កាលពីសតវត្សរ៍ទី១៧ លោកម៉ាទីន មីនខាត(Martin Rinkart) បានធ្វើការជាអ្នកបម្រើព្រះពេញពេល ក្នុងខេត្តសាក់សូនី ប្រទេសអាឡឺម៉ង់ ជាង៣០ឆ្នាំ ក្នុងអំឡុងសម័យសង្រ្គាម និងជម្ងឺរាតត្បាត។ នៅឆ្នាំមួយនោះ គាត់បានធ្វើពិធីបុណ្យសពឲ្យគេ បាន៤ពាន់ដង ដោយរាប់បញ្ចូលទាំងពិធីបុណ្យសពរបស់ភរិយាគាត់ ហើយពេលខ្លះ គ្រួសាររបស់គាត់បានជួបការស្រេកឃ្លាន ដោយសារការខ្វះខាតអាហារយ៉ាងខ្លាំង។
បញ្ហាទាំងអស់នេះអាចធ្វើឲ្យគាត់ធ្លាក់ចូលក្នុងភាពអស់សង្ឃឹម ប៉ុន្តែ ជំនឿដែលគាត់មានចំពោះព្រះ នៅតែខ្លាំងជានិច្ច ហើយគាត់បានអរព្រះគុណព្រះអង្គ ។ តាមពិត គាត់បានបង្ហាញចេញនូវការអរព្រះគុណតាមរយៈបទចម្រៀង ដែលមានចំណងជើងថា “ចូរយើងទាំងអស់គ្នាអរព្រះគុណព្រះនៃយើង”។
លោករីនខាតបានយកគំរូតាមហោរាអេសាយ ដែលបានបង្គាប់រាស្រ្តរបស់ព្រះ ឲ្យអរព្រះគុណ គ្រប់ពេលវេលា ដោយរាប់បញ្ចូលទំាងពេលដែលព្រះអង្គបានអត់ទោសឲ្យពួកគេ(អេសាយ ១២:១) ឬនៅពេលដែលខ្មាំងសត្រូវកៀបសង្កត់ពួកគេ។ ពួកគេនៅតែត្រូវលើកដំកើងព្រះនាមព្រះ សូម្បីតែក្នុងពេលបែបនោះ ដោយប្រកាស់ឲ្យប្រជាជាតិទាំងឡាយបានដឹងអំពីការអ្វីដែលព្រះអង្គបានធ្វើ(ខ.៤)។
យើងងាយនឹងអរព្រះគុណព្រះអង្គ ក្នុងពេលអបអរការប្រមូលផល និងក្នុងពេលយើងបរិភោគអាហារជាបរិបូរជាមួយក្រុមគ្រួសារ និងមិត្តភក្តិ។ ប៉ុន្តែ យើងអាចបង្ហាញចេញនូវការដឹងគុណ ដល់ព្រះអង្គ ក្នុងពេលដែលមានទុក្ខលំបាក ពេលដែលយើងបាត់បង់អ្នកណាម្នាក់ ក្នុងគ្រួសារ ឬពេលដែលយើងកំពុងតែមានបញ្ហាហិរញ្ញវត្ថុ ឬក៏យើងកំពុងតែមានការប៉ះទង្គិចជាមួយអ្នកដែលជិតស្និទ្ធនឹងយើង?
ចូរយើងរួមចិត្ត និងសំឡេង ដើម្បីសរសើរដំកើង និងអរព្រះគុណព្រះ ដ៏អស់កល្ប ដែលផ្ទៃមេឃ និងផែនដីសរសើរដំកើង។ យើងអាច “ច្រៀងថ្វាយព្រះអម្ចាស់ ពីព្រោះទ្រង់បានធ្វើការដ៏ប្រសើរ”(ខ.៥)។-Amy Boucher Pye