កាលពីឆ្នាំ២៧ មុនគ្រីស្ទសករាជ លោកអុកតេវៀន(Octavian) ដែលជាអ្នកដឹកនាំចក្រភពរ៉ូម៉ាំង បានមកឈរនៅចំពោះមុខព្រឹទ្ធសភា ដើម្បីលះបង់អំណាចរបស់ខ្លួន។ គាត់បានបញ្ចប់សង្រ្គាមស៊ីវិល ហើយក៏បានក្លាយជាអ្នកដឹកនាំ នៃចក្រភពទាំងមូល ហើយបានបំពេញតួនាទី ដូចព្រះចៅអធិរាជ។ តែគាត់ដឹងថា គេមានការសង្ស័យចំពោះអំណាចដែលគាត់មានក្នុងដៃ។ ដូចនេះ លោកអុកតេរៀនក៏បានប្រកាសលះបង់អំណាច នៅចំពោះមុខព្រឹទ្ធសភា ដោយស្បថថា គាត់គ្រាន់តែចង់មាននាទីជាមន្រ្តីធម្មតាប៉ុណ្ណោះ។ តើពួកគេឆ្លើយតបដូចម្តេចចំពោះការសម្រេចចិត្តនេះ? ព្រឹទ្ធសភារ៉ូម៉ាំងក៏បានផ្តល់កិត្តិយសឲ្យអ្នកដឹកនាំរូបនេះ ដោយបំពាក់មកុដបម្រើរាស្រ្ត ឲ្យគាត់ ហើយក៏បានហៅគាត់ថា អ្នកបម្រើនៃប្រជាជនរ៉ូម៉ាំង។ គេក៏បានដាក់បរមងាឲ្យគាត់ថា អូគូស្ត ដែលមានន័យថា “មនុស្សដ៏អស្ចារ្យ”។
សាវ័កប៉ុលបានសរសេរ អំពីការដែលព្រះយេស៊ូវបានលះបង់ព្រះអង្គទ្រង់ ហើយទទួលយកភាពជាអ្នកបម្រើ។ ស្តេចអូគូស្តហាក់ដូចជាបានធ្វើដូចនេះដែរ តើមែនទេ? ជាការពិតណាស់ ស្តេចអូគូស្តគ្រាន់តែធ្វើការសម្តែង ដោយលះបង់អំណាចរបស់ខ្លួន ដើម្បីប្រយោជន៍ផ្ទាល់ខ្លួនទេ។ ព្រះយេស៊ូវបានបន្ទាបព្រះកាយទ្រង់ ដោយស្តាប់បង្គាប់ព្រះវរបិតា រហូតដល់អស់ព្រះជន្ម នៅលើឈើឆ្កាង(ភីលីព ២:៨)។ ការស្លាប់នៅលើឈើឆ្កាងរបស់ពួករ៉ូម៉ាំង ស្ថិតក្នុងចំណោមការបន្ទាបបន្ថោក និងភាពអាម៉ាស់បំផុត។
សព្វថ្ងៃនេះ មូលហេតុចម្បងដែលមនុស្សបានលើកដំកើង “អ្នកដឹកនាំដែលបម្រើរាស្រ្ត” ថាជាមនុស្សមានគុណធម៌ គឺដោយសារព្រះយេស៊ូវបានធ្វើជាគំរូ។ កាលពីដើម ជនជាតិក្រិក និងរ៉ូម៉ាំង មិនបានចាត់ទុកការបន្ទាបខ្លួន ជាគុណធម៌នោះទេ។ ដោយសារព្រះយេស៊ូវបានសុគត នៅលើឈើឆ្កាង ដើម្បីយើងរាល់គ្នា នោះព្រះអង្គជាអ្នកបម្រើដ៏ពិត។ ព្រះអង្គជាព្រះអង្គសង្រ្គោះដ៏ពិត។
ព្រះគ្រីស្ទបានក្លាយជាអ្នកបម្រើ ដើម្បីសង្រ្គោះយើង។ ព្រះអង្គបានយកភាពជាអ្នកបម្រើ និងលះបង់ព្រះអង្គទ្រង់ (ខ.៧) ដើម្បីឲ្យយើងអាចទទួលអ្វី ដែលពិតជាធំប្រសើរ នោះគឺសេចក្តីសង្រ្គោះ និងជីវិតអស់កល្បជានិច្ច។—Glenn Packiam