ថ្ងៃ​មួយ ខ្ញុំ​បាន​ទៅ​មើល​ស្រះ​ទឹក​មួយ នៅ​ក្បែរ​ផ្ទះ​ខ្ញុំ នៅ​ពេល​ព្រឹក​ព្រលឹម។ ខ្ញុំ​ក៏​បាន​អង្គុយ​នៅ​លើ​ទូក​ដែល​គេ​បាន​ផ្កាប់​នៅ​លើ​គោក ដោយ​គិត និង​មើល​ខ្យល់​ដែល​បក់​មក​ពី​ទិស​ខាង​លិច​យ៉ាង​ស្រទន់ បណ្តេញ​អ័ព្ទមួយ​ស្រទាប់ ពី​លើ​ផ្ទៃ​ទឹក។ អ័ព្ទ​ក៏​បានគួច​ឡើង ដូច​ខ្យល់​គួច ដែល​ងើប​ឡើង ហើយ​ក៏​បាន​បាត់​ទៅ​វិញ។  មិន​យូរ​ប៉ុន្មាន ពន្លឺ​ថ្ងៃ ក៏​បាន​បញ្ចេញ​មក​តាម​ចន្លោះ​ពពក ហើយ​អ័ព្ទ​ក៏​បាន​រលាយ។

ទិដ្ឋ​ភាព​នេះ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​មាន​ការ​កម្សាន្ត​ចិត្ត ព្រោះ​វា​បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចាំ​ អំ​ពី​ខគម្ពីរ​ដែល​ខ្ញុំ​កំពុង​អាន​នៅ​ថ្ងៃ​នោះ ដែល​បាន​ចែង​ថា “អញ​បាន​លុប​អំពើ​រំលង​របស់​ឯង​ចេញ ដូច​ជា​ពពក​យ៉ាង​ក្រាស់ និង​អំពើ​បាប​ឯង​ដូច​ជា​ពពក​ផង”(អេសាយ ៤៤:២២)។ ខ្ញុំ​បាន​ទៅ​មើល​កន្លែង​នោះ ដោយ​សង្ឃឹម​ថា នឹង​អាច​បញ្ជៀស​ខ្លួន​ឯង ឲ្យ​រួច​ពី​គំនិត​ដែល​មាន​បាប ដែល​ខ្ញុំ​មាន​អស់​រយៈ​ពេលប៉ុន្មាន​ថ្ងៃ​កន្លង​មក​នេះ។ ខ្ញុំ​ក៏​បាន​សារ​ភាព​អំពើ​បាប​ទាំង​នោះ ហើយក៏​បាន​ឆ្ងល់​ថា តើ​ព្រះ​ទ្រង់​នឹង​អត់​ទោស​ឲ្យ​ខ្ញុំ​ទេ បើ​ខ្ញុំ​នៅតែ​បន្ត​ប្រព្រឹត្ត​អំពើ​បាប​ដដែល​ៗ។​

នៅ​ពេល​ព្រឹក​នោះ ខ្ញុំ​ក៏​បាន​ដឹង​ថា ព្រះ​អង្គ​នៅ​តែ​អត់​ទោស​ឲ្យ​ខ្ញុំ​ជា​និច្ច។ តាម​រយៈ​ហោរា​អេសាយ​ ព្រះ​ទ្រង់​បាន​បង្ហាញ​ព្រះគុណ ដល់​ជន​ជាតិ​អ៊ីស្រាអែល ពេល​ដែល​ពួក​គេ​កំពុង​តែ​មាន​បញ្ហា​ថ្វាយ​បង្គំ​រូប​ព្រះ​ដ៏​រាំរ៉ៃ។

ព្រះ​អង្គ​បាន​ប្រាប់​ពួក​គេ​ឲ្យ​ឈប់​ដេញ​តាម​ព្រះ​ក្លែង​ក្លាយ តែ​ទន្ទឹម​នឹង​នោះ ​ព្រះ​អង្គ​ក៏​បាន​អញ្ជើញ​ពួក​គេ ឲ្យ​វិល​ត្រលប់​មក​រកព្រះ​អង្គ​វិញ ដោយ​មាន​បន្ទូល​ថា “អញ​បាន​សូន​បង្កើត​ឯង ដូច្នេះ ឯង​ជា​អ្នក​បំរើ​របស់​អញ ឱ​ពួក​អ៊ីស្រាអែល​អើយ អញ​នឹង​មិន​ភ្លេច​ឯង​ឡើយ”(ខ.២១)។ ការ​អត់​ទោស​បាប​របស់​ព្រះ​អង្គ ជា​អ្វី​ដែល​ខ្ញុំ​មិន​នឹក​ស្មាន​ដល់ តែ​ខ្ញុំ​ក៏​បាន​ដឹង​ថា មាន​តែ​ព្រះ​គុណ​ព្រះ​អង្គ​ទេ ដែល​អាច​រំលាយ​អំពើ​បាប​យើង​ទាំង​ស្រុង ហើយ​ប្រោស​យើង​ឲ្យ​ជា។ ខ្ញុំ​សូម​អរ​ព្រះ​គុណ​ព្រះ​អង្គ សម្រាប់ព្រះគុណ​ព្រះ​អង្គ ដែល​គ្មាន​ទី​បញ្ចប់ និង​បរិសុទ្ធ ហើយ​យើង​អាច​ទទួល​បាន​គ្រប់​ពេល​ ដែល​យើង​ត្រូវ​ការ។​—Jennifer Benson Schuldt