មានពេលមួយ អ្នកស្រីជែន(Jen) ដែលជាបុគ្គលិកធ្វើការនៅសួនកម្សាន្ត បានឃើញរ៉ាព(Ralph) ដួលនៅលើដី ដោយទឹកភ្នែករហាម នាងក៏បានប្រញាប់ទៅជួយគាត់។ រ៉ាពជាក្មេងប្រុស ដែលមានជម្ងឺអូទីហ្សិម កំពុងយំខ្សិកខ្សួល ព្រោះទោងវិលដែលគាត់បានរង់ចាំវេណពេញមួយថ្ងៃ បានខូចហើយ។ នាងមិនបានប្រញាប់លើកគាត់ឲ្យក្រោកឡើង ឬនិយាយលួងគាត់ឲ្យមានអារម្មណ៍ល្អឡើងវិញនោះទេ ផ្ទុយទៅវិញ នាងបានអង្គុយនៅលើដីជាមួយរ៉ាព ដោយស្វែងយល់អំពីអារម្មណ៍របស់គាត់ ហើយមិនរំខានគាត់យំ។
សកម្មភាពរបស់អ្នកស្រីចេន គឺជាគំរូដ៏ល្អ ដែលបានបង្ហាញយើង អំពីរបៀបដែលយើងអាចកម្សាន្តចិត្ត អ្នកដែលកំពុងតែសោកសង្រេង ឬរងទុក្ខវេទនា។ ព្រះគម្ពីរបានចែង អំពីទុក្ខសោកដ៏ធ្ងន់ធ្ងររបស់លោកយ៉ូប បន្ទាប់ពីគាត់បានបាត់បង់ផ្ទះសម្បែង ហ្វូងសត្វ មានជម្ងឺ ហើយកូនរបស់គាត់ទំាង១០នាក់ បានស្លាប់ជាបន្តបន្ទាប់។ ពេលដែលមិត្តសំឡាញ់របស់លោកយ៉ូបបានដឹងថា គាត់កំពុងតែមានការឈឺចាប់ ពួកគេក៏បានចាកចេញពីផ្ទះ ដើម្បីមកកម្សាន្តចិត្តគាត់(យ៉ូប ២:១១)។ លោកយ៉ូបក៏បានអង្គុយសោកសង្រេង នៅលើដី។ ពេលដែលមិត្តសំឡាញ់ទាំងនោះមកដល់ ពួកគេក៏បានអង្គុយកំដរគាត់ អស់៧ថ្ងៃ ដោយមិននិយាយអ្វីសោះ ដោយយល់អំពីជម្រៅនៃការឈឺចាប់របស់គាត់។
នៅក្នុងភាពជាមនុស្ស មិត្តសំឡាញ់របស់លោកយ៉ូបក៏បានលើកទឹកចិត្តគាត់ បន្ទាប់ពីរក្សាភាពស្ងៀមស្ងាត់អស់រយៈពេល៧ថ្ងៃ ដែលជាអំណោយដ៏មានតម្លៃ ដោយការអង្គុយកំដរ និងមិននិយាយអ្វីសោះ។ យើងប្រហែលមិនយល់អំពីការសោកសង្រេងរបស់នរណាម្នាក់ឡើយ តែយើងអាចបង្ហាញក្តីស្រឡាញ់ដល់ពួកគេ ដោយវត្តមានរបស់យើង នៅកំដរពួកគេ ពេលដែលពួកគេសោកសង្រេង។—Kirsten Holmberg