ជីវិតរបស់លោកដេននីស(Dennis) បានផ្លាស់ប្រែ បន្ទាប់ពីមនុស្សម្នាក់បានឲ្យព្រះគម្ពីរសញ្ញាថ្មីមួយក្បាល មកគាត់។ គាត់បានអានព្រះគម្ពីរនោះយ៉ាងជក់ចិត្ត ហើយក៏ដាក់តាមខ្លួនជានិច្ច។ ក្នុងរយៈពេល៦ខែ ព្រឹត្តិការណ៍សំខាន់ៗពីរបានកើតឡើង ដែលបានធ្វើឲ្យជីវិតគាត់ផ្លាស់ប្រែ។ គាត់បានទទួលជឿព្រះយេស៊ូវ ដោយទទួលយកការអត់ទោសបាបពីព្រះអង្គ ហើយគាត់ក៏បានទៅពិនិត្យសុខភាព ឃើញមានសាច់ដុះក្នុងខួរក្បាល បន្ទាប់ពីគាត់មានជម្ងឺឈឺក្បាលធ្ងន់ធ្ងរ។ ដោយសារគាត់មានការឈឺចាប់ខ្លាំង គាត់មិនអាចក្រោកទៅធ្វើការបានទេ។ នៅពេលយប់មួយនោះ គាត់មានការឈឺចាប់ខ្លាំង គេងមិនបាន គាត់ក៏បានស្រែករកព្រះ។ ទីបំផុត គាត់ក៏បានគេងលក់ នៅម៉ោងប្រហែល៤កន្លះទៀបភ្លឺ។
ការឈឺចាប់ផ្នែករូបកាយ អាចបណ្តាលឲ្យយើងស្រែករកព្រះ ប៉ុន្តែ ស្ថានភាពដ៏ឈឺចាប់ផ្សេងទៀត ក៏ជំរុញយើងឲ្យរត់ទៅរកព្រះអង្គផងដែរ។ នៅគ្រាសញ្ញាចាស់ ពេលដែលលោកយ៉ាកុបកំពុងស្ថិតក្នុងភាពអស់សង្ឃឹម គាត់ក៏បានជួបជាមួយព្រះអម្ចាស់(លោកុប្បត្តិ ៣២:២៤-៣២)។ កាលនោះ គាត់មានរឿងក្នុងគ្រួសារដែលមិនទាន់បានបញ្ចប់។ គាត់បានធ្វើខុសមកលើលោកអេសាវដែលជាបងប្អូនភ្លោះរបស់គាត់(ជំពូក២៧) ហើយគាត់ខ្លាចលោកអេសាវសងសឹក ដោយគ្មានការលើកលែង។ ខណៈពេលដែលគាត់ស្វែងរកជំនួយមកពីព្រះ ក្នុងស្ថានភាពដ៏ពិបាកនោះ គាត់ក៏បានជួបព្រះមុខទល់នឹងមុខ(៣២:៣០) ហើយជីវិតគាត់ក៏មានការផ្លាស់ប្តូរ។
លោកដេននីសក៏បានជួបការផ្លាស់ប្តូរផងដែរ។ បន្ទាប់ពីគាត់បានទូលអង្វរដល់ព្រះ ដោយការអធិស្ឋាន គាត់ក៏មានកម្លាំងក្រោកពីគ្រែរួច ហើយវេជ្ជបណ្ឌិតក៏បានពិនិត្យសុខភាពគាត់ម្តងទៀត តែមិនឃើញមានសាច់ដុះក្នុងខួរក្បាលគាត់ទៀតឡើយ។ ព្រះទ្រង់មិនតែងតែសម្រេចព្រះទ័យប្រោសយើងឲ្យជា ដោយការអស្ចារ្យ គ្រប់ពេលនោះឡើយ តែយើងអាចទុកចិត្តថា ព្រះអង្គតែងតែឮពាក្យយើងអធិស្ឋាន ហើយនឹងប្រទាននូវអ្វីដែលយើងត្រូវការ ក្នុងស្ថានភាពរបស់យើង។ ពេលណាយើងជួបភាពអស់សង្ឃឹម ឬទាល់ច្រក ចូរយើងអធិស្ឋានដោយចិត្តស្មោះត្រង់ ដល់ព្រះអង្គ ហើយថ្វាយលទ្ធផលឲ្យព្រះអង្គជាអ្នកសម្រេច!—Arthur Jackson