ស្វាមីរបស់ខ្ញុំ ឈ្មោះ អ័ឡិន(Alan) បាន​ឈរ​នៅ​ក្រោម​ពន្លឺ​ភ្លើង ដែល​បញ្ចាំង​ពី​លើ​បង្គោល​ដ៏​ខ្ពស់​ត្រដែត មក​លើ​ទីលាន​ប្រកួត ខណៈ​ពេល​ដែល​ក្រុម​ដែល​មក​ប្រកួត​នឹង​ក្រុម​គាត់ បាន​វាយ​កូន​បាល់​ខ្ទាត​ទៅ​លើ​អាកាស។ គាត់​ក៏​បាន​រត់​បោះ​ពួយទៅ​រក​ផ្នែក​ដែល​ងងឹត​បំផុត ក្នុង​ទីលាន​ប្រកួត ដោយ​ភ្នែក​គាត់​ផ្តោត​ទៅ​លើ​កូន​បាល់​នោះ ហើយ​ក៏​បាន​បុក​របង​ដែល​គេ​បាន​សង់​ពី​សំណាញ់​ដែក។​

ក្រោយ​មក នៅ​យប់​ដដែល​នោះ ខ្ញុំ​ក៏​បាន​ហុច​ទឹកកក​ឲ្យ​គាត់​ស្អំ។ ខ្ញុំ​សួរ​គាត់​ថា តើ​គាត់​មាន​ឈឺ​កន្លែង​ណា​ទេ? គាត់​ឈ្លី​ស្មាខ្លួន​ឯង​ហើយ​និយាយ​ថា គាត់​នឹង​មាន​អារម្មណ៍​ល្អ​ជាង​នេះ បើ​សិន​ជា​មិត្ត​រួម​ក្រុម​គាត់ បាន​ដាស់​តឿន​គាត់​ កុំ​ឲ្យ​រត់​ទៅ​បុក​របង​។

ក្រុម​កីឡាករ​ដំណើរ​ការ​បាន​ល្អ​បំផុត នៅ​ពេល​ដែល​ពួក​គេ​ធ្វើ​ការ​រួម​គ្នា។ គាត់​អាច​ជៀស​ផុត​ពី​របួស​នោះ បើ​សិន​ជា​មិត្ត​រួមក្រុម​តែ​ម្នាក់ ស្រែក​ប្រាប់​គាត់ ដើម្បី​ដាស់​តឿន​គាត់ ពេល​គាត់​រត់​សំដៅ​ទៅ​រក​របង ដោយ​មិន​ដឹង​ខ្លួន។​

ព្រះ​គម្ពីរ​ប៊ីប​បាន​រំឭក​យើង​ថា ព្រះ​ជា​ម្ចាស់​បាន​រៀប​ចំ​ឲ្យ​មាន​សមាជិក​នៃ​ពួក​ជំនុំ ដើម្បី​ធ្វើ​ការ​រួម​គ្នា ហើយ​ជួយ​មើល​គ្នា​ ដូចក្រុម​កីឡាករ​អញ្ចឹង​ដែរ។ សាវ័ក​ប៉ុល​បាន​ប្រាប់​យើង​ថា ព្រះ​ទ្រង់​យក​ព្រះ​ទ័យ​ទុក​ដាក់​ ចំពោះ​របៀប​ដែល​យើង​ប្រកប​ទាក់​ទងគ្នា ព្រោះ​សកម្ម​ភាព​របស់​មនុស្ស​ម្នាក់ អាច​នាំ​ផល​ប៉ះ​ពាល់​មក​លើ​សហគមន៍​នៃ​អ្នក​ជឿ​ទំាង​មូល​(កូល៉ុស ៣:១៣-១៤)។ ពេល​ណា​យើង​ឱប​ក្រសោប​យក​ឱកាស ដើម្បី​បម្រើ​គ្នា​ទៅ​វិញ​ទៅ​មក មាន​ការ​ប្តូរ​ផ្តាច់​ទំាង​ស្រុង ចំពោះ​ការ​រួប​រួម និង​សន្តិភាព ពួក​ជំនុំ​យើង​នឹង​រីក​ច្រើន(ខ.១៥)។

សាវ័ក​ប៉ុល​បាន​បង្រៀន​ថា  “ចូរ​ឲ្យ​ព្រះបន្ទូល​នៃ​ព្រះគ្រីស្ទ បាន​សណ្ឋិត​នៅ​ក្នុង​អ្នក​រាល់​គ្នា​ជា​បរិបូរ ដោយ​ប្រាជ្ញា​គ្រប់​យ៉ាង ទាំង​បង្រៀន ហើយ​ទូន្មាន​គ្នា ដោយ​នូវ​ទំនុក​ដំកើង ទំនុក​បរិសុទ្ធ និង​ចំរៀង​ខាង​ឯ​វិញ្ញាណ”(ខ.១៦)។ ពេល​ណា​យើង​នៅ​ជាប់​នឹងព្រះ​បន្ទូល យើង​អាច​លើក​ទឹក​ចិត្ត និង​ការពារ​គ្នា​ទៅ​វិញ​ទៅ​មក តាម​រយៈ​ទំនាក់​ទំនង​នៃ​ក្តី​ស្រឡាញ់ និង​ស្មោះ​ត្រង់ ដោយ​ស្តាប់​បង្គាប់ និង​សរសើរ​ដំកើង​ព្រះ ដោយ​ចិត្ត​កត្តញូ និយាយ​រួម យើង​រីក​ចម្រើន​ទំាង​អស់​គ្នា។​—Xochitl Dixon