លោក​ឌីនយ៉ាន(Dnyan) បាន​ចាត់​ទុក​ខ្លួន​ឯង ជា​សិស្ស​របស់​ពិភព​លោក។ គាត់​ថា ទីក្រុង និង​ទី​ប្រជុំ​ជន ដែល​គាត់​បាន​ធ្វើដំណើរ​កាត់​តាម សុទ្ធ​តែ​ជា “សាលា​រៀន​ដ៏ធំ​សម្បើម”។ គាត់​បាន​ចាប់​ផ្តើម​កាធ្វើ​ដំណើរ​រយៈ​ពេល​៤​ឆ្នាំ ដោយ​ការ​ជិះ​កង់ ក្នុងឆ្នាំ​២០១៦ ដើម្បី​ជួប និង​រៀន​ពី​មនុស្ស​ដែល​គាត់​បាន​ជួប។ ពេល​ណា​គាត់​ជួប​រនាំង​នៃ​ភាសា គាត់​ក៏​បាន​រក​ឃើញ​ថា ជួន​កាល​មនុស្ស​អាច​យល់​ថា ដៃ​គូ​សន្ទនា​របស់​ខ្លួន​គិត​អំពី​អ្វី ដោយ​គ្រាន់​តែ​មើល​មុខ​គ្នា​ទៅ​វិញ​ទៅ​មក។​ គាត់​មិន​បាន​វាស់ចម្ងាយ​ដែល​គាត់​បាន​ធ្វើ​ដំណើរ ជា​គីឡូ​ម៉ែត្រ ឬ​ដោយ​ប្រើ​អ្វី​ដែល​គាត់​បាន​ឃើញ​នោះ​ឡើយ។ ផ្ទុយ​ទៅ​វិញ គាត់​បាន​វាស់ចម្ងាយ ដោយ​ផ្អែក​ទៅ​លើ​មនុស្ស​ដែល​បាន​បន្សល់​ទុក​នូវ​ស្នាម​ផ្តិត​ជាប់​ក្នុង​ចិត្ត​គាត់។ គាត់​ថា “ខ្ញុំ​ប្រហែល​មិន​ចេះ​ភាសារបស់​អ្នក​ទេ តែ​ខ្ញុំ​ចង់​ដឹង​ថា អ្នក​ជា​នរណា”។

ពិភព​លោក​នេះ​ធំ​ណាស់ តែ​ព្រះ​ទ្រង់​ជ្រាប​អំពី​វា ហើយ​ក៏​ស្គាល់​មនុស្ស​ទាំង​អស់ នៅ​ក្នុងផែនដី ទាំង​ស្រុង គ្មាន​កន្លែង​ចន្លោះ។  ស្តេច​ដាវីឌ ដែល​ជា​អ្នក​និពន្ធ​បទ​គម្ពីរ​ទំនុក​ដំកើង មាន​ការ​ស្ងប់​ស្ងែង​ចំពោះ​ព្រះ​ ពេល​ដែល​ទ្រង់​បាន​ពិចារណា អំពី​កិច្ច​ការដែល​ព្រះ​ហស្ត​ព្រះ​អង្គ​បាន​ធ្វើ ​ដូច​ជា​ការ​បង្កើត​ផ្ទៃ​មេឃ​ ព្រះ​ច័ន្ទ និង​ផ្កាយ​(ទំនុក​ដំកើង ៨:៣)។ ទ្រង់​ឆ្ងល់​ថា “តើ​មនុស្ស​ជា​អ្វី ដែល​ព្រះ​ទ្រង់​នឹក​រឭក​ដល់​គេ ហើយ​កូន​មនុស្ស​ផង ដែល​ទ្រង់​ប្រោស​ដូច្នេះ”(ខ.៤)។

ព្រះ​ទ្រង់​ស្គាល់​អ្នក​ច្បាស់​ជាង​នរណា​ទាំង​អស់ ហើយ​ព្រះ​អង្គ​យក​ព្រះ​ទ័យ​ទុក​ដាក់​ចំពោះ​អ្នក។​ យើង​គ្រាន់​តែ​អាច​ឆ្លើយ​តបថា “ឱ​ព្រះយេហូវ៉ា ជា​ព្រះអម្ចាស់​នៃ​យើង​ខ្ញុំ​អើយ ព្រះនាម​ទ្រង់​ប្រសើរ​គ្រប់​លើ​ផែនដី​”(ខ.១,៩)។—Anne Cetas