ស្រ្តី​ម្នាក់​យល់​ឃើញ​ថា គាត់​បាន​ចំណាយ​ច្រើន​ពេក សម្រាប់​ការ​ទិញ​អំណោយ​សម្រាប់​ក្រុម​គ្រួសារ​គាត់ ដូច​នេះ នៅ​ឆ្នាំ​មួយ​នោះ គាត់​ក៏​បាន​សម្រេច​ចិត្ត​ធ្វើ​ខុស​ពី​នេះ។ រយៈ​ពេល​២​បី​ខែ មុន​ពេល​ថ្ងៃ​បុណ្យ​ណូអែល​មក​ដល់ គាត់​ក៏​បាន​ទៅ​កន្លែង​ដែល​គេ​ដាក់​តាំង​លក់​ឥវ៉ាន់​មុខ​ផ្ទះ ដើម្បី​ទិញ​របស់​របស់​ថោក​ៗ ដែល​គេ​បាន​ប្រើ​ហើយ​។ គាត់​ក៏​បាន​ទិញ​បាន​អំណោយ​ច្រើនលើស​ធម្មតា ដោយ​ចំណាយ​តិច​ជាង​មុន។ នៅ​ថ្ងៃ​បុណ្យ​ណូអែល កូន​ៗ​របស់​គាត់​មាន​ចិត្ត​រំភើប​រីក​រាយ នៅ​ក្នុង​ការ​បើក​ប្រអប់​អំណោយ​មួយ​ហើយ​មួយ​ទៀត។ នៅ​ថ្ងៃ​បន្ទាប់ ពួក​គេ​នៅ​មាន​អំណោយ​ដែល​ត្រូវ​បើក​ទៀត។ ស្រ្តី​ជា​ម្តាយ​មាន​អារម្មណ៍​ថា ខ្លួន​បាន​ធ្វើ​ខុស​នឹង​កូន ដូច​មិន​បាន​ទិញ​អំណោយ​ថ្មី​ៗ ឲ្យ​ពួក​គេ ដូច​នេះ គាត់​ក៏​មាន​អំណោយ​បន្ថែម​ទៀតសម្រាប់​ពួក​គេ នៅ​ព្រឹក​បន្ទាប់។ ក្មេង​ៗ​ក៏​បាន​ចាប់​ផ្តើម​បើក​អំណោយ​ទាំង​នោះ តែ​ភ្លាម​ៗ​នោះ ពួក​គេ​ក៏​បាន​រអ៊ូ​ថា “កូន​បាន​បើក​អំណោយ​ឡើង​ហត់​ហើយ! ម៉ាក់​ផ្តល់​អំណោយ​ឲ្យ​កូន​ៗ​ច្រើន​ណាស់!” តាម​ធម្មតា ក្មេង​ៗ​មិន​មាន​ការ​ឆ្លើយ​តប​ដូច​នេះ នៅ​ថ្ងៃ​បុណ្យ​ណូអែល​ឡើយ។

ព្រះ​ជា​ម្ចាស់​បាន​ប្រទាន​យើង​នូវ​អ្វី​ៗ​ជា​ច្រើន ប៉ុន្តែ យើង​ហាក់​ដូច​ជា​ស្វែង​រក​អ្វី​ៗ​ជា​បន្ថែម​ទៀត​ ដូច​ជា : ផ្ទះ​ធំ​ជាង​មុន ឡាន​ល្អជាង​មុន ប្រាក់​កាន់​តែ​ច្រើន​ក្នុង​ធនាគា ។ល។ ត្រង់​ចំណុច​នេះ សាវ័ក​ប៉ុល​បាន​លើក​ទឹក​ចិត្ត​លោក​ធីម៉ូថេ ឲ្យ​រំឭក​សមាជិក​ពួក​ជំនុំ​របស់​គាត់​ថា “ដ្បិត​យើង​រាល់​គ្នា​មិន​បាន​យក​អ្វី ចូល​មក​ក្នុង​លោកីយ៍​នេះ​ទេ ហើយ​ច្បាស់​ជា​យើង​ពុំ​អាច​នឹង​យក​អ្វី​ចេញ​ទៅ​វិញ​បាន​ដែរ តែ​បើ​មាន​អាហារ​ទទួល​ទាន និង​សំលៀកបំពាក់ នោះ​ក៏​ល្មម​ឲ្យ​យើង​បាន​ស្កប់​ចិត្ត​ហើយ”(១ធីម៉ូថេ ៦:៧-៨)។

ព្រះ​ជា​ម្ចាស់​បាន​ប្រទាន​យើង​នូវ​ខ្យល់​ដង្ហើម និង​ជីវិត និង​បំពេញ​តម្រូវ​ការ​ផ្សេង​ៗ​របស់​យើង។ តើ​ចិត្ត​យើង​នឹង​ស្រស់​ថ្លា​យ៉ាង​ណា ពេល​ដែល​យើង​បាន​អរ​សប្បាយ និង​ស្កប់​ចិត្ត នឹង​អំណោយ​របស់​ព្រះ​អង្គ ហើយ​ទូល​ព្រះ​អង្គ​ថា ព្រះ​អង្គ​បាន​ប្រទាន​អ្វី​ៗដល់​ទូល​បង្គំ​ច្រើន​ណាស់ លើស​តម្រូវ​ការ​របស់​ទូល​បង្គំ។  “តែ​ការ​គោរព​ប្រតិបត្តិ​ដល់​ព្រះ ដែល​មាន​ទាំង​ចិត្ត​ស្កប់ស្កល់​ផង នោះ​ជា​កំរៃ​១​យ៉ាង​ធំ​មែន”(ខ.៦)។—Anne Cetas