មាន​ពេល​មួយ​ខ្ញុំ​បាន​ទៅ​កន្លែង​ស្នាក់​នៅ សម្រាប់​ជន​អនាថា ក្នុង​តំបន់ ជា​មួយ​យុវជន​មួយ​ក្រុម។​ ពេល​យើង​ចូល​ទៅ​ក្នុង យើង​សម្លឹង​មើល​ស្បែក​ជើង​មួយ​គំនរ ដែល​គេ​បាន​បរិច្ចាក។ លោក​នាយក​នៅ​កន្លែង​នោះ​បាន​អញ្ជើញ​ក្រុម​យុវជន​យើង ឲ្យ​ជួយ​តម្រៀប​ស្បែក​ជើង​ទាំង​នោះ​ឲ្យ​ត្រូវ​គូ។ យើង​ក៏​បាន​ចំណាយ​ពេល​ពេញ​មួយ​ព្រឹក ដើម្បី​ស្វែង​រក​គូ​ដែល​ត្រូវ​គ្នា ហើយតម្រៀប​ពួក​វា​ជា​ជួរ នៅ​លើ​កម្រាល​ឥដ្ឋ។ នៅ​ពេល​ល្ងាច​មក​ដល់ យើង​ក៏​បាន​បោះ​ចោល​ស្បែក​ជើង​ជាង​ពាក់​កណ្តាល ដោយ​សារ​ពួក​វា​មាន​ការ​ខូច​ខាត​ខ្លាំង​ពេក មិន​អាច​ឲ្យ​គេ​ប្រើ​ប្រាស់​កើត។ កន្លែង​ស្នាក់​នៅ​នោះ មិន​អាច​រារាំង​គេ មិន​ឲ្យ​បរិច្ចាក​របស់​របរ​ដែល​មិន​អាច​ប្រើ​ប្រាស់​កើត​បាន​ឡើយ ប៉ុន្តែ ពួក​គេ​អាច​បដិសេធ​មិន​ព្រម​ចែក​ស្បែក​ជើង ដែល​មិន​ល្អ ដល់​អ្នក​ទាល់​ក្រ។

ពួក​អ៊ីស្រាអែល​ក៏​ធ្លាប់​មាន​បញ្ហា នៅ​ក្នុង​ការ​ថ្វាយ​ដង្វាយ​ដែល​មាន​ការ​ខូច​ខាត​ដល់​ព្រះ​ផង​ដែរ។ ពេល​ដែល​ព្រះ​អង្គ​មានបន្ទូល​តាម​រយៈ​ហោរា​ម៉ាឡាគី ព្រះ​អង្គ​បាន​ស្តី​បន្ទោស​ពួក​អ៊ីស្រាអែល ដែល​បាន​យក​សត្វ​ដែល​ខ្វាក់ ពិការ ឬ​មាន​ជម្ងឺ មក​ថ្វាយ​ព្រះ​អង្គ នៅ​ពេល​ដែល​ពួក​គេ​មាន​សត្វ​ដែល​មាន​សុខ​ភាព​រឹង​មាំ សម្រាប់​ថ្វាយ​(ម៉ាឡាគី ១:៦-៨)។ ព្រះ​អង្គ​ក៏​បាន​ប្រកាស់​ថា ព្រះ​អង្គ​មិន​សព្វ​ព្រះទ័យ​(ខ.១០) ហើយ​ក៏​បាន​បញ្ជាក់​អំពី​ភាព​សក្តិ​សម​របស់​ព្រះ​អង្គ និង​ស្តី​បន្ទោស​ពួក​អ៊ីស្រាអែល ដែល​រក្សា​ទុក​របស់​ល្អ​បំផុត សម្រាប់​ខ្លួន​ឯង​(ខ.១៤)។ ប៉ុន្តែ ព្រះ​ទ្រង់​ក៏​បាន​សន្យាថា​ នឹង​ចាត់​ព្រះ​មែស៊ី​ឲ្យ​យាង​មក ដែល​សេចក្តី​ស្រឡាញ់ និង​ព្រះ​គុណ​ព្រះអង្គ និង​កែ​ប្រែ ហើយ​បញ្ឆេះ​ចិត្ត​ពួក​គេ ឲ្យ​នាំ​ដង្វាយ​ដែល​ព្រះ​អង្គ​សព្វ​ព្រះ​ទ័យ​(៣:១-៤)។​

ពេល​ខ្លះ យើង​អាច​ជួប​ការ​ល្បួង ដែល​នាំ​ឲ្យ​យើង​ចង់​ថ្វាយ​របស់​ដែល​សល់ ដល់​ព្រះ។ យើង​សរសើរ​ដំកើង​ព្រះ​អង្គ ហើយរំពឹង​ថា ព្រះ​អង្គ​នឹង​ប្រទាន​អ្វី​ៗ​គ្រប់​យ៉ាង​មក​យើង តែ​យើង​បែរ​ជា​ថ្វាយ​សំណល់​របស់​យើង ដល់​ព្រះ​អង្គ។ ពេល​ណា​យើងបាន​ពិចារណា អំពី​ការ​អ្វី​ដែល​ព្រះ​ទ្រង់​បាន​ធ្វើ យើង​អាច​អរសប្បាយ ដោយ​អប​អរ​ភាព​សក្តិ​សម​របស់​ព្រះ​អង្គ ហើយ​ថ្វាយរបស់​ល្អ​បំផុត​ដល់​ព្រះ​អង្គ។-Xochitl Dixon