បន្ទាប់ពីលោកម៉ាក(Mark) និងអ្នកស្រីនីណា(Nina) បានអធិស្ឋាន ទូលសួរព្រះ អំពីការអ្វីដែលព្រះអង្គត្រាស់ហៅឲ្យពួកគេធ្វើ ក្នុងដំណាក់កាលបន្ទាប់នៃជីវិតពួកគេ ពួកគេក៏បានសន្និដ្ឋានថា ការផ្លាស់ទៅរស់នៅកណ្តាលទីក្រុង គឺជាអ្វីដែលពួកគេចាំបាច់ត្រូវធ្វើ។ ពួកគេក៏បានទិញផ្ទះមួយខ្នងដែលគ្មានមនុស្សរស់នៅ ហើយការជួសជុលក៏មានដំណើរការយ៉ាងល្អ។ បន្ទាប់មក ខ្យល់ព្យុះក៏បានបក់បោកមក។ លោកម៉ាកក៏បានផ្ញើសារមកខ្ញុំថា “យើងបានជួបរឿងដ៏ភ្ញាក់ផ្អើលមួយ កាលពីព្រឹកមិញនេះ។ ខ្យល់កួចថូនេដូដែលបានបក់កាត់ទីក្រុងចេហ្វឺសិន បានបំផ្លាញការជួសជុលរបស់យើង ឲ្យក្លាយជាគំនរឈើ និងឥដ្ឋ។ យើងមិនដឹងថា ព្រះទ្រង់កំពុងមានផែនការអ្វីទេ”។
ខ្យល់ព្យុះដែលមនុស្សមិនអាចគ្រប់គ្រងបាន មិនគ្រាន់តែជារឿង ដែលធ្វើឲ្យយើងភ្ញាក់ផ្អើល និងភាន់ភាំងក្នុងជីវិតយើងប៉ុណ្ណោះឡើយ។ ទោះជាយ៉ាងណាក៏ដោយ យើងអាចឆ្លងកាត់ខ្យល់ព្យុះនោះបាន ដោយភ្នែកយើងផ្តោតទៅលើព្រះជានិច្ច។
ព្យុះនៃជីវិតរបស់លោកយ៉ូប ដែលបានបណ្តាលឲ្យគាត់បាត់បង់ទ្រព្យសម្បត្តិ និងកូនៗរបស់គាត់(យ៉ូប ១:១៩) ស្ថិតក្នុងចំណោមរឿងដ៏តក់ស្លត់ ដែលគាត់បានជួយប្រទះ។ មុនពេលនោះ មានអ្នកនាំសារបីនាក់បានមកប្រាប់ដំណឹងអាក្រក់ជាបន្តបន្ទាប់(ខ.១៣-១៧)។
នៅថ្ងៃខ្លះ ការជប់លៀងអាចក្លាយជាការសោកសង្រេង ការអបអរថ្ងៃកំណើត ក្លាយជាការកាន់ទុក្ខ ឬទុក្ខលំបាកអ្វីផ្សេងទៀតក្នុងជីវិត។ ព្យុះនៃជីវិត អាចផ្លាស់ប្តូរការរស់នៅរបស់យើង មួយប៉ព្រិចភ្នែក ឲ្យខ្លាយទៅជា “គំនរបាក់បែក” ក្នុងផ្នែកហិរញ្ញវត្ថុ ទំនាក់ទំនង សុខភាពផ្លូវកាយ ផ្លូវចិត្ត ឬផ្លូវវិញ្ញាណជាដើម។ ប៉ុន្តែ ព្រះទ្រង់មានអំណាចខ្លាំងជាងខ្យល់ព្យុះណាក៏ដោយ ដែលយើងអាចជួប។ ដើម្បីឆ្លយកាត់ទុក្ខលំបាកក្នុងជីវិត យើងត្រូវការសេចក្តីជំនឿ ដែលផ្តោតទៅលើព្រះអង្គ គឺសេចក្តីជំនឿ ដែលជួយឲ្យយើងអាច ពោលដូចលោកយ៉ូប និងអ្នកដទៃទៀតថា “សូមឲ្យព្រះនាមព្រះអង្គប្រកបដោយព្រះពរ”(ខ.២១)។—Arthur Jackson