មាន​ពេល​មួយ​អ្នក​ស្រី​ហាយឌី(Heidi) និង​លោក​ចេហ្វ(Jeff) បាន​ត្រឡប់​មក​ផ្ទះ​វិញ បន្ទាប់​ពី​បាន​បំពេញ​ការ​ងារ ដែល​គេ​បាន​ចាត់​តាំង​ឲ្យ​ធ្វើ​នៅ​ក្រៅ​ប្រទេស ក្នុង​តំបន់​ដែល​មាន​អាកាស​ធាតុ​ក្តៅ ហើយ​បន្ទាប់​មក​ក៏​បាន​ស្នាក់​នៅ​អស់​ជា​ច្រើន​ខែ​ នៅក្បែរ​គ្រួសារ​មួយ នៅ​រដ្ឋ​មីឈីហ្គិន  ចំ​ពេល​ដែល​រដូវ​រងា​មក​ដល់។ នេះជា​លើក​ទីមួយ​ហើយ ដែល​កូន​ៗ​របស់​ពួក​គេ​ជា​ច្រើននាក់ ក្នុង​ចំណោម​កូន​ទំាង​១០​នាក់ បាន​ឃើញ​សម្រស់​ពី​ធម្មជាតិ​នៃ​ព្រឹល​ទឹកកក។

ប៉ុន្តែ អាកាស​ធាតុ​នៅ​រដូវ​ត្រជាក់ ក្នុង​រដ្ឋ​មីឈីហ្គិន​តម្រូវ​ឲ្យ​ពួក​គេ​ស្លៀក​ពាក់​ក្រាស់​ៗ ដោយ​មាន​អាវ​ធំ​ក្រៅ ស្រោម​ដៃ និង​ស្បែក​ជើង​កវែង​ជា​ដើម។ សម្រាប់​គ្រួសារ​ដ៏​ធំ​មួយ​នេះ ការ​ត្រៀម​សម្លៀក​បំពាក់​សម្រាប់​រដូវ​ត្រជាក់​ខ្លំាង ក្នុង​រយៈ​ពេល​ប៉ុន្មាន​ខែ​ខាង​មុខ នាំ​ឲ្យ​មាន​ការ​ចំណាយ​ច្រើន​ណាស់។​ ប៉ុន្តែ ព្រះ​ទ្រង់​បាន​ផ្គត់​ផ្គង់​ពួក​គេ។ អ្នក​ជិត​ខាង​ម្នាក់​បាន​យក​ស្បែក​ជើង​ឲ្យពួក​គេ ហើយ​ក៏​បាន​ឲ្យ​ខោ​សម្រាប់​ដើរ​ក្នុង​ព្រឹល រួច​ក៏​បាន​ឲ្យ​មួក និង​ស្រោម​ដៃ​ទៀត។ បន្ទាប់​មក មិត្ត​ភក្តិ​ម្នាក់​បាន​លើកទឹក​ចិត្ត​អ្នក​ដទៃ នៅ​ព្រះ​វិហារ​របស់​គាត់ ឲ្យ​ប្រមូល​ខោ​អាវ​កក់​ក្តៅ ដែល​មាន​ទំហំ​ត្រូវ នឹង​សមាជិក​ទាំង​១២​នាក់ នៃ​គ្រួសារ​មួយ​នេះ។ ព្រះ​អង្គ​ក៏​បាន​ប្រទាន​ពរ​ពួក​គេ​ឲ្យ​មាន​អ្វី​ៗ ដែល​ពួក​គេ​ត្រូវ​ការ ពេល​ដែល​ព្រឹល​ចាប់​ផ្តើម​ធ្លាក់​ចុះ​មក។​

ការ​បម្រើ​អ្នក​ដទៃ ដែល​កំពុង​មាន​ការ​ខ្វះ​ខាត ក៏​ជា​ការ​បម្រើ​ព្រះ​ផង​ដែរ។ បទ​គម្ពីរ ១យ៉ូហាន ៣:១៦-១៨ បាន​លើក​ទឹក​ចិត្តយើង​ឲ្យ​ជួយ​យក​អសា​អ្នក​ដទៃ តាម​លទ្ធ​ភាព​របស់​យើង។ ការ​បម្រើ​ជួយ​យើង​ឲ្យ​មាន​លក្ខណៈ​កាន់​តែ​ដូច​ព្រះ​យេស៊ូវ ដោយ​យើង​ចាប់​ផ្តើម​ស្រឡាញ់ និង​គិត​អំពី​អ្នក​ដទៃ ដូច​ព្រះ​អង្គ​ដែរ។​ ជា​ញឹក​ញាប់ ព្រះ​ទ្រង់​ប្រើ​កូន​ៗ​ព្រះ​អង្គ ដើម្បី​បំពេញ​តម្រូវ​ការ​អ្នក​ដទៃ និង​ឆ្លើយ​តប​ការ​អធិស្ឋាន​របស់​ពួក​គេ។ ជា​លទ្ធ​ផល ជំនឿ​យើង​ក៏​នឹង​មាន​ការ​កើន​ឡើង ខណៈ​ពេល​ដែល​ព្រះ​ទ្រង់បំពាក់​សមត្ថ​ភាព​យើង សម្រាប់​ការ​បម្រើ តាម​របៀប​ថ្មី​ៗ​ជា​ច្រើន​(ខ.១៨)។—Cindy Hess Kasper