ស្រ្តីម្នាក់យល់ឃើញថា គាត់បានចំណាយច្រើនពេក សម្រាប់ការទិញអំណោយសម្រាប់ក្រុមគ្រួសារគាត់ ដូចនេះ នៅឆ្នាំមួយនោះ គាត់ក៏បានសម្រេចចិត្តធ្វើខុសពីនេះ។ រយៈពេល២បីខែ មុនពេលថ្ងៃបុណ្យណូអែលមកដល់ គាត់ក៏បានទៅកន្លែងដែលគេដាក់តាំងលក់ឥវ៉ាន់មុខផ្ទះ ដើម្បីទិញរបស់របស់ថោកៗ ដែលគេបានប្រើហើយ។ គាត់ក៏បានទិញបានអំណោយច្រើនលើសធម្មតា ដោយចំណាយតិចជាងមុន។ នៅថ្ងៃបុណ្យណូអែល កូនៗរបស់គាត់មានចិត្តរំភើបរីករាយ នៅក្នុងការបើកប្រអប់អំណោយមួយហើយមួយទៀត។ នៅថ្ងៃបន្ទាប់ ពួកគេនៅមានអំណោយដែលត្រូវបើកទៀត។ ស្រ្តីជាម្តាយមានអារម្មណ៍ថា ខ្លួនបានធ្វើខុសនឹងកូន ដូចមិនបានទិញអំណោយថ្មីៗ ឲ្យពួកគេ ដូចនេះ គាត់ក៏មានអំណោយបន្ថែមទៀតសម្រាប់ពួកគេ នៅព្រឹកបន្ទាប់។ ក្មេងៗក៏បានចាប់ផ្តើមបើកអំណោយទាំងនោះ តែភ្លាមៗនោះ ពួកគេក៏បានរអ៊ូថា “កូនបានបើកអំណោយឡើងហត់ហើយ! ម៉ាក់ផ្តល់អំណោយឲ្យកូនៗច្រើនណាស់!” តាមធម្មតា ក្មេងៗមិនមានការឆ្លើយតបដូចនេះ នៅថ្ងៃបុណ្យណូអែលឡើយ។
ព្រះជាម្ចាស់បានប្រទានយើងនូវអ្វីៗជាច្រើន ប៉ុន្តែ យើងហាក់ដូចជាស្វែងរកអ្វីៗជាបន្ថែមទៀត ដូចជា : ផ្ទះធំជាងមុន ឡានល្អជាងមុន ប្រាក់កាន់តែច្រើនក្នុងធនាគា ។ល។ ត្រង់ចំណុចនេះ សាវ័កប៉ុលបានលើកទឹកចិត្តលោកធីម៉ូថេ ឲ្យរំឭកសមាជិកពួកជំនុំរបស់គាត់ថា “ដ្បិតយើងរាល់គ្នាមិនបានយកអ្វី ចូលមកក្នុងលោកីយ៍នេះទេ ហើយច្បាស់ជាយើងពុំអាចនឹងយកអ្វីចេញទៅវិញបានដែរ តែបើមានអាហារទទួលទាន និងសំលៀកបំពាក់ នោះក៏ល្មមឲ្យយើងបានស្កប់ចិត្តហើយ”(១ធីម៉ូថេ ៦:៧-៨)។
ព្រះជាម្ចាស់បានប្រទានយើងនូវខ្យល់ដង្ហើម និងជីវិត និងបំពេញតម្រូវការផ្សេងៗរបស់យើង។ តើចិត្តយើងនឹងស្រស់ថ្លាយ៉ាងណា ពេលដែលយើងបានអរសប្បាយ និងស្កប់ចិត្ត នឹងអំណោយរបស់ព្រះអង្គ ហើយទូលព្រះអង្គថា ព្រះអង្គបានប្រទានអ្វីៗដល់ទូលបង្គំច្រើនណាស់ លើសតម្រូវការរបស់ទូលបង្គំ។ “តែការគោរពប្រតិបត្តិដល់ព្រះ ដែលមានទាំងចិត្តស្កប់ស្កល់ផង នោះជាកំរៃ១យ៉ាងធំមែន”(ខ.៦)។—Anne Cetas