“ឥតឮខ្ទរ តែចិត្តបានអរសន្ធឹក ត្រចៀកមិនឮទ្រង់យាងមក តែនៅស្ថានមានបាបនេះ បើមានអ្នកណាទទួលបុត្រា នោះទ្រង់ប្រោសយ៉ាងវិសេស”។ នេះជាពាក្យពេចន៍ ដែលបានដកស្រង់ចេញពី បទ “ឱ បេថ្លេហិម ភូមិស្ងួនភ្ញា” ជាបទទំនុកសកល ដ៏ពេញនិយម ដែលលោកភីលីព ប្រ៊ូក(Phillips Brooks)បាននិពន្ធ ដើម្បីចង្អុលបង្ហាញយើង ឲ្យងាកទៅរកចំណុចស្នូលនៃបុណ្យណូអែល។ ព្រះយេស៊ូវបានយាងមកក្នុងលោកិយ ដែលប្រេះបែករបស់យើង ដើម្បីសង្រ្គោះយើងឲ្យរួចពីបាប ហើយសម្រាប់អ្នកដែលទទួលជឿព្រះអង្គ នោះព្រះអង្គប្រទានគេឲ្យមានទំនាក់ទំនងថ្មី ដ៏សំខាន់មួយ ជាមួយព្រះ។
បន្ទាប់ពីលោកប្រ៊ូកបាននិពន្ធទំនុកនេះ ប៉ុន្មានទសវត្សរ៍ក្រោយមក ក្នុងសំបុត្រដែលគាត់បានសរសេរផ្ញើទៅមិត្តភក្តិគាត់ គាត់បានពិពណ៌នាអំពីលទ្ធផលនៃទំនាក់ទំនងនេះ យ៉ាងដូច្នេះថា “អ្នកមិនដឹងទេថា ទំនាក់ទំនងផ្ទាល់ខ្លួន ដែលខ្ញុំមានជាមួយព្រះអង្គ មានភាពជិតស្និទ្ធប៉ុណ្ណា។ ព្រះអង្គគង់នៅជាមួយខ្ញុំ។ ព្រះអង្គស្គាល់ខ្ញុំ ហើយខ្ញុំស្គាល់ព្រះអង្គ។ ខ្ញុំមិននិយាយក្នុងន័យធៀបទេ។ រឿងនេះពិតជាបានកើតឡើងមែន ហើយជារៀងរាល់ថ្ងៃ ខ្ញុំក៏បានឃើញកាន់តែច្បាស់។ តើទំនាក់ទំនងនេះនឹងកាន់តែមានន័យយ៉ាងណា ពីមួយឆ្នាំទៅមួយឆ្នាំ”។
លោកប្រ៊ូកបានដឹងច្បាស់ អំពីព្រះវត្តមានព្រះ ក្នុងជីវិតគាត់ គឺបានធ្វើឲ្យខ្ញុំនឹកចាំ អំពីអត្ថន័យនៃព្រះនាមរបស់ព្រះយេស៊ូវ គឺដូចដែលហោរាអេសាយបានថ្លែងទំនាយថា “មើល នាងព្រហ្មចារីនឹងមានគភ៌ប្រសូតបានបុត្រា១ ហើយនឹងឲ្យព្រះនាមថា អេម៉ាញូអែល”(អេសាយ ៧:១៤)។ កណ្ឌគម្ពីរដំណឹងល្អម៉ាថាយ ក៏បានបកស្រាយថា ក្នុងភាសាហេព្រើរ ព្រះនាមអេម៉ាញូអែល គឺមានន័យថា “ព្រះទ្រង់គង់នៅជាមួយយើង”(១:២៣)។
ព្រះទ្រង់យាងមកជិតយើង តាមរយៈព្រះយេស៊ូវ ដើម្បីឲ្យយើងអាចស្គាល់ព្រះអង្គ ដោយផ្ទាល់ៗខ្លួន ហើយនៅជាប់ជាមួយព្រះអង្គជារៀងរហូត។ ព្រះវត្តមាននៃក្តីស្រឡាញ់របស់ព្រះអង្គ គឺជាអំណោយដ៏អស្ចារ្យបំផុត។—James Banks