឹក ដែលបានតភ្ជាប់ទីក្រុងញូយ៉ក និងទីក្រុងញូជ័រស៊ី។ ពេលនោះ គាត់ក៏បានឃើញបុរសម្នាក់ កំពុងតែឈរតោងបង្កាន់ដៃស្ពាន ហៀបនឹងលោតចូលទៅក្នុងទន្លេហាត់សិន។ គាត់ដឹងថា ប៉ូលីសមិនអាចមកដល់ទាន់ពេលវេលាទេ ដូចនេះ គាត់ក៏បានប្រញាប់ចូលទៅជួយបុរសនោះ។ គាត់ថា កាលនោះ គាត់បានចុះពីលើកង់ ហើយលាតសន្ធឹងដៃរបស់គាត់ ដោយនិយាយទៅកាន់បុរសនោះថា “កុំលោតអី។ ពួកយើងស្រឡាញ់អ្នក”។ បន្ទាប់មក គាត់ក៏បានចាប់ទាញបុរសខូចចិត្តនោះ ដូចអ្នកគង្វាលចៀមទាញចៀមនឹងទំពក់ ហើយក៏បាននាំបុរសនោះមកកន្លែងសុវត្ថិភាព ដោយជំនួយពីអ្នកដំណើរម្នាក់ទៀត។ គេបានរាយការណ៍ថា កាលនោះ លោកជូលីយ៉ូមិនព្រមលែងបុរសនោះឡើយ ទោះបុរសនោះបានមកដល់កន្លែងសុវត្ថិភាពហើយក៏ដោយ។
កាលពីជាង២ពាន់ឆ្នាំមុន ព្រះយេស៊ូវ ដែលជាអ្នកគង្វាលល្អ មានបន្ទូលថា ព្រះអង្គនឹងលះបង់ព្រះជន្ម ដើម្បីជួយសង្រ្គោះ ហើយព្រះអង្គនឹងមិនបោះបង់ចោលអ្នកដែលជឿព្រះអង្គឡើយ។ ព្រះអង្គបានពិពណ៌នាថា ពួកគេនឹងស្គាល់ព្រះអង្គដោយផ្ទាល់ៗខ្លួន ទទួលអំណោយនៃជីវិតអស់កល្ប និងមិនត្រូវវិនាសឡើយ ហើយពួកគេនឹងជាប់នៅក្នុងសុវត្ថិភាព នៃការថែរក្សារបស់ព្រះអង្គ។ សុវត្ថិភាពនេះ មិនអាស្រ័យទៅលើសមត្ថភាពរបស់សត្វចៀមដ៏ទន់ខ្សោយ តែពឹងផ្អែកទៅលើភាពគ្រប់គ្រាន់នៃព្រះដ៏ជាអ្នកគង្វាល ដែលទ្រង់មិនឲ្យអ្នកណាឆក់យកចៀម ចេញពីព្រះហស្តរបស់ទ្រង់ឡើយ(យ៉ូហាន ១០:២៨-២៩)។
កាលយើងមានអារម្មណ៍ឈឺចាប់ និងអស់សង្ឃឹម ព្រះយេស៊ូវបានជួយសង្រ្គោះយើង បានជាយើងអាចមានអារម្មណ៍ថា មានសុវត្ថិភាព និងជាប់នៅ ក្នុងទំនាក់ទំនងជាមួយព្រះអង្គ។ ព្រះអង្គស្រឡាញ់យើង តាមរកយើង រកឃើញយើង ជួយសង្រ្គោះ ហើយសន្យាថា ព្រះអង្គនឹងមិនបោះបង់យើងចោលឡើយ។—Marvin Williams