ខ្ញុំស្ថិតក្នុងចំណោមមនុស្ស១លាននាក់ នៅទូទាំងពិភពលោក ដែលបានរងគ្រោះ ដោយសារជម្ងឺធា្លក់ទឹកចិត្ត ដោយសារអាកាសធាតុ(សរសេរកាត់ថា SAD) ជាជម្ងឺធ្លាក់ទឹកចិត្តមួយប្រភេទ ដែលកើតឡើងជាធម្មតា ក្នុងតំបន់ ដែលមិនសូវមានពន្លឺថ្ងៃ ដោយសារថ្ងៃមានរយៈពេលខ្លី នៅរដូវរងារ។ ពេលដែលខ្ញុំចាប់ផ្តើមមានការបារម្ភថា អាកាសធាតុត្រជាក់ខ្លាំងនឹងនៅតែបន្តមិនចេះឈប់ ខ្ញុំក៏មានចិត្តអន្ទះសារចង់ឃើញភស្តុតាង ដែលបង្ហាញថា ថ្ងៃដែលមានរយៈពេលវែង និងអាកាសធាតុក្តៅ កំពុងតែជិតមកដល់ហើយ។
ផ្កាក៏បានខំប្រឹងរីកចេញពីព្រិល យ៉ាងជោគជ័យ ជាសញ្ញាដំបូងនៃរដូវផ្ការីក ជាការរំឭកដ៏មានអំណាច អំពីក្តីសង្ឃឹមរបស់ព្រះ ដែលអាចឆ្លងកាត់ពេលដែលងងឹតបំផុត។ ហោរាមីកាបានប្រកាសអំពីរឿងនេះ ក្នុងកាលដែលគាត់ស៊ូទ្រាំនឹង “រដូវរងា” ជាពេលដែលពួកអ៊ីស្រាអែលបានងាកចេញពីព្រះ។ ខណៈពេលដែលលោកមីកាពិនិត្យមើលស្ថានភាពដ៏ងងឹតនេះ គាត់ក៏បានពោលទំនួញថា “គ្មាននរណាទៀងត្រង់ នៅក្នុងពួកមនុស្សលោកទេ”(មីកា ៧:២)។
ប៉ុន្តែ ទោះស្ថានភាពហាក់ដូចជាយ៉ាប់យ៉ឺនយ៉ាងណាក្តី លោកហោរារូបនេះមិនព្រមបោះបង់ចោលក្តីសង្ឃឹមឡើយ។ គាត់ទុកចិត្តថា ព្រះទ្រង់កំពុងធ្វើការទ្រង់(ខ.៧) ទោះគាត់ឃើញតែភាពហិនហោន មិនទាន់អាចឃើញភស្តុតាងនៃក្តីសង្ឃឹមក៏ដោយ។
នៅក្នុងពេលដ៏ងងឹត ហើយជួនកាល ហាក់ដូចជា “រងារ”គ្មានទីបញ្ចប់ គឺនៅពេលដែលរដូវផ្ការីក ហាក់ដូចជាមិនចេញមក នោះយើងប្រហែលជាមានអារម្មណ៍ថា ពិបាកដូចលោកមីកា។ តើយើងនឹងបណ្តោយខ្លួន ឲ្យធ្លាក់ចូលក្នុងភាពអស់សង្ឃឹមឬ? ឬយើង “នឹងរង់ចំាព្រះអម្ចាស់ ដោយសង្ឃឹម”?(ខ.៧)។
ក្តីសង្ឃឹមដែលយើងមានក្នុងព្រះ គឺមិនដែលក្លាយជាអសារឥតការឡើយ(រ៉ូម ៥:៥)។ ថ្ងៃណាមួយ យើងនឹងមិនមានការទួញយំ ឬឈឺចាប់ទៀត (វិវរណៈ ២១:៤)។ តែទំរាំតែពេលនោះមកដល់ ចូរយើងសម្រាកក្នុងព្រះអង្គ ដោយសារភាពថា “ទូលបង្គំសង្ឃឹមដល់ទ្រង់តែ១ប៉ុណ្ណោះ”(ទំនុកដំកើង ៣៩:៧)។—Lisa M. Samra