អស់រយៈពេលជាច្រើនឆ្នាំមកហើយ ដែលឌីភីកា(Deepika) បានសែងបន្ទុកដ៏ធ្ងន់នៃការប្រកាន់ទោសខ្លួនឯង ដោយសារទង្វើរដែលនាងបានធ្វើមកលើប្អូនស្រីរបស់នាង កាលពួកគេនៅក្មេង។ ទោះនាងបានសុំទោសប្អូនស្រីនាង ហើយប្អូនស្រីនាងបានអត់ទោសឲ្យនាងហើយក៏ដោយ ក៏នាងនៅតែមានអារម្មណ៍ ប្រកាន់ទោសខ្លួនឯង។
បទគម្ពីរអេសាយ ៦:១-៥ បានចែងអំពីរបៀបដែលលោកអេសាយ បានទទួលការបើកសម្តែងរបស់ព្រះ ហើយក៏បានដឹងអំពីសណ្ឋាននៃអំពើបាបរបស់គាត់។ ប៉ុន្តែ ពេលដែលរងើកភ្លើងនៅលើអាសនា បានប៉ះបបូរមាត់គាត់ ហើយគាត់ក៏បានឮពាក្យកម្សាន្តចិត្តថា “សេចក្តីទុច្ចរិតរបស់អ្នក នោះបានដកចេញ ហើយអំពើបាបរបស់អ្នកបានអត់ទោសឲ្យផង”(ខ.៧)។ ជាញឹកញាប់រងើកនៅលើអាសនា ក្នុងព្រះវិហារប្រឡាក់ទៅដោយឈាមកូនចៀមដែលគេថ្វាយជាយញ្ញបូជា ដែលជាការបើកបង្ហាញទុកជាមុនអំពីការលះបង់ព្រះជន្មរបស់ព្រះយេស៊ូវ។ ពេលដែលកូនចៀមនៃព្រះសុគតនៅលើឈើឆ្កាង អំពើបាប និងកំហុសរបស់យើង ត្រូវបានផ្ទេរទៅឲ្យព្រះអង្គ(១ពេត្រុស ២:២៤)។
យើងមានទោស ពេលណាយើងបានប្រព្រឹត្តបទឧក្រឹដ្ឋ ឬអំពើបាប ដែលយើងសមនឹងទទួលការកាត់ទោស។ ការនេះក៏នាំឲ្យយើងមានអារម្មណ៍ប្រកាន់ទោសខ្លួនឯងផងដែរ។ សូម្បីតែគ្រីស្ទបរិស័ទដែលមានជំនឿខ្លាំងបំផុត ក៏មានអារម្មណ៍ដូចនេះផងដែរ ពេលដែលពួកគេធ្វើអ្វីមួយខុស។ កំហុសអាចមានប្រយោជន៍ ពេលណាវាធ្វើឲ្យយើងដឹងថា ខ្លួនយើងខុស ហើយនាំយើងទៅរកការប្រែចិត្ត។ តែការបន្តរស់នៅក្នុងទោសកំហុស បន្ទាប់ពីយើងបានទទួលការអត់ទោស អាចធ្វើឲ្យយើងបាត់បង់សេរីភាព។ សេចក្តីពិតដ៏មានន័យ នៃដំណឹងល្អ បានបញ្ជាក់ថា ព្រះគ្រីស្ទបានដកទោសកំហុសយើងចេញហើយ ដូចនេះ យើងអាចមានសេរីភាពរួចផុតពីបន្ទុកនៃទោសកំហុស។ ចូរយើងអរសប្បាយ ដោយដឹងថា ដោយសារព្រះយេស៊ូវ នោះយើងមិនចាំបាច់ត្រូវបន្តមានអារម្មណ៍ប្រកាន់ទោសខ្លួនឯង ឬបន្តរស់នៅក្នុងភាពអាម៉ាស់នោះទេ។ ព្រះអង្គបានអត់ទោសបាបឲ្យយើងរួចហើយ។— Asiri Fernando