ការវះកាត់បន្ទាប់ពីជំងឺដាច់សរសៃឈាម បានបណ្តាលឲ្យលោកថម(Tom) បាត់បង់សមត្ថភាពក្នុងការនិយាយ ហើយគាត់ក៏បានប្រឈមមុខដាក់ការស្តានិតិសម្បទាឡើងវិញ ដែលជាដំណើរដ៏វែងឆ្ងាយ។ ប៉ុន្មានសប្តាហ៍ក្រោយមក យើងមានការភ្ញាក់ផ្អើល និងមានអំណរណាស់ ពេលដែលឃើញគាត់ មកចូលរួមការប្រារព្ធពិធីបុណ្យអរព្រះគុណព្រះ នៅក្នុងព្រះវិហារយើង។ យើងកាន់តែមានការភ្ញាក់ផ្អើល ពេលដែលបានឃើញគាត់ក្រោកឈ ហើយនិយាយ។
គាត់បាននិយាយរដិបរដុប ហើយនិយាយច្រំដែល ដោយពិបាករកពាក្យនិយាយ ហើយក៏បានច្រឡំកាលបរិច្ឆេទ និងពេលវេលា។ ប៉ុន្តែ យើងអាចដឹងច្បាស់ថា គាត់កំពុងតែពោលសរសើរដំកើងព្រះ! យើងអាណិតគាត់ ដែលបានជួបការឈឺចាប់ច្រើនយ៉ាងនេះ តែទីបន្ទាល់របស់គាត់បានធ្វើជាព្រះពរដ៏ធំសម្រាប់យើងនៅថ្ងៃនោះ។
នៅក្នុងរឿងដើមកំណើតនៃបុណ្យណូអែល យើងឃើញថា មានបុរសម្នាក់បានបាត់បង់សមត្ថភាពនិយាយផងដែរ។ ទេវតា កាព្រីយ៉ែលបានមកជួបលោកសាការី ដែលជាសង្ឃរបស់ព្រះ ហើយក៏បានប្រាប់គាត់ថា គាត់នឹងក្លាយជាឪពុករបស់ហោរាដ៏អស្ចារ្យម្នាក់(មើល លូកា ១:១១-១៧)។ លោកសាការី និងភរិយាគាត់ មានវ័យចាស់ណាស់ហើយ ដូចនេះ គាត់ក៏មានការសង្ស័យ ចំពោះអ្វីដែលទេវតាបានប្រាប់គាត់។ ហេតុនេះហើយ ទេវតាកាពីព្រីយ៉ែលក៏បានប្រាប់គាត់ថា គាត់នឹង ត្រូវគ និយាយមិនបាន ដរាបដល់ថ្ងៃដែលការទាំងនេះកើតមក(ខ.២០)។
ថ្ងៃនោះក៏បានមកដល់។ ក្នុងពិធីដាក់ឈ្មោះឲ្យកូនដែលបានចាប់កំណើតដោយការអស្ចារ្យនោះ លោកសាការីក៏អាចនិយាយឡើងវិញ។ គាត់ក៏បានចាប់ផ្តើមនិយាយ ដោយពោលពាក្យសរសើរដំកើងព្រះ(ខ.៦៤)។ បន្ទាប់មក គាត់ក៏បានមានប្រសាសន៍ថា “សូមឲ្យព្រះអម្ចាស់ ជាព្រះនៃសាសន៍អ៊ីស្រាអែល បានប្រកបដោយព្រះគុណ ពីព្រោះទ្រង់បានទតមើល ហើយប្រោសលោះរាស្ត្រទ្រង់”(ខ.៦៨)។
លោកថម មិនខុសពីលោកសាការីឡើយ។ ពេលដែលគាត់អាចនិយាយឡើងវិញភ្លាម គាត់ក៏បានពោលសរសើរព្រះ។ ចិត្តរបស់អ្នកទាំងពីរសុទ្ធតែទោទន់ទៅរកព្រះ ដែលបានបង្កើតអណ្តាត និងចិត្តរបស់ពួកគេ។
ទោះយើងជួបប្រទះអ្វីក៏ដោយ ក្នុងរដូវកាលនេះ យើងនៅតែអាចឆ្លើយតប ដោយការសរសើរ ដូចពួកគេផងដែរ។—Tim Gustafson