កាលពីខែ មេសា ឆ្នាំ២០១៩ តំបន់ជាយក្រុងវិចតូវីល រដ្ឋកាលីហ្វូញ៉ា ត្រូវបានគ្របដណ្តប់ទៅដោយដើមគុម្ពោតរមាល។ កម្លាំងខ្យល់ដ៏ខ្លាំងបានបក់បោកដើមគុម្ពោតទំាងនោះ ឲ្យប៉ើង និងរមាលចេញពីវាលរហោស្ថានម៉ូចាវេ ជាកន្លែងដែលពួកវាដុះ។ ដើមគុម្ពោតទំាងនោះអាចលូតកម្ពស់ជិត២ម៉ែត្រ ពេលដែលវាពេញវ័យ ហើយវាក៏បានផ្តាច់ខ្លួនដ៏ធំរបស់វាចេញពីឫស ដើម្បី “រមាល” តាមខ្យល់ ហើយបាចសាចគ្រាប់របស់វា។
រូបភាពនៃដើមគុម្ពោតរមាលបានលេចឡើង ក្នុងគំនិតខ្ញុំ ពេលដែលខ្ញុំអានការពិពណ៌នារបស់លោកយេរេមា អំពី មនុស្សម្នាក់ ដែលមានចិត្តងាកបែរចេញពីព្រះអម្ចាស់(យេរេមា ១៧:៥)។ គាត់ថា អ្នកដែលទីពឹងដល់មនុស្ស និងរូបសាច់របស់ខ្លួនឯង ប្រៀបបាននឹង “ដើមឈើសោះកក្រោះ នៅសមុទ្រខ្សាច់” ហើយនឹងមិនឃើញសេចក្តីល្អ ដែលបានមកដល់នោះទេ(ខ.៥-៦)។ ផ្ទុយទៅវិញ អ្នកដែលទុកចិត្តព្រះ ជាជាងទុកចិត្តមនុស្ស គឺប្រៀបដូចជាដើមឈើ ដែលមានឫសរឹងមាំទទួលកម្លាំងពីព្រះអង្គ ដែលជួយឲ្យពួកគេ នៅតែមានជីវិតពេញបរិបូរ សូម្បីតែនៅក្នុងពេលរាំងស្ងួតយ៉ាងណាក៏ដោយ។
ដើមគុម្ពោតរមាល និងដើមឈើសុទ្ធតែមានឫស។ ទោះជាយ៉ាងណាក៏ដោយ ដើមគុម្ពោតរមាល មិននៅជាប់នឹងឫសបានយូរឡើយ ធ្វើឲ្យពួកគេផ្តាច់ខ្លួនពីប្រភពនៃជីវិត ហើយក៏បានក្រៀមស្វិត និងស្លាប់។ ម្យ៉ាងទៀត ដើមឈើនៅតែជាប់នឹងឫសរបស់វា ដែលជួយឲ្យវាលូតលាស់ និងមានផលផ្លែ ហើយជួយឲ្យវាឈរមាំមួន នៅពេលព្យុះភ្លៀង។ ពេលណាយើងនៅជាប់នឹងព្រះ ដោយទទួលកម្លាំង និងការលើកទឹកចិត្ត ពីប្រាជ្ញា ដែលឃើញមានក្នុងព្រះគម្ពីរ ហើយជជែកជាមួយព្រះអង្គ ក្នុងការអធិស្ឋាន នោះយើងក៏អាចពិសោធន៍នឹងជីវជាតិមកពីព្រះអង្គ ដែលផ្តល់ឲ្យ និងទ្រទ្រង់ជីវិត។—Kirsten Holmberg