ការ​វះ​កាត់​បន្ទាប់​ពី​ជំងឺ​ដាច់​សរសៃ​ឈាម បាន​បណ្តាល​ឲ្យ​លោក​ថម(Tom) បាត់​បង់​សមត្ថ​ភាព​ក្នុង​ការ​និយាយ ហើយ​គាត់​ក៏បាន​ប្រឈម​មុខ​ដាក់​ការ​ស្តានិតិសម្បទា​ឡើង​វិញ ដែល​ជា​ដំណើរ​ដ៏​វែង​ឆ្ងាយ។ ប៉ុន្មាន​សប្តាហ៍​ក្រោយ​មក យើង​មាន​ការ​ភ្ញាក់ផ្អើល និង​មាន​អំណរ​ណាស់ ពេល​ដែល​ឃើញ​គាត់ មក​ចូល​រួម​ការ​ប្រារព្ធ​ពិធី​បុណ្យ​អរ​ព្រះ​គុណ​ព្រះ នៅ​ក្នុង​ព្រះ​វិហារ​យើង។ យើង​កាន់​តែ​មាន​ការ​ភ្ញាក់​ផ្អើល ពេល​ដែល​បាន​ឃើញ​គាត់ក្រោក​ឈ ហើយ​និយាយ។

គាត់​បាន​និយាយ​រដិប​រដុប ហើយ​និយាយ​ច្រំ​ដែល ដោយ​ពិបាក​រក​ពាក្យ​និយាយ ហើយ​ក៏​បាន​ច្រឡំ​កាល​បរិច្ឆេទ និង​ពេល​វេលា។ ប៉ុន្តែ យើង​អាច​ដឹង​ច្បាស់​ថា គាត់​កំពុង​តែ​ពោល​សរសើរ​ដំកើង​ព្រះ! យើងអាណិត​គាត់ ដែល​បាន​ជួប​ការ​ឈឺ​ចាប់​ច្រើនយ៉ាង​នេះ តែទី​បន្ទាល់​របស់​គាត់​បាន​ធ្វើ​ជា​ព្រះ​ពរ​ដ៏​ធំ​សម្រាប់​យើង​នៅ​ថ្ងៃ​នោះ។​

នៅ​ក្នុង​រឿង​ដើម​កំណើត​នៃ​បុណ្យ​ណូអែល យើង​ឃើញ​ថា មាន​បុរស​ម្នាក់​បាន​បាត់​បង់​សមត្ថ​ភាព​និយាយ​ផង​ដែរ។ ទេវតា កាព្រីយ៉ែល​បាន​មក​ជួប​លោក​សាការី ដែល​ជា​សង្ឃ​របស់​ព្រះ ហើយ​ក៏​បាន​ប្រាប់​គាត់​ថា  គាត់​នឹង​ក្លាយ​ជា​ឪពុក​របស់​ហោរា​ដ៏អស្ចារ្យ​ម្នាក់​(មើល លូកា ១:១១-១៧)។ លោក​សាការី និង​ភរិយា​គាត់ មាន​វ័យ​ចាស់​ណាស់​ហើយ ដូច​នេះ គាត់​ក៏​មាន​ការ​សង្ស័យ ចំពោះ​អ្វី​ដែល​ទេវតា​បាន​ប្រាប់​គាត់។​ ហេតុ​នេះ​ហើយ ទេវតា​កាពី​ព្រីយ៉ែល​ក៏​បាន​ប្រាប់​គាត់​ថា គាត់​នឹង ​ត្រូវ​គ និយាយ​មិន​បាន ដរាប​ដល់​ថ្ងៃ​ដែល​ការ​ទាំង​នេះ​កើត​មក(ខ.២០)។

ថ្ងៃ​នោះ​ក៏​បាន​មក​ដល់។ ​ក្នុង​ពិធី​ដាក់​ឈ្មោះ​ឲ្យ​កូន​ដែល​បាន​ចាប់​កំណើត​ដោយ​ការ​អស្ចារ្យ​នោះ លោក​សាការី​ក៏​អាច​និយាយឡើង​វិញ។ គាត់​ក៏​បាន​ចាប់​ផ្តើម​និយាយ ដោយ​ពោល​ពាក្យ​សរសើរ​ដំកើង​ព្រះ​(ខ.៦៤)។ បន្ទាប់​មក គាត់​ក៏​បាន​មាន​ប្រសាសន៍​ថា “សូម​ឲ្យ​ព្រះអម្ចាស់ ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រាអែល បាន​ប្រកប​ដោយ​ព្រះគុណ ពី​ព្រោះ​ទ្រង់​បាន​ទត​មើល ហើយ​ប្រោស​លោះ​រាស្ត្រ​ទ្រង់”(ខ.៦៨)។

លោក​ថម មិន​ខុស​ពី​លោក​សាការី​ឡើយ។ ពេល​ដែល​គាត់​អាច​និយាយ​ឡើង​វិញ​ភ្លាម គាត់​ក៏​បាន​ពោល​សរសើរ​ព្រះ។ ចិត្តរបស់​អ្នក​ទាំង​ពីរ​សុទ្ធ​តែ​ទោ​ទន់​ទៅ​រក​ព្រះ ដែល​បាន​បង្កើត​អណ្តាត និង​ចិត្ត​របស់​ពួក​គេ។

ទោះ​យើង​ជួប​ប្រទះអ្វី​ក៏​ដោយ ក្នុង​រដូវ​កាល​នេះ យើង​នៅ​តែ​អាច​ឆ្លើយ​តប ដោយ​ការ​សរសើរ ដូច​ពួក​គេ​ផង​ដែរ។​—Tim Gustafson