ស្វាមីរបស់ខ្ញុំ ឈ្មោះ អ័ឡិន(Alan) បានឈរនៅក្រោមពន្លឺភ្លើង ដែលបញ្ចាំងពីលើបង្គោលដ៏ខ្ពស់ត្រដែត មកលើទីលានប្រកួត ខណៈពេលដែលក្រុមដែលមកប្រកួតនឹងក្រុមគាត់ បានវាយកូនបាល់ខ្ទាតទៅលើអាកាស។ គាត់ក៏បានរត់បោះពួយទៅរកផ្នែកដែលងងឹតបំផុត ក្នុងទីលានប្រកួត ដោយភ្នែកគាត់ផ្តោតទៅលើកូនបាល់នោះ ហើយក៏បានបុករបងដែលគេបានសង់ពីសំណាញ់ដែក។
ក្រោយមក នៅយប់ដដែលនោះ ខ្ញុំក៏បានហុចទឹកកកឲ្យគាត់ស្អំ។ ខ្ញុំសួរគាត់ថា តើគាត់មានឈឺកន្លែងណាទេ? គាត់ឈ្លីស្មាខ្លួនឯងហើយនិយាយថា គាត់នឹងមានអារម្មណ៍ល្អជាងនេះ បើសិនជាមិត្តរួមក្រុមគាត់ បានដាស់តឿនគាត់ កុំឲ្យរត់ទៅបុករបង។
ក្រុមកីឡាករដំណើរការបានល្អបំផុត នៅពេលដែលពួកគេធ្វើការរួមគ្នា។ គាត់អាចជៀសផុតពីរបួសនោះ បើសិនជាមិត្តរួមក្រុមតែម្នាក់ ស្រែកប្រាប់គាត់ ដើម្បីដាស់តឿនគាត់ ពេលគាត់រត់សំដៅទៅរករបង ដោយមិនដឹងខ្លួន។
ព្រះគម្ពីរប៊ីបបានរំឭកយើងថា ព្រះជាម្ចាស់បានរៀបចំឲ្យមានសមាជិកនៃពួកជំនុំ ដើម្បីធ្វើការរួមគ្នា ហើយជួយមើលគ្នា ដូចក្រុមកីឡាករអញ្ចឹងដែរ។ សាវ័កប៉ុលបានប្រាប់យើងថា ព្រះទ្រង់យកព្រះទ័យទុកដាក់ ចំពោះរបៀបដែលយើងប្រកបទាក់ទងគ្នា ព្រោះសកម្មភាពរបស់មនុស្សម្នាក់ អាចនាំផលប៉ះពាល់មកលើសហគមន៍នៃអ្នកជឿទំាងមូល(កូល៉ុស ៣:១៣-១៤)។ ពេលណាយើងឱបក្រសោបយកឱកាស ដើម្បីបម្រើគ្នាទៅវិញទៅមក មានការប្តូរផ្តាច់ទំាងស្រុង ចំពោះការរួបរួម និងសន្តិភាព ពួកជំនុំយើងនឹងរីកច្រើន(ខ.១៥)។
សាវ័កប៉ុលបានបង្រៀនថា “ចូរឲ្យព្រះបន្ទូលនៃព្រះគ្រីស្ទ បានសណ្ឋិតនៅក្នុងអ្នករាល់គ្នាជាបរិបូរ ដោយប្រាជ្ញាគ្រប់យ៉ាង ទាំងបង្រៀន ហើយទូន្មានគ្នា ដោយនូវទំនុកដំកើង ទំនុកបរិសុទ្ធ និងចំរៀងខាងឯវិញ្ញាណ”(ខ.១៦)។ ពេលណាយើងនៅជាប់នឹងព្រះបន្ទូល យើងអាចលើកទឹកចិត្ត និងការពារគ្នាទៅវិញទៅមក តាមរយៈទំនាក់ទំនងនៃក្តីស្រឡាញ់ និងស្មោះត្រង់ ដោយស្តាប់បង្គាប់ និងសរសើរដំកើងព្រះ ដោយចិត្តកត្តញូ និយាយរួម យើងរីកចម្រើនទំាងអស់គ្នា។—Xochitl Dixon