បទ “ប៉ា មិន​អធិស្ឋាន​ទៀត​ឡើយ”  ​គឺ​ជា​បទ​ចម្រៀង​របស់​លោក​គ្រីស ស្ទាផ្លេតុន(Chris Stapleton) ដែល​ជា​អ្នក​ចម្រៀង​ជន​បទ។ បទ​ចម្រៀង​នេះ​បាន​ឆ្លុះ​បញ្ចាំង​អំពី​ជីវិត​ផ្ទាល់​ខ្លួន​របស់​គាត់ ដែល​បាន​ទទួល​ការ​បណ្តាល​ចិត្ត ពី​ការ​ដែល​ឪពុក​របស់​គាត់​បាន​អធិស្ឋាន​ឲ្យ​គាត់។ ពាក្យ​ពេចន៍​ក្នុង​បទ​ចម្រៀង​នេះ​បាន​បង្ហាញ អំពី​មូល​ហេតុ​ដែល​ការ​អធិស្ឋាន​របស់​ឪពុក​គាត់​បាន​បញ្ចប់ គឺ​មិន​មែន​ដោយ​សារ​ឪពុក​គាត់​ឈប់​ជឿ ឬ​មាន​ការ​នឿយ​ណាយ​នោះ​ទេ តែ​គឺ​ដោយ​សារ​ឪពុក​គាត់​បាន​ស្លាប់។ លោក​ស្ទេផ្លេតុន​ក៏​បាន​ស្រមៃ​ថា​ ពេល​នេះ លោក​ឪពុក​គាត់​មិន​និយាយ​ទៅ​កាន់​ព្រះ​យេស៊ូវ តាម​រយៈ​ការ​អធិស្ឋាន​ទៀត​ឡើយ​ តែ​កំពុង​តែ​ដើរ និង​ជជែក​ជា​មួយ​ព្រះ​អង្គ ដោយ​មុខ​ទល់​នឹង​មុខ នៅ​នគរ​ស្ថាន​សួគ៌​។​

ការ​នឹក​ចំា​របស់​លោក​ស្តេផ្លេតុន អំពី​ការ​ដែល​ឪពុក​គាត់​បាន​អធិស្ឋានឲ្យ​គាត់ គឺ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចាំ អំពី​ឪពុក​ម្នាក់​ទៀត ក្នុង​ព្រះ​គម្ពីរ ដែល​បាន​អធិស្ឋាន​ឲ្យ​កូន​របស់​ខ្លួន។ ខណៈ​ពេល​ដែល​ព្រះ​ជន្ម​របស់​ស្តេច​ដាវីឌ​ជិត​ដល់​ទីបញ្ចប់ ទ្រង់​ក៏​បាន​ធ្វើ​ការ​រៀប​ចំ​ សម្រាប់​សាឡូម៉ូន​ដែល​ជា​បុត្រា​ទ្រង់ ឲ្យ​ស្នង​រាជ​បន្ត ធ្វើ​ជា​ក្សត្រ​បន្ទាប់​នៃ​នគរ​អ៊ីស្រាអែល។​

បន្ទាប់​ពី​ទ្រង់​បាន​ឲ្យ​ប្រជាជន​អ៊ីស្រាអែល​ជួប​ជុំ​គ្នា ដើម្បី​ធ្វើ​ពិធី​ចាក់​ប្រេង​តាំង​ឲ្យ​សាឡូម៉ូន ទ្រង់​ក៏​បាន​នាំ​ពួក​គេ​ឲ្យ​អធិស្ឋាន ​ដូច​ដែល​ទ្រង់​បាន​ធ្វើ​ជា​ច្រើន​ដង​មក​ហើយ។ ក្នុង​ការ​អធិស្ឋាន​នោះ ស្តេច​ដាវីឌ​បាន​រំឭក​អំពី​សេចក្តី​ស្មោះ​ត្រង់ ដែល​ព្រះ​ទ្រង់​មាន​ចំពោះ​សាសន៍​អ៊ីស្រាអែល ហើយ​ទ្រង់​ក៏​បាន​អធិស្ឋាន​សូម​ឲ្យ​ប្រជា​រាស្រ្ត​ទ្រង់ នៅ​តែ​ស្មោះ​ត្រង់​ចំពោះ​ព្រះ​អម្ចាស់​ជា​និច្ច។ បន្ទាប់​មក ទ្រង់​ក៏​បាន​រាប់​បញ្ចូល​ការ​អធិស្ឋាន​ផ្ទាល់​ខ្លួន​ជា​ពិសេស សម្រាប់​បុត្រា​ទ្រង់ ដោយ​ទូល​សូម​ព្រះ​អម្ចាស់​ប្រទាន​ឲ្យ​សាឡូម៉ូន ជា​បុត្រា​ទ្រង់ មាន​ចិត្ត​ស្មោះ​ត្រង់ ដើម្បី​ឲ្យ​បាន​កាន់​តាម​អស់​ទាំង​ក្រឹត្យ​ក្រម​សេចក្តី​បន្ទាល់ និង​បញ្ញត្ត​នៃ​ទ្រង់​ទាំង​ប៉ុន្មាន​(១របាក្សត្រ ២៩:១៩)។

យើងក៏​មាន​ឯក​សិទ្ធិ​ពិសេស ដើម្បី​អធិស្ឋាន​ដោយ​ចិត្ត​ស្មោះ​ត្រង់ សម្រាប់​មនុស្ស​ ដែល​ព្រះ​ទ្រង់​បាន​ដាក់​ក្នុង​ជីវិត​យើង។ គំរូ​នៃ​ភាព​ស្មោះ​ត្រង់​របស់​យើង អាច​ជះ​ឥទ្ធិ​ពល​ដ៏​ស្ថិត​ស្ថេរ ដែល​នឹង​នៅ​តែ​បន្ត​មាន បន្ទាប់​ពី​យើង​លាចាក​លោក។ ព្រះ​ទ្រង់​ក៏​បាន​បន្ត​ឆ្លើយ​តប ចំពោះ​ការ​អធិស្ឋាន​របស់​ស្តេច​ដាវីឌ សម្រាប់​សាឡូម៉ូន និង​ពួក​អ៊ីស្រាអែល បន្ទាប់​ពី​ទ្រង់​បាន​លាចាក​លោក ដូច​នេះ ឥទ្ធិ​ពល​នៃ​ការ​អធិស្ឋាន​របស់​យើង​ក៏​បន្ត​មាន បន្ទាប់​ពី​យើង​ទៅ​នៅ​ជា​មួយ​ព្រះ​អង្គ​។—Lisa M. Samra