បទ “ប៉ា មិនអធិស្ឋានទៀតឡើយ” គឺជាបទចម្រៀងរបស់លោកគ្រីស ស្ទាផ្លេតុន(Chris Stapleton) ដែលជាអ្នកចម្រៀងជនបទ។ បទចម្រៀងនេះបានឆ្លុះបញ្ចាំងអំពីជីវិតផ្ទាល់ខ្លួនរបស់គាត់ ដែលបានទទួលការបណ្តាលចិត្ត ពីការដែលឪពុករបស់គាត់បានអធិស្ឋានឲ្យគាត់។ ពាក្យពេចន៍ក្នុងបទចម្រៀងនេះបានបង្ហាញ អំពីមូលហេតុដែលការអធិស្ឋានរបស់ឪពុកគាត់បានបញ្ចប់ គឺមិនមែនដោយសារឪពុកគាត់ឈប់ជឿ ឬមានការនឿយណាយនោះទេ តែគឺដោយសារឪពុកគាត់បានស្លាប់។ លោកស្ទេផ្លេតុនក៏បានស្រមៃថា ពេលនេះ លោកឪពុកគាត់មិននិយាយទៅកាន់ព្រះយេស៊ូវ តាមរយៈការអធិស្ឋានទៀតឡើយ តែកំពុងតែដើរ និងជជែកជាមួយព្រះអង្គ ដោយមុខទល់នឹងមុខ នៅនគរស្ថានសួគ៌។
ការនឹកចំារបស់លោកស្តេផ្លេតុន អំពីការដែលឪពុកគាត់បានអធិស្ឋានឲ្យគាត់ គឺបានធ្វើឲ្យខ្ញុំនឹកចាំ អំពីឪពុកម្នាក់ទៀត ក្នុងព្រះគម្ពីរ ដែលបានអធិស្ឋានឲ្យកូនរបស់ខ្លួន។ ខណៈពេលដែលព្រះជន្មរបស់ស្តេចដាវីឌជិតដល់ទីបញ្ចប់ ទ្រង់ក៏បានធ្វើការរៀបចំ សម្រាប់សាឡូម៉ូនដែលជាបុត្រាទ្រង់ ឲ្យស្នងរាជបន្ត ធ្វើជាក្សត្របន្ទាប់នៃនគរអ៊ីស្រាអែល។
បន្ទាប់ពីទ្រង់បានឲ្យប្រជាជនអ៊ីស្រាអែលជួបជុំគ្នា ដើម្បីធ្វើពិធីចាក់ប្រេងតាំងឲ្យសាឡូម៉ូន ទ្រង់ក៏បាននាំពួកគេឲ្យអធិស្ឋាន ដូចដែលទ្រង់បានធ្វើជាច្រើនដងមកហើយ។ ក្នុងការអធិស្ឋាននោះ ស្តេចដាវីឌបានរំឭកអំពីសេចក្តីស្មោះត្រង់ ដែលព្រះទ្រង់មានចំពោះសាសន៍អ៊ីស្រាអែល ហើយទ្រង់ក៏បានអធិស្ឋានសូមឲ្យប្រជារាស្រ្តទ្រង់ នៅតែស្មោះត្រង់ចំពោះព្រះអម្ចាស់ជានិច្ច។ បន្ទាប់មក ទ្រង់ក៏បានរាប់បញ្ចូលការអធិស្ឋានផ្ទាល់ខ្លួនជាពិសេស សម្រាប់បុត្រាទ្រង់ ដោយទូលសូមព្រះអម្ចាស់ប្រទានឲ្យសាឡូម៉ូន ជាបុត្រាទ្រង់ មានចិត្តស្មោះត្រង់ ដើម្បីឲ្យបានកាន់តាមអស់ទាំងក្រឹត្យក្រមសេចក្តីបន្ទាល់ និងបញ្ញត្តនៃទ្រង់ទាំងប៉ុន្មាន(១របាក្សត្រ ២៩:១៩)។
យើងក៏មានឯកសិទ្ធិពិសេស ដើម្បីអធិស្ឋានដោយចិត្តស្មោះត្រង់ សម្រាប់មនុស្ស ដែលព្រះទ្រង់បានដាក់ក្នុងជីវិតយើង។ គំរូនៃភាពស្មោះត្រង់របស់យើង អាចជះឥទ្ធិពលដ៏ស្ថិតស្ថេរ ដែលនឹងនៅតែបន្តមាន បន្ទាប់ពីយើងលាចាកលោក។ ព្រះទ្រង់ក៏បានបន្តឆ្លើយតប ចំពោះការអធិស្ឋានរបស់ស្តេចដាវីឌ សម្រាប់សាឡូម៉ូន និងពួកអ៊ីស្រាអែល បន្ទាប់ពីទ្រង់បានលាចាកលោក ដូចនេះ ឥទ្ធិពលនៃការអធិស្ឋានរបស់យើងក៏បន្តមាន បន្ទាប់ពីយើងទៅនៅជាមួយព្រះអង្គ។—Lisa M. Samra