ជីវិត​របស់​លោក​ដេននីស(Dennis) បាន​ផ្លាស់​ប្រែ បន្ទាប់​ពី​មនុស្ស​ម្នាក់​បាន​ឲ្យ​ព្រះ​គម្ពីរ​សញ្ញាថ្មី​មួយ​ក្បាល មក​គាត់។ គាត់បាន​អាន​ព្រះ​គម្ពីរ​នោះយ៉ាង​ជក់​ចិត្ត ហើយ​ក៏​ដាក់​តាម​ខ្លួន​ជា​និច្ច។ ក្នុង​រយៈ​ពេល​៦​ខែ ព្រឹត្តិការណ៍​សំខាន់​ៗ​ពីរ​បាន​កើត​ឡើង ដែល​បាន​ធ្វើ​ឲ្យ​ជីវិត​គាត់​ផ្លាស់​ប្រែ។ គាត់​បាន​ទទួល​ជឿ​ព្រះ​យេស៊ូវ ដោយ​ទទួល​យក​ការ​អត់​ទោស​បាប​ពី​ព្រះ​អង្គ ហើយ​គាត់​ក៏​បាន​ទៅ​ពិនិត្យ​សុខ​ភាព ឃើញ​មាន​សាច់​ដុះ​ក្នុង​ខួរ​ក្បាល បន្ទាប់​ពី​គាត់​មាន​ជម្ងឺ​ឈឺ​ក្បាល​ធ្ងន់​ធ្ងរ។ ដោយ​សារ​គាត់​មាន​ការ​ឈឺ​ចាប់​ខ្លាំង គាត់​មិន​អាច​ក្រោក​ទៅ​ធ្វើ​ការ​បាន​ទេ។ នៅ​ពេល​យប់​មួយ​នោះ គាត់​មាន​ការ​ឈឺ​ចាប់​ខ្លាំង គេង​មិន​បាន គាត់​ក៏បាន​ស្រែក​រក​ព្រះ។ ទី​បំផុត គាត់​ក៏​បាន​គេង​លក់ នៅ​ម៉ោង​ប្រហែល​៤​កន្លះ​ទៀប​ភ្លឺ។​

ការ​ឈឺ​ចាប់​ផ្នែក​រូប​កាយ អាច​បណ្តាល​ឲ្យ​យើង​ស្រែក​រក​ព្រះ ប៉ុន្តែ ស្ថាន​ភាព​ដ៏​ឈឺ​ចាប់​ផ្សេង​ទៀត ក៏​ជំរុញ​យើង​ឲ្យ​រត់​ទៅ​រក​ព្រះ​អង្គ​ផង​ដែរ។ នៅ​គ្រា​សញ្ញា​ចាស់ ពេល​ដែល​លោក​យ៉ាកុប​កំពុង​ស្ថិត​ក្នុង​ភាព​អស់​សង្ឃឹម គាត់​ក៏​បាន​ជួប​ជា​មួយ​ព្រះ​អម្ចាស់​(លោកុប្បត្តិ ៣២:២៤-៣២)។ កាល​នោះ គាត់​មាន​រឿង​ក្នុង​គ្រួសារ​ដែល​មិន​ទាន់​បាន​បញ្ចប់។ គាត់​បាន​ធ្វើ​ខុស​មកលើ​លោក​អេសាវ​ដែល​ជា​បង​ប្អូន​ភ្លោះ​របស់​គាត់​(ជំពូក២៧) ហើយ​គាត់​ខ្លាច​លោក​អេសាវ​សង​សឹក ដោយ​គ្មាន​ការ​លើក​លែង។ ខណៈ​ពេល​ដែល​គាត់​ស្វែង​រក​ជំនួយ​មក​ពី​ព្រះ ក្នុង​ស្ថាន​ភាព​ដ៏​ពិបាក​នោះ គាត់ក៏​បាន​ជួប​ព្រះ​មុខ​ទល់​នឹង​មុខ​(៣២:៣០) ហើយ​ជីវិត​គាត់​ក៏​មាន​ការ​ផ្លាស់​ប្តូរ។​

លោក​ដេន​នីស​ក៏​បាន​ជួប​ការ​ផ្លាស់​ប្តូរ​ផង​ដែរ។ បន្ទាប់​ពី​គាត់​បាន​ទូល​អង្វរ​ដល់​ព្រះ ដោយ​ការ​អធិស្ឋាន គាត់​ក៏​មាន​កម្លាំងក្រោក​ពី​គ្រែ​រួច ហើយ​វេជ្ជ​បណ្ឌិត​ក៏​បាន​ពិនិត្យ​សុខ​ភាព​គាត់​ម្តង​ទៀត តែ​មិន​ឃើញ​មាន​សាច់​ដុះ​ក្នុង​ខួរ​ក្បាល​គាត់​ទៀត​ឡើយ។ ​ព្រះ​ទ្រង់​មិន​តែង​តែ​សម្រេច​ព្រះ​ទ័យ​ប្រោស​យើង​ឲ្យ​ជា ដោយ​ការ​អស្ចារ្យ​ គ្រប់​ពេល​នោះ​ឡើយ តែ​យើង​អាច​ទុក​ចិត្ត​ថា ព្រះ​អង្គ​តែង​តែ​ឮ​ពាក្យ​យើង​អធិស្ឋាន ហើយ​នឹង​ប្រទាន​​នូវ​អ្វី​ដែល​យើង​ត្រូវ​ការ ក្នុង​ស្ថាន​ភាព​របស់​យើង។ ពេល​ណាយើង​ជួប​ភាព​អស់​សង្ឃឹម ឬ​ទាល់​ច្រក ចូរ​យើង​អធិស្ឋាន​ដោយ​ចិត្ត​ស្មោះ​ត្រង់ ដល់​ព្រះ​អង្គ ហើយ​ថ្វាយ​លទ្ធ​ផល​ឲ្យ​ព្រះ​អង្គ​ជាអ្នក​សម្រេច!—Arthur Jackson