“ឥត​ឮ​ខ្ទរ តែ​ចិត្ត​បាន​អរ​សន្ធឹក ត្រចៀក​មិន​ឮ​ទ្រង់​យាង​មក តែ​នៅ​ស្ថាន​មាន​បាប​នេះ បើ​មាន​អ្នក​ណា​ទទួល​បុត្រា​ នោះ​ទ្រង់ប្រោស​យ៉ាង​វិសេស”។ នេះ​ជា​ពាក្យ​ពេចន៍ ដែល​បាន​ដក​ស្រង់​ចេញ​ពី​ បទ “ឱ បេថ្លេហិម ភូមិ​ស្ងួន​ភ្ញា” ជា​បទ​ទំនុក​សកល ដ៏​ពេញ​និយម ដែល​លោក​ភីលីព ប្រ៊ូក(Phillips Brooks)​បាន​និពន្ធ ដើម្បី​ចង្អុល​បង្ហាញ​យើង ឲ្យ​ងាក​ទៅ​រក​ចំណុច​ស្នូល​នៃ​បុណ្យ​ណូអែល។ ព្រះ​យេស៊ូវ​បាន​យាង​មក​ក្នុង​លោកិយ ដែល​ប្រេះ​បែក​របស់​យើង ដើម្បី​សង្រ្គោះ​យើង​ឲ្យ​រួច​ពី​បាប ហើយ​សម្រាប់​អ្នក​ដែល​ទទួល​ជឿ​ព្រះ​អង្គ នោះ​ព្រះ​អង្គ​ប្រទាន​គេ​ឲ្យ​មាន​ទំនាក់​ទំនង​ថ្មី ដ៏​សំខាន់​មួយ ជា​មួយ​ព្រះ។

បន្ទាប់​ពី​លោក​ប្រ៊ូក​បាន​និពន្ធ​ទំនុក​នេះ ប៉ុន្មាន​ទសវត្សរ៍​ក្រោយ​មក ក្នុង​សំបុត្រ​ដែល​គាត់​បាន​សរសេរ​ផ្ញើ​ទៅ​មិត្ត​ភក្តិ​គាត់​ គាត់​បាន​ពិពណ៌នា​អំពី​លទ្ធ​ផល​នៃ​ទំនាក់​ទំនង​នេះ យ៉ាង​ដូច្នេះ​ថា “អ្នក​មិន​ដឹង​ទេ​ថា ទំនាក់​ទំនង​ផ្ទាល់​ខ្លួន ដែល​ខ្ញុំ​មាន​ជា​មួយ​ព្រះ​អង្គ មាន​ភាព​ជិត​ស្និទ្ធ​ប៉ុណ្ណា។ ព្រះ​អង្គ​គង់​នៅ​ជា​មួយ​ខ្ញុំ។ ព្រះ​អង្គ​ស្គាល់​ខ្ញុំ ហើយ​ខ្ញុំ​ស្គាល់​ព្រះ​អង្គ។ ខ្ញុំ​មិន​និយាយ​ក្នុង​ន័យ​ធៀប​ទេ។ រឿង​នេះ​ពិត​ជា​បាន​កើត​ឡើង​មែន ហើយ​ជា​រៀង​រាល់​ថ្ងៃ ខ្ញុំ​ក៏​បាន​ឃើញ​កាន់​តែ​ច្បាស់។ តើ​ទំនាក់​ទំនង​នេះ​នឹងកាន់​តែ​មាន​ន័យ​យ៉ាង​ណា ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ”។

លោក​ប្រ៊ូក​បាន​ដឹង​ច្បាស់ អំពី​ព្រះ​វត្ត​មាន​ព្រះ ក្នុង​ជីវិត​គាត់ គឺ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចាំ អំពី​អត្ថ​ន័យ​នៃ​ព្រះ​នាម​របស់​ព្រះ​យេស៊ូវ គឺ​ដូច​ដែល​ហោរា​អេសាយ​បាន​ថ្លែង​ទំនាយ​ថា “មើល នាង​ព្រហ្មចារី​នឹង​មាន​គភ៌​ប្រសូត​បាន​បុត្រា​១ ហើយ​នឹង​ឲ្យ​ព្រះ​នាម​ថា អេម៉ាញូអែល”(អេសាយ ៧:១៤)។ កណ្ឌ​គម្ពីរ​ដំណឹង​ល្អ​ម៉ាថាយ ក៏​បាន​បក​ស្រាយ​ថា ក្នុង​ភាសា​ហេព្រើរ ព្រះ​នាម​អេម៉ាញូអែល គឺ​មាន​ន័យ​ថា “ព្រះ​ទ្រង់​គង់​នៅ​ជា​មួយ​យើង”(១:២៣)។

ព្រះ​ទ្រង់​យាង​មក​ជិត​យើង តាម​រយៈ​ព្រះ​យេស៊ូវ ដើម្បី​ឲ្យ​យើង​អាច​ស្គាល់​ព្រះ​អង្គ​ ដោយ​ផ្ទាល់​ៗ​ខ្លួន ហើយ​នៅ​ជាប់​ជា​មួយព្រះ​អង្គ​ជា​រៀង​រហូត។ ព្រះ​វត្ត​មាន​នៃ​ក្តី​ស្រឡាញ់​របស់​ព្រះ​អង្គ គឺ​ជា​អំណោយ​ដ៏​អស្ចារ្យ​បំផុត។​—James Banks