អ៊ំស្រីបេតធី(Betty) ជាមនុស្សដែលមានក្តីស្រឡាញ់ច្រើន។ កាលខ្ញុំនៅក្មេង ពេលណាគាត់មកលេងម្តងៗ ខ្ញុំមានអារម្មណ៍ថា ពេលនោះដូចថ្ងៃបុណ្យណូអែលអញ្ចឹង។ គាត់បានយករបស់ក្មេងលេង Star Wars មកឲ្យខ្ញុំ ហើយពេលគាត់ចេញទៅវិញ គាត់ដកលុយឲ្យខ្ញុំនៅមាត់ទ្វារ។ ពេលណាខ្ញុំស្នាក់នៅជាមួយគាត់ គាត់បានដាក់ការ៉េមពេញទូទឹកកក ហើយមិនដែលចម្អិនអាហារដាក់បន្លែនោះទេ ព្រោះខ្ញុំមិនចូលចិត្តបន្លែ។ គាត់មិនមានបទបញ្ជាច្រើនទេ ហើយគាត់អនុញ្ញាតឲ្យខ្ញុំក្រោកពីគេងយឺត។ អ៊ំស្រីរបស់ខ្ញុំអស្ចារ្យណាស់ ដោយគាត់បានឆ្លុះបញ្ចំាងឲ្យខ្ញុំនឹកចំា អំពីសេចក្តីសប្បុរសរបស់ព្រះ។
ទោះជាយ៉ាងណាក៏ដោយ ដើម្បីឲ្យខ្ញុំចម្រើនវ័យធំឡើងបានល្អ ខ្ញុំត្រូវការលើសពីអ្វីដែលអ៊ំស្រីបេតធីរំពឹងចង់បានពីខ្ញុំ។ ខ្ញុំក៏ត្រូវការឲ្យឪពុកម្តាយខ្ញុំមានការរំពឹងចង់បានមកលើខ្ញុំ និងអាកប្បកិរិយារបស់ខ្ញុំ និងមានសេចក្តីស្រឡាញ់ចំពោះខ្ញុំ។ ព្រះទ្រង់សព្វព្រះទ័យឲ្យខ្ញុំមានចំណុចល្អៗ លើសពីអ្វីដែលអ៊ំស្រីបេតធីចង់ឲ្យខ្ញុំមាន។ ព្រះអង្គបានចាក់បង្ហូរសេចក្តីស្រឡាញ់មកលើយើង គឺសេចក្តីស្រឡាញ់ដ៏ស្ថិតស្ថេរ ដែលមិនចេះងាករេ សូម្បីតែនៅពេលដែលយើងប្រឆាំង ឬរត់ចេញពីព្រះអង្គក៏ដោយ ប៉ុន្តែ ព្រះអង្គនៅតែមានការរំពឹងចង់បាន មកលើយើង។ ពេលដែលព្រះអង្គបង្រៀនពួកអ៊ីស្រាអែល អំពីរបៀបរស់នៅឲ្យបានល្អ ព្រះអង្គក៏បានប្រទានក្រឹត្យវិន័យ១០ប្រការ គឺមិនមែនការស្នើសុំទំាង១០ប្រការនោះទេ(និក្ខមនំ ២០:១-១៧)។ ព្រះអង្គបានបង្ហាញការរំពឹងចង់បានមកលើយើងយ៉ាងច្បាស់ថា “យើងត្រូវស្រឡាញ់ព្រះអង្គ ហើយកាន់តាមព្រះរាជបញ្ជារបស់ព្រះអង្គ”(១យ៉ូហាន ៥:២)។
យើងអរព្រះគុណព្រះអង្គ ដ្បិត “បញ្ញត្តទ្រង់ នោះមិនមែនជាបន្ទុកដ៏ធ្ងន់ទេ”(ខ.៣)។ ដោយអំណាចនៃព្រះវិញ្ញាណបរិសុទ្ធ យើងអាចរស់នៅតាមព្រះរាជបញ្ជាព្រះអង្គ ខណៈពេលដែលយើងពិសោធន៍នឹងសេចក្តីស្រឡាញ់ និងក្តីអំណរមកពីព្រះ។ សេចក្តីស្រឡាញ់ដែលព្រះអង្គមានចំពោះយើង គឺមិនចេះចប់ឡើយ។ ប៉ុន្តែ ព្រះគម្ពីរបានផ្តល់ឲ្យយើងនូវសំណួរមួយ ដើម្បីជួយឲ្យយើងដឹងថា យើងស្រឡាញ់ព្រះឬអត់។ សំណួរនោះគឺ “តើយើងកំពុងតែធ្វើតាមព្រះរាជបញ្ជារបស់ព្រះអង្គ តាមការដឹកនាំរបស់ព្រះវិញ្ញាណដែរឬទេ?”
យើងអាចនិយាយថា យើងស្រឡាញ់ព្រះ ប៉ុន្តែ ដែលសំខាន់នោះ យើងត្រូវធ្វើអ្វីៗ ដោយពឹងអាងកម្លាំងមកពីព្រះអង្គ។—Winn Collier