មាន​ពេល​មួយ​ អ្នក​ស្រីជែន(Jen) ដែល​ជា​បុគ្គលិក​ធ្វើ​ការ​នៅ​សួន​កម្សាន្ត​ បាន​ឃើញរ៉ាព(Ralph) ដួល​នៅ​លើ​ដី ដោយ​ទឹក​ភ្នែក​រហាម នាង​ក៏​បាន​ប្រញាប់​ទៅ​ជួយ​គាត់។ រ៉ាព​ជា​ក្មេង​ប្រុស ដែល​មាន​ជម្ងឺ​អូទីហ្សិម កំពុង​យំ​ខ្សិក​ខ្សួល ព្រោះ​ទោង​វិលដែល​គាត់​បាន​រង់​ចាំ​វេណ​ពេញ​មួយ​ថ្ងៃ បាន​ខូច​ហើយ។ នាង​មិន​បាន​ប្រញាប់​លើក​គាត់​ឲ្យ​ក្រោក​ឡើង ឬនិយាយ​លួង​គាត់​ឲ្យ​មាន​អារម្មណ៍​ល្អ​ឡើង​វិញ​នោះ​ទេ ផ្ទុយ​ទៅ​វិញ នាង​បាន​អង្គុយ​នៅ​លើ​ដី​ជា​មួយ​រ៉ាព ដោយ​ស្វែង​យល់​អំពី​អារម្មណ៍​របស់​គាត់ ហើយ​មិន​រំខាន​គាត់​យំ។

សកម្មភាព​របស់​អ្នក​ស្រី​ចេន គឺ​ជា​គំរូ​ដ៏​ល្អ ដែល​បាន​បង្ហាញ​យើង អំពី​របៀប​ដែល​យើង​អាច​កម្សាន្ត​ចិត្ត អ្នក​ដែល​កំពុង​តែសោក​សង្រេង ឬ​រង​ទុក្ខ​វេទនា។ ព្រះ​គម្ពីរ​បាន​ចែង អំពី​ទុក្ខ​សោក​ដ៏​ធ្ងន់​ធ្ងរ​របស់​លោក​យ៉ូប បន្ទាប់​ពី​គាត់​បាន​បាត់​បង់​ផ្ទះសម្បែង ហ្វូង​សត្វ មាន​ជម្ងឺ ហើយ​កូន​របស់​គាត់​ទំាង​១០​នាក់ បាន​ស្លាប់​ជា​បន្ត​បន្ទាប់។ ពេល​ដែល​មិត្ត​សំឡាញ់​របស់​លោក​យ៉ូប​បាន​ដឹង​ថា គាត់​កំពុង​តែ​មាន​ការ​ឈឺ​ចាប់ ពួក​គេ​ក៏​បាន​ចាក​ចេញ​ពី​ផ្ទះ ដើម្បី​មក​កម្សាន្ត​ចិត្ត​គាត់(យ៉ូប ២:១១)។ លោក​យ៉ូប​ក៏​បាន​អង្គុយ​សោក​សង្រេង នៅ​លើ​ដី។ ពេល​ដែល​មិត្ត​សំឡាញ់​ទាំង​នោះ​មក​ដល់ ពួក​គេ​ក៏​បាន​អង្គុយ​កំដរ​គាត់​ អស់​៧​ថ្ងៃ ដោយ​មិន​និយាយ​អ្វី​សោះ ដោយ​យល់​អំពី​ជម្រៅ​នៃ​ការ​ឈឺ​ចាប់​របស់​គាត់។

នៅ​ក្នុង​ភាព​ជា​មនុស្ស មិត្ត​សំឡាញ់​របស់​លោក​យ៉ូប​ក៏​បាន​លើក​ទឹក​ចិត្ត​គាត់ បន្ទាប់​ពី​រក្សា​ភាព​ស្ងៀម​ស្ងាត់​អស់​រយៈ​ពេល​៧ថ្ងៃ ដែល​ជា​អំណោយ​ដ៏​មាន​តម្លៃ ដោយ​ការ​អង្គុយ​កំដរ និង​មិន​និយាយ​អ្វី​សោះ។ យើង​ប្រហែល​មិន​យល់​អំពី​ការ​សោក​សង្រេង​របស់​នរណា​ម្នាក់​ឡើយ តែ​យើង​អាច​បង្ហាញ​ក្តី​ស្រឡាញ់​ដល់​ពួក​គេ ដោយ​វត្ត​មាន​របស់​យើង នៅ​កំដរ​ពួក​គេ ពេល​ដែល​ពួក​គេ​សោក​សង្រេង។​—Kirsten Holmberg