លោកឌីនយ៉ាន(Dnyan) បានចាត់ទុកខ្លួនឯង ជាសិស្សរបស់ពិភពលោក។ គាត់ថា ទីក្រុង និងទីប្រជុំជន ដែលគាត់បានធ្វើដំណើរកាត់តាម សុទ្ធតែជា “សាលារៀនដ៏ធំសម្បើម”។ គាត់បានចាប់ផ្តើមកាធ្វើដំណើររយៈពេល៤ឆ្នាំ ដោយការជិះកង់ ក្នុងឆ្នាំ២០១៦ ដើម្បីជួប និងរៀនពីមនុស្សដែលគាត់បានជួប។ ពេលណាគាត់ជួបរនាំងនៃភាសា គាត់ក៏បានរកឃើញថា ជួនកាលមនុស្សអាចយល់ថា ដៃគូសន្ទនារបស់ខ្លួនគិតអំពីអ្វី ដោយគ្រាន់តែមើលមុខគ្នាទៅវិញទៅមក។ គាត់មិនបានវាស់ចម្ងាយដែលគាត់បានធ្វើដំណើរ ជាគីឡូម៉ែត្រ ឬដោយប្រើអ្វីដែលគាត់បានឃើញនោះឡើយ។ ផ្ទុយទៅវិញ គាត់បានវាស់ចម្ងាយ ដោយផ្អែកទៅលើមនុស្សដែលបានបន្សល់ទុកនូវស្នាមផ្តិតជាប់ក្នុងចិត្តគាត់។ គាត់ថា “ខ្ញុំប្រហែលមិនចេះភាសារបស់អ្នកទេ តែខ្ញុំចង់ដឹងថា អ្នកជានរណា”។
ពិភពលោកនេះធំណាស់ តែព្រះទ្រង់ជ្រាបអំពីវា ហើយក៏ស្គាល់មនុស្សទាំងអស់ នៅក្នុងផែនដី ទាំងស្រុង គ្មានកន្លែងចន្លោះ។ ស្តេចដាវីឌ ដែលជាអ្នកនិពន្ធបទគម្ពីរទំនុកដំកើង មានការស្ងប់ស្ងែងចំពោះព្រះ ពេលដែលទ្រង់បានពិចារណា អំពីកិច្ចការដែលព្រះហស្តព្រះអង្គបានធ្វើ ដូចជាការបង្កើតផ្ទៃមេឃ ព្រះច័ន្ទ និងផ្កាយ(ទំនុកដំកើង ៨:៣)។ ទ្រង់ឆ្ងល់ថា “តើមនុស្សជាអ្វី ដែលព្រះទ្រង់នឹករឭកដល់គេ ហើយកូនមនុស្សផង ដែលទ្រង់ប្រោសដូច្នេះ”(ខ.៤)។
ព្រះទ្រង់ស្គាល់អ្នកច្បាស់ជាងនរណាទាំងអស់ ហើយព្រះអង្គយកព្រះទ័យទុកដាក់ចំពោះអ្នក។ យើងគ្រាន់តែអាចឆ្លើយតបថា “ឱព្រះយេហូវ៉ា ជាព្រះអម្ចាស់នៃយើងខ្ញុំអើយ ព្រះនាមទ្រង់ប្រសើរគ្រប់លើផែនដី”(ខ.១,៩)។—Anne Cetas