កាល​ពី​ក្មេង អ្នក​គ្រូ​ថេរីសា(Thérèse) នៃ​ក្រុង​លីស៊ី គឺ​ជា​កុមារ​ដ៏​រីក​រាយ មិន​ខ្វល់​ពី​អ្វី​ឡើយ។ ប៉ុន្តែ ពេល​ដែល​ម្តាយ​របស់គាត់​បាន​បាត់​បង់​ជីវិត កាល​គាត់​មាន​អាយុ​ទើប​តែ​៤​ឆ្នាំ គាត់​ក៏​បាន​ប្រែ​ជា​ក្មេង​ដែល​មាន​ការ​ភ័យ​ខ្លាច​ច្រើន ​ហើយ​ងាយ​នឹងមាន​ការ​ព្រួយ​បារម្ភ។ ប៉ុន្តែ ជា​ច្រើន​ឆ្នាំ​ក្រោយ​មក នៅ​ថ្ងៃ​បុណ្យ​ណូអែល ​អ្វី​ៗ​គ្រប់​យ៉ាង​​បាន​​ផ្លាស់​ប្តូរ។ បន្ទាប់​ពី​គាត់​បាន​ចូល​រួម​កម្ម​វិធី​រំឭក អំពី​ការ​ប្រសូត​របស់​ព្រះ​យេស៊ូវ ជា​មួយ​ពួក​ជំនុំ​របស់​គាត់ គាត់​ក៏​បាន​ពិសោធន៍​នឹង​ព្រះ​វត្ត​មាន​របស់​ព្រះ ​ដោយ​ព្រះ​អង្គ​រំដោះ​គាត់​ឲ្យ​រួច​ពី​ការ​ភ័យ​ខ្លាច និង​ប្រទាន​ឲ្យ​គាត់​មាន​ក្តី​អំណរ។ គាត់​បាន​ទទួល​ស្គាល់​ថា ការ​ផ្លាស់​ប្តូរនោះ បាន​កើត​ឡើង ដោយ​សារ​អំណាច​របស់​ព្រះ​អង្គ ដែល​បាន​យាង​ចុះ​ពី​ស្ថាន​សួគ៌ ហើយ​យក​កំណើត​ជា​មនុស្ស មាន​ព្រះ​នាម​យេស៊ូវ និង​ដោយសារ​ព្រះ​វត្ត​មាន​របស់​ព្រះ​ដែល​គង់​នៅ​ក្នុង​ចិត្ត​នាង។

តើ​ការ​គង់​នៅ​របស់​ព្រះ​គ្រីស្ទ ក្នុង​ចិត្ត​យើង មាន​ន័យ​យ៉ាង​ណា​ចំពោះ​យើង? ត្រង់​ចំណុច​នេះ សាវ័ក​ប៉ុល​បាន​មាន​ប្រសាសន៍​ថា ការ​គង់​នៅ​របស់​ព្រះ​គ្រីស្ទ ក្នុង​ចិត្ត​យើង គឺ​ជា​សេចក្តី​អាថ៌​កំបាំង ដែល​ព្រះ​ទ្រង់​បាន “​លាក់​ទុក តាំង​ពី​អស់​កល្ប​រៀង​រាល់​តែ​ដំណ​ត​មក”(កូល៉ុស ១:២៦) តែ​ទ្រង់​បាន​បើក​សម្តែង​ដល់​រាស្រ្ត​ទ្រង់។  ព្រះ​ទ្រង់​បាន​បើក​សម្តែង​ឲ្យ​ពួក​គេ​ដឹង​ថា “សិរីល្អ​ដ៏​បរិបូរ​របស់​សេចក្តី​អាថ៌កំបាំង​នេះ​ជា​យ៉ាង​ណា ក្នុង​ពួក​សាសន៍​ដទៃ គឺ​ថា ព្រះគ្រីស្ទ​ទ្រង់​សណ្ឋិត​នៅ​ក្នុង​អ្នក​រាល់​គ្នា ដែល​ជា​ទី​សង្ឃឹម​យ៉ាង​ឧត្តម”(ខ.២៧)។ ដោយ​សារ​ព្រះ​គ្រីស្ទ​បាន​គង់​នៅ​ក្នុង​ចិត្ត​របស់​ពួក​ជំនុំ​នៅ​ក្រុង​កូល៉ុស នោះ​ពួក​គេ​ក៏​បាន​ពិសោធន៍​នឹង​ក្តី​អំណរ ក្នុង​ជីវិត​ថ្មី។ ពួក​គេ​មិន​ជាប់​ជា​ទាសករ​នៃ​អំពើ​បាប ក្នុង​ជីវិត​ចាស់​នោះ​ឡើយ។​

បើ​យើង​បាន​ទទួល​ជឿ​ព្រះ​យេស៊ូវ ជា​ព្រះ​អម្ចាស់ និង​ព្រះ​អង្គ​សង្រ្គោះ​របស់​យើង នោះ​យើង​ក៏​នឹង​បាន​ស្គាល់​សេចក្តី​អាថ៌​កំបាំង​នៃ​ការ​គង់​នៅ​របស់​ទ្រង់ ក្នុង​ចិត្ត​យើង​ផង​ដែរ។​ ​ព្រះ​វិញ្ញាណ​  ព្រះ​អង្គ​អាច​រំដោះ​យើង​ឲ្យ​រួច​ពី​ការ​ភ័យ​ខ្លាច ហើយ​ជួយ​ឲ្យ​យើង​បង្កើត​ផល​ផ្លែ​នៃ​ព្រះ​វិញ្ញាណ​បរិសុទ្ធ ដែល​មាន​ដូច​ជា ក្តី​អំណរ សន្តិ​ភាព និង​ការ​ដឹង​ខ្នាត​(កាឡាទី ៥:២២-២៣)។

ចូរ​យើង​អរ​ព្រះ​គុណ​ព្រះ​អង្គ សម្រាប់​សេចក្តី​អាថ៌​កំបាំង​ដ៏​អស្ចារ្យ​នៃ​ព្រះ​គ្រីស្ទ ដែល​គង់​នៅ​ក្នុង​ចិត្ត​យើង។—Amy Boucher Pye