កាលពី​ឆ្នាំ​២៧ មុន​គ្រីស្ទ​សករាជ លោក​អុកតេវៀន(Octavian) ដែល​ជា​អ្នក​ដឹក​នាំ​ចក្រ​ភព​រ៉ូម៉ាំង បាន​មក​ឈរ​នៅ​ចំពោះ​មុខព្រឹទ្ធ​សភា ដើម្បី​លះ​បង់​អំណាច​របស់​ខ្លួន។ គាត់​បាន​បញ្ចប់​សង្រ្គាម​ស៊ីវិល ហើយ​ក៏​បាន​ក្លាយ​ជា​អ្នក​ដឹក​នាំ នៃ​ចក្រ​ភព​ទាំង​មូល ហើយ​បាន​បំពេញ​តួនាទី ដូច​ព្រះ​ចៅ​អធិរាជ។ តែ​គាត់​ដឹង​ថា គេ​មាន​ការ​សង្ស័យ​ចំពោះ​អំណាច​ដែល​គាត់​មាន​ក្នុង​ដៃ។ ដូច​នេះ លោក​អុកតេរៀន​ក៏​បាន​ប្រកាស​លះ​បង់​អំណាច ​នៅ​ចំពោះ​មុខ​ព្រឹទ្ធ​សភា ដោយ​ស្បថ​ថា គាត់​គ្រាន់​តែ​ចង់​មាន​នាទី​ជាមន្រ្តី​ធម្មតា​ប៉ុណ្ណោះ។ តើ​ពួក​គេ​ឆ្លើយ​តប​ដូច​ម្តេច​ចំពោះ​ការ​សម្រេច​ចិត្ត​នេះ? ព្រឹទ្ធ​សភា​រ៉ូម៉ាំង​ក៏​បាន​ផ្តល់​កិត្តិ​យស​ឲ្យ​អ្នកដឹក​នាំ​រូប​នេះ ដោយ​បំពាក់​មកុដ​បម្រើ​រាស្រ្ត ឲ្យ​គាត់ ហើយ​ក៏​បាន​ហៅ​គាត់​ថា អ្នក​បម្រើ​នៃ​ប្រជាជន​រ៉ូ​ម៉ាំង។ គេ​ក៏​បាន​ដាក់​បរម​ងាឲ្យ​គាត់​ថា អូ​គូស្ត ដែល​មាន​ន័យ​ថា “មនុស្ស​ដ៏​អស្ចារ្យ”។

សាវ័ក​ប៉ុល​បាន​សរសេរ អំពី​ការ​ដែល​ព្រះ​យេស៊ូវ​បាន​លះ​បង់​ព្រះ​អង្គ​ទ្រង់ ហើយ​ទទួល​យក​ភាព​ជា​អ្នក​បម្រើ។ ស្តេច​អូគូស្តហាក់​ដូច​ជា​បាន​ធ្វើ​ដូចនេះ​ដែរ តើ​មែន​ទេ? ជា​ការ​ពិត​ណាស់ ស្តេច​អូគូស្ត​គ្រាន់​តែ​ធ្វើ​ការ​សម្តែង ​ដោយ​លះ​បង់​អំណាច​របស់ខ្លួន ​ដើម្បី​ប្រយោជន៍ផ្ទាល់​ខ្លួន​ទេ។ ព្រះ​យេស៊ូវ​បាន​បន្ទាប​ព្រះ​កាយ​ទ្រង់ ដោយ​ស្តាប់​បង្គាប់​ព្រះវរបិតា រហូត​ដល់​អស់​ព្រះ​ជន្ម នៅ​លើ​ឈើ​ឆ្កាង(ភីលីព ២:៨)។ ការ​ស្លាប់​នៅ​លើ​ឈើ​ឆ្កាង​របស់​ពួក​រ៉ូម៉ាំង ស្ថិត​ក្នុង​ចំណោម​ការ​បន្ទាប​បន្ថោក និង​ភាព​អាម៉ាស់​បំផុត។​

សព្វ​ថ្ងៃ​នេះ មូល​ហេតុ​ចម្បង​ដែល​មនុស្ស​បាន​លើក​ដំកើង “អ្នក​ដឹក​នាំ​ដែល​បម្រើ​រាស្រ្ត” ថា​ជា​មនុស្ស​មាន​គុណ​ធម៌ គឺ​ដោយ​សារ​ព្រះយេស៊ូវ​បាន​ធ្វើ​ជា​គំរូ។​ កាល​ពី​ដើម ជន​ជាតិ​ក្រិក និង​រ៉ូម៉ាំង មិន​បាន​ចាត់​ទុក​ការ​បន្ទាប​ខ្លួន ជា​គុណ​ធម៌​នោះ​ទេ។ ដោយសារ​ព្រះ​យេស៊ូវ​បាន​សុគត នៅ​លើ​ឈើ​ឆ្កាង ដើម្បី​យើង​រាល់​គ្នា នោះ​ព្រះ​អង្គ​ជា​អ្នក​បម្រើដ៏​ពិត។ ព្រះ​អង្គ​ជា​ព្រះ​អង្គសង្រ្គោះ​ដ៏​ពិត។

ព្រះ​គ្រីស្ទ​បាន​ក្លាយ​ជា​អ្នក​បម្រើ ដើម្បី​សង្រ្គោះ​យើង។ ព្រះ​អង្គ​បាន​យក​ភាព​ជា​អ្នក​បម្រើ និង​លះ​បង់​ព្រះ​អង្គ​ទ្រង់​ (ខ.៧) ដើម្បីឲ្យ​យើង​អាច​ទទួល​អ្វី ដែល​ពិត​ជា​ធំ​ប្រសើរ នោះ​គឺ​សេចក្តី​សង្រ្គោះ និង​ជីវិត​អស់​កល្ប​ជានិច្ច។​—Glenn Packiam