អ៊ំស្រី​បេតធី(Betty) ជា​មនុស្ស​ដែល​មាន​ក្តី​ស្រឡាញ់​ច្រើន។​ កាល​ខ្ញុំ​នៅ​ក្មេង ពេល​ណា​គាត់​មក​លេង​ម្តង​ៗ ខ្ញុំ​មាន​អារម្មណ៍​ថា ​ពេល​នោះ​ដូច​ថ្ងៃ​បុណ្យ​ណូអែល​អញ្ចឹង។ គាត់​បាន​យក​របស់​ក្មេង​លេង Star Wars មក​ឲ្យ​ខ្ញុំ ហើយ​ពេល​គាត់​ចេញ​ទៅ​វិញ គាត់​ដក​លុយ​ឲ្យ​ខ្ញុំ​នៅ​មាត់​ទ្វារ។ ពេល​ណា​ខ្ញុំ​ស្នាក់​នៅ​ជា​មួយ​គាត់ គាត់​បាន​ដាក់​ការ៉េម​ពេញ​ទូទឹក​កក ហើយ​មិន​ដែលចម្អិន​អាហារ​ដាក់​បន្លែ​នោះ​ទេ ព្រោះ​ខ្ញុំ​មិន​ចូល​ចិត្ត​បន្លែ។ គាត់​មិន​មាន​បទ​បញ្ជា​ច្រើន​ទេ ហើយ​គាត់​អនុញ្ញាត​ឲ្យ​ខ្ញុំ​ក្រោក​ពីគេង​យឺត។ អ៊ំស្រី​របស់​ខ្ញុំ​អស្ចារ្យ​ណាស់ ដោយ​គាត់​បាន​ឆ្លុះ​បញ្ចំាង​ឲ្យ​ខ្ញុំ​នឹក​ចំា អំពី​សេចក្តី​សប្បុរស​របស់​ព្រះ។

ទោះ​ជា​យ៉ាង​ណា​ក៏ដោយ ដើម្បី​ឲ្យ​ខ្ញុំ​ចម្រើន​វ័យ​ធំ​ឡើង​បាន​ល្អ ខ្ញុំ​ត្រូវ​ការ​លើស​ពី​អ្វី​ដែល​អ៊ំ​ស្រី​បេតធី​រំពឹង​ចង់​បាន​ពី​ខ្ញុំ។ ខ្ញុំ​ក៏ត្រូវ​ការ​ឲ្យ​ឪពុក​ម្តាយ​ខ្ញុំ​មាន​ការ​រំពឹង​ចង់​បាន​មក​លើ​ខ្ញុំ និង​អាកប្ប​កិរិយា​របស់​ខ្ញុំ និង​មាន​សេចក្តី​ស្រឡាញ់​ចំពោះ​ខ្ញុំ។ ព្រះទ្រង់សព្វ​ព្រះ​ទ័យ​ឲ្យ​ខ្ញុំ​មាន​ចំណុច​ល្អ​ៗ លើស​ពី​អ្វី​ដែល​អ៊ំ​ស្រី​បេតធី​ចង់​ឲ្យ​ខ្ញុំ​មាន។ ព្រះ​អង្គ​បាន​ចាក់​បង្ហូរ​សេចក្តី​ស្រឡាញ់​មក​លើ​យើង គឺ​សេចក្តី​ស្រឡាញ់​ដ៏​ស្ថិត​ស្ថេរ ដែល​មិន​ចេះ​ងាក​រេ សូម្បី​តែ​នៅ​ពេល​ដែល​យើង​ប្រឆាំង ឬ​រត់​ចេញ​ពី​ព្រះ​អង្គក៏​ដោយ ប៉ុន្តែ ព្រះ​អង្គ​នៅ​តែ​មាន​ការ​រំពឹង​ចង់​បាន មក​លើ​យើង។ ពេល​ដែល​ព្រះ​អង្គ​បង្រៀន​ពួក​អ៊ីស្រាអែល អំពី​របៀប​រស់​នៅ​ឲ្យ​បាន​ល្អ ព្រះ​អង្គ​ក៏​បាន​ប្រទាន​ក្រឹត្យ​វិន័យ​១០​ប្រការ គឺ​មិន​មែន​ការ​ស្នើសុំ​ទំាង​១០​ប្រការ​នោះ​ទេ​(និក្ខមនំ ២០:១-១៧)។ ព្រះ​អង្គ​បាន​បង្ហាញ​ការ​រំពឹង​ចង់​បាន​មក​លើ​យើង​យ៉ាង​ច្បាស់​ថា “យើង​ត្រូវ​ស្រឡាញ់​ព្រះ​អង្គ ហើយ​កាន់​តាម​ព្រះ​រាជ​បញ្ជា​របស់​ព្រះអង្គ”(១យ៉ូហាន ៥:២)។

យើង​អរ​ព្រះ​គុណ​ព្រះ​អង្គ ដ្បិត “បញ្ញត្ត​ទ្រង់ នោះ​មិន​មែន​ជា​បន្ទុក​ដ៏​ធ្ងន់​ទេ”(ខ.៣)។ ដោយ​អំណាច​នៃ​ព្រះ​វិញ្ញាណ​បរិសុទ្ធ យើង​អាច​រស់​នៅ​តាម​ព្រះ​រាជ​បញ្ជា​ព្រះ​អង្គ ខណៈ​ពេល​ដែល​យើង​ពិសោធន៍​នឹង​សេចក្តី​ស្រឡាញ់ និង​ក្តី​អំណរ​មក​ពី​ព្រះ។ សេចក្តី​ស្រឡាញ់​ដែល​ព្រះ​អង្គ​មាន​ចំពោះ​យើង គឺ​មិន​ចេះ​ចប់​ឡើយ។ ប៉ុន្តែ ព្រះ​គម្ពីរ​បាន​ផ្តល់​ឲ្យ​យើង​នូវ​សំណួរ​មួយ ដើម្បីជួយ​ឲ្យ​យើង​ដឹង​ថា យើង​ស្រឡាញ់​ព្រះ​ឬ​អត់។ សំណួរ​នោះ​គឺ “តើ​យើង​កំពុង​តែ​ធ្វើ​តាម​ព្រះ​រាជ​បញ្ជា​របស់​ព្រះ​អង្គ តាម​ការ​ដឹក​នាំ​របស់​ព្រះ​វិញ្ញាណ​ដែរ​ឬ​ទេ?”

យើង​អាច​និយាយ​ថា យើង​ស្រឡាញ់​ព្រះ ប៉ុន្តែ ដែល​សំខាន់​នោះ ​យើង​ត្រូវ​ធ្វើ​អ្វី​ៗ ដោយ​ពឹង​អាង​កម្លាំង​មក​ពី​ព្រះ​អង្គ។​—Winn Collier